The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ ​នៅ​ក្រុង​ព្រះ​សី​ហ​នុ​នឹង​ធ្លាក់​ចុះ​វិញ​?

តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ ​នៅ​ក្រុង​ព្រះ​សី​ហ​នុ​នឹង​ធ្លាក់​ចុះ​វិញ​?

Content image - Phnom Penh Post
សំណង់អគារ ដែលជាសណ្ឋាគារ និងខុន​ដូ របស់វិនិយោគិនចិន​នៅក្រុងព្រះសីហនុ​ដែលកំពុងស្ថិតក្នុងការ​សាងសង់​។ ហេង ជីវ័ន

តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ ​នៅ​ក្រុង​ព្រះ​សី​ហ​នុ​នឹង​ធ្លាក់​ចុះ​វិញ​?

ខេត្តព្រះ​សី​ហ​នុៈ ​​ តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ​នៅ​​ក្រុង ​ព្រះ​សី​ហ​នុ ​ដែល​បាន​ហក់​​ឡើង​យ៉ាង​ខ្ពស់​ក្នុង​​រយៈ​ពេល​ប្រ​ហែល​​ ១ ​ឆ្នាំ​មក​នេះ​ ​ដោយ​សារ​តែ​លំ​ហូរ​ចូល​នៃ​ជន​ជាតិ​ ចិន ​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ក្នុង​រយៈ​ពេល​ ២-៣ ​ឆ្នាំ​ខាង​មុខ ​ខណៈ​ពេល​សំ​ណង់​ធំ​ៗ​​ ដែល​ភាគ​ច្រើន​ជា​ការ​វិ​និ​យោគ​របស់​ចិន​នឹង​បញ្ចប់​ការ​សាង​សង់​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​អ្នក​ជំ​នាញ​ក្នុង​វិ​ស័​យ​​អ​ច​ល​ន​ទ្រព្យ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

បច្ចុ​ប្បន្ន​​ ទី​តាំង​​សំ​ខាន់​ៗ​ស្ទើរ​​ទាំង​ស្រុង​​​​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​ត្រូវ​បាន​ជួល​យក​​ទៅ​វិ​និ​យោគ​ដោយ​ជន​ជាតិ​ចិន​។ ​​​កាល​​ពី​ ២-៣ ​ឆ្នាំ​មុន​ ផ្ទះ​ ឬ​អ​គារ​ត្រូវ​បាន​​ជួល​ក្នុង​​​តម្លៃ​ពី​ ៥០០​-​១០០០ ​ដុ​ល្លារ​ ប៉ុន្តែ​​ពេល​នេះ​ជន​ជាតិ​ចិន​ហ៊ាន​ឲ្យ​តម្លៃ​រហូត​ដល់​ ៥​ ០០០-៧ ​០០០ ​ដុ​ល្លារ​ក្នុង​ ១ ​ខែ​។

លោក ​នួន​ រិទ្ធី ​នា​យក​ប្រតិ​បត្តិ​​ក្រុម​ហ៊ុន​អ​ច​ល​ន​​ទ្រព្យ Khmer Foundation Appraisals បាន​ប្រាប់​​ថា ការ​កើន​ឡើង​នៃ​ចំ​នួន​អ្នក ​វិ​និ​យោគ​និង​អ្នក​មក​ស្នាក់​នៅ​ជន​ជាតិ​ចិន ​បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ​​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​កើន​ឡើង​យ៉ាង​លឿន​ហួស​ពី​ការ​ស្មាន​ទុក​។​

ការ​កើន​ឡើង​ខ្ពស់​នា​ពេល​នេះ​ដោយ​​សារ​មាន​តម្រូវ​ការ​ខ្ពស់​ពី​ជន​ជាតិ​ចិន​ តែ​ក្នុង​​រយៈ​ពេល​​​ ២-៣ ​ឆ្នាំ​ខាង​មុខ​វា​ប្រា​កដ​ជា​មិន​មាន​កំ​ណើន​តម្លៃ​ខ្ពស់​ដូច​ពេល​នេះ​ទៀត​​ទេ​ ប្រ​សិន​បើ​អត្រា​ជន​ជាតិ​ចិន​នៅ​​រក្សា​ដូច​​បច្ចុ​ប្បន្ន​។​

