នៅពេលនិយាយពីការរីកចម្រើនផ្សារទំនើប គេនិយាយពីកម្លាំងទិញ ប៉ុន្តែនៅកម្ពុជាហាក់មាននិន្នាការផ្ទុយគ្នាស្របពេលដែលទំហំ និងតម្រូវការផ្សារទំនើបបានកើនឡើង ប៉ុន្តែបញ្ហាប្រឈមមួយចំនួនក៏បានលេចឡើងព្រមគ្នាផងដែរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថាគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំនេះផ្សារទំនើបនៅទីក្រុងភ្នំពេញមានចំនួន ៣៩ ក្នុងនោះ ៣១ បានបញ្ចប់គម្រោងរបស់ខ្លួន និងដាក់ឲ្យដំណើរការ និងមានទំហំសរុបចំនួនជាង ១,១ លានម៉ែត្រការ៉េ ក្នុងនោះផ្សារទំនើបលំដាប់ A មានទំហំជាង ៨០ ម៉ឺនម៉ែត្រការ៉េ ផ្សារទំនើបកម្រិត B មានទំហំជាង ២៤ ម៉ឺនម៉ែត្រការ៉េ និងផ្សារទំនើបកម្រិត C មានទំហំ ៧៥៦០១ ម៉ែត្រការ៉េ។
ការសិក្សាដដែលបានរកឃើញថាអត្រាប្រើប្រាស់ផ្សារទំនើបបានកើនឡើងចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងឆមាសទី ១ ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតម្លៃជួលមានការប្រែប្រួលតិចតួចប៉ុណ្ណោះដោយតម្លៃជួលផ្សារកម្រិត A មានតម្លៃចន្លោះ ៣៥ ទៅ ៤០ ដុល្លារកម្រិត B មានតម្លៃចន្លោះពី ២៥ ទៅ ៣០ ដុល្លារ និងកម្រិត C មានតម្លៃចន្លោះពី ១២ ទៅ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការសិក្សាដដែលបានបញ្ជាក់ឲ្យដឹងថាជាមួយនឹងកំណើននៃការកើនឡើងនូវវត្តមានផ្សារទំនើបនេះបានធ្វើឲ្យប៉ះពាល់ដល់ការលក់រាយនៅតាមផ្សារប្រពៃណីក្នុងស្រុកនានាផងដែរដូចជាផ្សារអូឡាំពិក អូរឬស្សី ផ្សារធំថ្មី និងផ្សារទួលទំពូងជាដើម។
ការថមថយនូវការលក់នេះដោយសារក្រុមហ៊ុនធំៗរបស់ថៃ និងក្រុមហ៊ុនដទៃទៀតបានពង្រីកការលក់ផលិតផលរបស់ពួកគេដល់តាមបណ្តាស្រុកនៅតាមខេត្តនានាដែលធ្វើឲ្យចំនួនអ្នកមកទិញទំនិញនៅក្រុងភ្នំពេញបានធ្លាក់ចុះផងដែរ។
លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារនេះថាផ្សារទំនើបធំៗជាច្រើនទៀតនឹងបើកដំណើរការនៅឆ្នាំ ២០១៨ ខាងមុខដូចជាផ្សារ Parkson Mall, AEON Mall2, Olympia Plaza, MaKro និង្សារទំនើបក្នុងគម្រោង The Bridge ជាដើម។
លោកបន្តថា ការកើនឡើងនូវវត្តមានផ្សារទំនើបទាំងនេះបាននិងកំពុងធ្វើឲ្យផ្សារតូចៗដូចជា ផ្សារសុវណ្ណា រតនាផ្លាហ្សា CITY Mall និងផ្សារមួយចំនួនទៀតប្រឈមមុខនឹងការបាត់បង់អតិថិជន។
លោកបន្តថា៖ «តម្រូវការផ្សារទំនើបកើនឡើងដោយសារការមកដល់នូវផលិតផលល្បីៗ ប៉ុន្តែកម្លាំងទិញនៅតាមផ្សារទំនើបមិនមានការប្រែប្រួលជាដុំកំភួននោះទេ»។ លោកបន្តថា៖ «ការកើនឡើងនូវផ្សារទំនើបកាន់តែច្រើន ក៏មានការព្រួយបារម្ភផងដែរដោយសារការផ្គត់ផ្គង់ហាក់លើសតម្រូវការធៀបនឹងកម្លាំងនៃការទិញរបស់ប្រជាជនក្នុងស្រុក»។
