
តម្រូវការអគារការិយាល័យ កើនឡើងខ្ពស់នៅដើមឆ្នាំនេះ។
ការបង្កើតក្រុមហ៊ុនថ្មីៗដែលមានចំនួនកាន់តែច្រើន និងការចូលមកដល់នៃអ្នកវិនិយោគអន្តរជាតិបានធ្វើឲ្យទីផ្សារការិយាល័យឆ្នាំនេះមានកំណើនខ្ពស់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាយិកាក្រុមហ៊ុន Century21 Cam-bodia អ្នកនាង Grace Rachny Fong បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ការចូលមកដល់នៃក្រុមហ៊ុនអន្តរជាតិធំៗ និងកាន់តែច្រើនព្រមទាំងការកើនឡើងក្រុមហ៊ុនក្នុងស្រុក បានធ្វើឲ្យតម្រូវការប្រើប្រាស់អគារការិយាល័យកើនឡើងជាបន្តបន្ទាប់។ អគារការិយាល័យនៅតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មរស់រវើក និងតំបន់ងាយស្រួលក្នុងការស្វែងរកសេវាកម្មផ្សេងៗ មានអត្រាប្រើប្រាស់គ្របដណ្តប់ចន្លោះពី ៨០ ទៅ ៩០ ភាគរយ។
អ្នកនាងបានបញ្ជាក់ថា៖ «ទោះជាមានតម្រូវការកើនឡើងក្តី ប៉ុន្តែតម្លៃការិយាល័យជួលនៅពេលនេះមិនបានកើនឡើងនោះទេ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីទំហំនៃកំណើនតម្រូវការនៅឆ្នាំនេះនោះទេ។
ការស្រាវជ្រាវនាពេលថ្មីនេះបានបង្ហាញថា ការិយាល័យរួមប្រហែលជាង ៩០០០០ ម៉ែត្រការ៉េនឹងចូលក្នុងទីផ្សារក្នុងឆ្នាំនេះ។
លោក Chenyi Chiu នាយកគ្រប់គ្រងទូទៅនៃគម្រោង TK Royal One ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយទើបចាប់ផ្តើមបើកដំណើរការបានថ្លែងថាតម្រូវការការិយាល័យកំពុងកើនឡើងនៅទីផ្សារកម្ពុជា ជាក់ស្តែងរហូតមកទល់ពេលនេះការិយាល័យក្នុងគម្រោងដែលមានទំហំ ៦០០០ ម៉ែត្រការ៉េនេះបានទទួលការជួលប្រមាណ ៤០ ភាគរយហើយ។ ជាមួយគ្នានេះលោករំពឹងថាទីផ្សារនេះនឹងទទួលជោគជ័យដោយសារវាជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានខុនដូចំនួន ១៤៦ យូនីត និងហាងកាហ្វេផងដែរ។
លោកថ្លែងថា៖ «តម្រូវការការិយាល័យកំពុងកើនឡើងនៅកម្ពុជា ប៉ុន្តែការិយាល័យដែលជោគជ័យគួរតែធ្វើឲ្យមានគុណភាព និងសេវាកម្មល្អប្រសើរ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា តម្រូវការការិយាល័យឆ្នាំនេះមានការកើនឡើងក្នុងរង្វង់ ១០ ទៅ ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះដោយសារក្រុមហ៊ុនប្រភេទ SME បានកើតឡើងច្រើន។ កំណើននេះមួយផ្នែកក៏ដោយសារការមកដល់របស់ក្រុមហ៊ុនអន្តរជាតិ ពិសេសក្រុមហ៊ុនមកពីប្រទេសចិន។
លោកមានប្រសាសន៍ថា៖ «ទោះបីជាតម្រូវការកើនឡើង ប៉ុន្តែតម្លៃជួលការិយាល័យមិនកើនឡើងនោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។ លោកបានបន្តថា៖ «ការិយាល័យដែលពេញនិយមជាងគេនៅតែជាការិយាល័យកម្រិត B ដែលមានអ្នកជួលពេញៗ ហើយពេលខ្លះស្ទើរតែរកទីតាំងជួលមិនបានផង»៕