លោក​ថ្លែង​ថា​៖ «​​តាម​បទ​ពិ​សោធ​ការ​សាង​សង់​​អគារ​ធំ​ៗ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​យើង​​ឃើញ​ថា​ ការ​​​សាង​សង់​សំ​ណង់​​ទាំង​​​នោះ​​ត្រូវ​ការ​ពេល​ចន្លោះ​ពី​​ ២​​-​៣ ​ឆ្នាំ ដើ​ម្បី​បញ្ចប់​គម្រោង​ដូ​ច្នេះ​នៅ​ពេល​នោះ​នឹង​មាន​ការ​ផ្គត់​ផ្គង់​ច្រើន​។ ហេតុ​នេះ​តម្លៃ​ជួល​នឹង​មិន​អាច​កើន​ឡើង​ខ្ពស់​ទៀត​ទេ​​»។

ទោះ​​​យ៉ាង​ណា​នេះ​ក្តី ​លោក​ រិទ្ធី ​​បញ្ជា​ក់​ថា បើ​ការ​ផ្គត់​ផ្គង់​មាន​ដំ​ណើរ​ការ​យឺត​យ៉ាវ​ (ការ​សាង​សង់​មិន​ទាន់​​បញ្ចប់​) នោះ​វា​នឹង​អាច​មាន​ឥទ្ធិ​ពល​សម្រាប់​តម្លៃ​ជួល​ក្នុង​អំ​ឡុង​ពេល​នោះ​ទេ​។

បើ​តាម​ លោក​ រិទ្ធី តម្លៃ​ជួល​ អច​ល​ន​ទ្រព្យ​​នៅ​តំ​បន់​ពា​ណិជ្ជ​កម្ម​ក្នុង​ក្រុង​ព្រះ​សី​​ហ​នុ​នា​ពេល​នេះ​ធៀប​នឹង​ឆ្នាំ​មុន​បាន​កើន​ឡើង​ចន្លោះ​ពី​ ៣០០​-​៥០០ ​ភាគ​រយ​។​

តាម​ការ​ព្យា​ករ​គម្រោង​ទាំង​នោះ​នឹង​​បញ្ចប់​ដាក់​ដំ​ណើរ​ការ​ចាប់​ពី​ឆ្នាំ​ ២០២០ ​ទៅ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​​កន្លែង​ស្នាក់​នៅ​ មជ្ឈ​មណ្ឌល​​​ពា​ណិ​ជ្ជ​កម្ម និង​អគារ​កា​រិ​យា​ល័យ​ជា​ច្រើន​លេច​ឡើង​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​។ ការ​វិ​និ​យោគ​ភាគ​ច្រើន​របស់​ចិន​គឺ​សណ្ឋា​គារ ​អ​គារ​ស្នាក់ និង​កា​សីុ​ណូ​។

លោក​ ឌឹត​ ចណ្ណា ​អគ្គ​នា​យក​ក្រុម​ហ៊ុន​ អ​ច​ល​ន​ទ្រព្យ ​ឡាក់​គី​ រៀល​ធី ក៏​យ​ល់​ឃើញ​ប្រ​ហាក់​ប្រ​ហែល​គ្នា​នេះ​ដែរ​។ លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ​តម្លៃ​ជួល​នឹង​បន្ត​កើន​ឡើង​​​​យ៉ាង​ហោច​ណាស់​​​ ៣ ​ឆ្នាំ​ទៀត​»​។​

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក​អះ​អាង​ថា ​​ក្រុង​ព្រះ​សី​ហ​នុ​​នឹង​​បន្ត​ទទួល​បាន​អ្នក​វិ​និ​យោគ​​ច្រើន​បន្ថែម​ទៀត​​ ដូ​ច្នេះ​តម្លៃ​ជួល​អច​ល​ន​ទ្រព្យ​នៅ​ទី​នោះ​នឹង​​​បន្ត​កើន​ឡើង​ក្នុង​រយៈ​ពេល​យូរ​​​ទៀត​​​។