លោក ប៉ែន សុខគា បានបន្តថាចំនួនប្រជាពលរដ្ឋនៅក្រុងភ្នំពេញ និងជនបរទេសមករស់នៅ និងធ្វើការនៅក្រុងភ្នំពេញបានជួយដល់ផ្សារទំនើបទាំងនោះ ប៉ុន្តែផ្សារទំនើបទាំងនោះមិនសូវមានភាពទាក់ទាញភ្ញៀវទេសចរជួយច្រើននោះទេដោយសារចំនួនភ្ញៀវទេសចរមកទស្សនាក្រុងភ្នំពេញនៅមានកម្រិត។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថាទំហំផ្សារទំនើបនៅកម្ពុជាធៀបនឹងមនុស្សម្នាក់មានទំហំ ០,១ ម៉ែត្រការ៉េ ខណៈប្រទេសថៃមានទំហំ ០,៤ ម៉ែត្រការ៉េធៀបនឹងមនុស្សម្នាក់ដូចគ្នា។
អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានថ្លែងថាតាមធម្មតាអ្នកវិនិយោគធំៗមុនពេលពួកគេមកវិនិយោគនៅកម្ពុជា ពួកគេបានសិក្សាពីតម្រូវការ និងស្ថានភាពទីផ្សារនៅកម្ពុជារួចទៅហើយ ប៉ុន្តែអ្នកនាងបានជំរុញឲ្យអ្នកវិនិយោគទាំងនោះគួរសិក្សាពីទំហំទីផ្សារធៀបនឹងចំនួនមនុស្សសិក្សាពីកម្លាំងនៃការទិញ និងស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។
អ្នកនាងបន្តថា៖ «កម្លាំងទិញនៅតាមផ្សារទំនើបនៅភ្នំពេញមិនទាន់មានការប្រែប្រួលជាដុំកំភួនទេគឺផ្នែកកម្សាន្ត ភេសជ្ជៈ និងអាហារនៅតែមានភាពពេញនិយមជាងគេ»។
ការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបក៏បានបញ្ចូលនូវផ្សារទំនើប Emart របស់ក្រុមហ៊ុនកូរ៉េដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរ៉ូយាល់គ្រុប ដែលគ្រោងវិនិយោគលើទឹកប្រាក់ទំហំ ១២០ លានដុល្លារ និងផ្សារទំនើបរបស់អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីដែលគ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ីស្លាមដំបូងគេនៅកម្ពុជាក្នុងតម្លៃទឹកប្រាក់ ២៥០ លានដុល្លារផងដែរ ប៉ុន្តែផ្សារទំនើបទាំងពីរនេះមិនទាន់ដឹងមានទីតាំងនៅទីណាពិតប្រាកដនៅឡើយទេ។
លោក ហាប់ រិទ្ធី នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបសូរិយាដែលទើបបានបញ្ចប់ការជួសជុលដោយចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកបានថ្លែងថាផ្សារទំនើបនេះបានបញ្ចប់ការជួសជុលហើយនិងគ្រោងបើកសម្ភោធសាជាថ្មីនៅខែតុលា ឬចុងឆ្នាំនេះ។ ការបញ្ចប់ការជួសជុលនេះបានធ្វើឲ្យផ្សារនេះទាក់ទាញនូវផលិតផល និងភោជនីយដ្ឋានល្បីៗកាន់តែច្រើនមកកាន់ទីនេះ។
លោកបន្តថាចំនួនភ្ញៀវមកកាន់ផ្សារនេះកើនឡើង ឬថយចុះលោកមិនអាចនិយាយបានទេព្រោះកំពុងធ្វើការងារជាមួយអ្នកជួលស្តង់ក្នុងផ្សារនេះ។
នៅពេលសួរពីការមកដល់នូវផ្សារទំនើបធំៗ និងការប្រកួតប្រជែងលោក ហាប់ រិទ្ធី បានថ្លែងថា៖ «ផ្សាររបស់យើងផ្តោតលើអតិថិជនក្នុងស្រុកច្រើនជាងតែផ្សារទំនើបធំៗដែលនឹងបើកនៅឆ្នាំក្រោយមានស្តង់ដារអន្តរជាតិ ប៉ុន្តែជាការយល់ឃើញរបស់ខ្ញុំការមកដល់នៃផ្សារទំនើបធំៗកាន់តែច្រើនជារឿងល្អព្រោះវានឹងជួយដល់សេដ្ឋកិច្ចកម្ពុជា»៕