ភ្នំពេញៈ តម្រូវការ និង​តម្លៃ​ឃ្លាំង​ជួល​ដើមឆ្នាំ​ ២០២១ នេះ​បាន​រក្សា​ភាព​ប្រហាក់ប្រហែល ឆ្នាំ​ ២០២០ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​រួមទាំង​កម្ពុជា​កំពុងផ្តល់​ពន្លឺ​ជា​វិជ្ជមាន​សម្រាប់​ទីផ្សារ​នេះ​។ នេះ​បើតាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី តាំង ហួរ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា តម្រូវការ​ឃ្លាំង​ជួល​នា​ដើមឆ្នាំ​នេះ​គឺ​នៅមាន​ភាពល្អ​ប្រសើរ ទាំង​ការជួល​ឃ្លាំង​ធ្វើជា​កន្លែង​ស្តុក​ទំនិញ បើក​ភោជនីយដ្ឋាន និង​ធ្វើជា​កន្លែង​លក់​យានយន្ត​ជាដើម​។ លោកស្រី​បន្តថា​ជាមួយ​គ្នា​នេះ​តម្លៃ​របស់​វា​ក៏​មិនមាន​ការប្រែប្រួល​ទេ​​នាពេលនេះ​បើ​ធៀប​ទៅនឹង​ដើមឆ្នាំ​ ២០២០​។

លោកស្រី​ថ្លែងថា​៖ «​ទោះជា​ទីផ្សារ​នេះ​នៅតែ​រក្សាបាន​នូវ​ដំណើរការ​ល្អប្រសើរ ក៏ប៉ុន្តែ​ក៏មាន​ម្ចាស់​ឃ្លាំង​មួយចំនួន​បានធ្វើការ​បញ្ចុះតម្លៃ​លើ​ការជួល​ខ្លះៗ​ដែរ​»​។

បើ​យោងតាម​លោកស្រី តាំង ហួរ មូលហេតុ​ដែល​ទីផ្សារ​នេះ​មិនសូវ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ដូច​ទីផ្សារ​ខុនដូ និង​អាផាតមិន ព្រោះ​វា​មិន​ពឹងផ្អែក​ខ្លាំង​លើ​ចំនួន​ភ្ញៀវ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​ទេ​។

បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ ឃ្លាំង​ជួល​មាន​តម្លៃ​ជា​មធ្យម​ពី ២ ​ទៅ​ ៥ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ សម្រាប់​រយៈពេល​ ១ ​ខែ​ ដោយ​អាស្រ័យ​ទៅលើ​ទីតាំង ផ្លូវ និង​ស្ថានភាព​ឃ្លាំង​នីមួយៗ​។ ការធ្វើ​កិច្ចសន្យាជួល​អាចមាន​រយៈពេល​ជា​មធ្យម ៥ ​ឆ្នាំ​។ នេះ​បើតាម​លោកស្រី តាំង ហួរ​។

លោកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិការ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia និយាយថា ទីផ្សារ​ឃ្លាំង​ជួល​នៅ​ភ្នំពេញ​នាពេលនេះ​គឺ​ល្អប្រសើរ​ជាធម្មតា ប៉ុន្តែ​អាចមាន​ការធ្លាក់​តម្លៃ​ខ្លះ​នៅតាម​បណ្តា​ខេត្ត​។ លោកស្រី​បន្តថា ស្ថានភាព​នេះ​ធៀប​នឹង​ដើមឆ្នាំ​ ២០២០ គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ ប៉ុន្តែ​វា​នឹងមាន​សម្ទុះ​ឡើងវិញ​នៅ​ចុងឆ្នាំ​ ២០២១ នេះ​។ លោកស្រី​បន្តថា ជាទូទៅ​ឃ្លាំង​ដែល​មាន​តម្រូវការ​ខ្ពស់​គឺ​ត្រូវមាន​ទំហំ​ចាប់ពី ១ ០០០ ​ម៉ែត្រការ៉េ​ឡើងទៅ​។

លោកស្រី​និយាយ​ថា​៖ «​ខ្ញុំ​គិតថា ទីផ្សារ​នេះ​នឹង​មាន​ភាពមមាញឹក​ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ ​នេះ ព្រោះ​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ នឹងធ្វើ​ឱ្យ​ចំនួន​វិនិយោគិន​ពី​ប្រទេស​នីមួយៗ​កើនឡើង​។ នៅពេល​មាន​កំណើន​វិនិយោគ តម្រូវការ​ឃ្លាំង​នឹង​កើនឡើង​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​លោក ហុង វណ្ណៈ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​ថ្មីៗ​នេះ​ថា ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​រួមទាំង​កម្ពុជា កំណើន​នៃ​ការអនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ដៃគូ និង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ រួមទាំង​កំពង់ផែ​ទឹកជ្រៅ​ (​ខេត្ត​ព្រះសីហនុ​) នឹង​ធ្វើឱ្យ​កម្ពុជា​មាន​តម្រូវការ​កន្លែង​ស្តុក​ទំនិញ​កាន់តែច្រើន ពិសេស​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១​។

លោក​និយាយថា​៖ «​គ្រប់​គម្រោង​វិនិយោគ​សុទ្ធតែ​ត្រូវការ​កន្លែង​ស្តុក​ទំនិញ ហេតុនេះ​ទីផ្សារ​នេះ​នឹងមាន​កំណើន​តម្រូវការ​ច្រើន ពិសេស​ពេល​ស្ថានភាព​កូវីដ​ ១៩ ត្រូវបាន​គ្រប់គ្រង​ទាំង​ស្រុង​»៕ LA