លោក​​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​វា​ហាក់​ដូច​លឿន​​​ពេក​ក្នុង​ការ​វាយ​តម្លៃ​ពី​ការ​វិ​វឌ្ឍ​នៃ​ទី​ផ្សារ​តម្លៃ​ជួល​អ​ច​ល​ន​ទ្រព្យ​នៅ​ក្រុង​ព្រះ​សី​ហ​​នុ»។

លោក​​​លើក​ឡើង​ថា ជា​រួម​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​ទាំង​មូល​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​ពេល​អ​នា​គត​ នឹង​កាន់​តែ​មាន​សក្តា​នុពល​​​បន្ថែម​ទៀត​ដោយ​សារ​​ទី​នោះ​មាន​លក្ខណ​ពិ​សេស​មួយ​ចំ​នួន​ដូច​ជា​មាន​គម្រោង​អភិ​វឌ្ឍន៍​ច្រើន​ មាន​កំពង់​ផែ​ទឹក​ជ្រៅ មាន​ព្រ​លាន​យន្ត​ហោះ​ តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ ផែន​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​រាជ​ធា​នី​ភ្នំ​ពេញ​ ពិ​សេស​កម្ពុ​ជា​មាន​ស្ថិរ​ភាព​នយោ​បាយ​ល្អ​ប្រ​សើរ​។​

បច្ចុ​ប្បន្ន​​តាម​ផ្លូវ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ គេ​ឃើញ​​​​ហាង​ដាក់​យី​ហោ​ជា​ភា​សា​ចិន​ជា​ច្រើន​ព្រោង​ព្រាត​ដែល​មាន​ដូច​ជា​ ហាង​​​ទំ​និញ​ ហាង​​​​លក់​អា​ហារ ហាង​កាត់​សក់​ ម៉ា​ស្សា និង​មន្ទីរ​ព្យា​បាល​ជា​ដើម​ ដែល​ធ្វើ​ឲ្យ​ទី​នោះ​​ប្រៀប​ដូច​ជា​ទី​ក្រុង​ចិន​។

អតីត​ម្ចាស់​ហាង​កា​ហ្វេ មួយ​កន្លែង​នៅ​ជិត​ផ្សារ​លើ​ ក្រុង​ព្រះ​សី​ហ​នុ ​លោក​ មាស ​វិ​ចិត្រ បាន​និ​យាយ​ថា​ បច្ចុ​ប្បន្ន​​លោក​ជួល​ទី​តាំង​បន្ត​ទៅ​ឲ្យ​ជន​ជាតិ​ចិន​ក្នុង​តម្លៃ​ជួល​ ២ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ ដែល​កើន​ឡើង​​ពី​តម្លៃ​ ៥០០ ​ដុ​ល្លារ​។

លោក​បាន​ប្រាប់​ថា៖ «​ដោយ​សារ​​​ចិន​​ឲ្យ​តម្លៃ​ជួល​ខ្ពស់ ខ្ញុំ​ក៏​​​ជួល​ហាង​បន្ត​ទៅ​ឲ្យ​ពួក​គេ​រហូត​អស់​កុង​ត្រា​តែ​ម្តង​»​​។

លោក​បន្ត​ថា៖ ​«​អ្នក​ជួល​បន្ត​ពី​ខ្ញុំ​គេ​ហ៊ាន​ជួល​ក្នុង​តម្លៃ​ខ្ពស់ ដោយ​សារ​គេ​មាន​ភ្ញៀវ​ជន​ជាតិ​ចិន​ច្រើន។ ជន​ជាតិ​ចិន ​គេ​និ​យម​ប្រើ​ប្រាស់ ឬ​ទិញ​ផលិត​ផល​តែ​របស់​ចិន​តែ​ប៉ុណ្ណោះ​​​»៕LA

អត្ថបទគួរចាប់អារម្មណ៍