ភ្នំពេញៈ តម្លៃដីនៅក្នុងខណ្ឌសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញបានស្ថិតនៅទ្រឹងក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ដោយសារតម្លៃដីក្នុងសង្កាត់មួយចំនួនបានឈានដល់កម្រិតខ្ពស់រួចទៅហើយ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវស្តីពីតម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត។
របាយការណ៍ស្រាវជ្រាវដែល ភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃម្សិលមិញ បង្ហាញថា គិតចាប់ពីដើមឆ្នាំ ២០១៨ រហូតដល់ដំណាច់ខែមិថុនា តម្លៃដីនៅក្នុងខណ្ឌសំខាន់ៗទាំង ៤ ក្នុងរាជធានីភ្នំពេញបានបង្ហាញពីកំណើនតិចតួច បើធៀបទៅនឹងឆមាសទី ២ ឆ្នាំ ២០១៧។
ការសិក្សាខាងលើរកឃើញថា គិតត្រឹមដំណាច់ឆមាសទី ១ ដីក្នុងខណ្ឌចំការមន ស្ថិតក្នុងតម្លៃចន្លោះពី ១៥០០ ដុល្លារ ទៅដល់ ៩៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈខណ្ឌដូនពេញ មានតម្លៃចន្លោះពី ២ ០០០ ដុល្លាររហូតទៅដល់ ១២០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដែលតម្លៃនេះស្ថិតនៅទ្រឹង បើធៀបនឹងឆមាសទី ២ ឆ្នាំ ២០១៧។
បើទោះជាយ៉ាងនេះក្តី ខណ្ឌចំនួន ២ ផ្សេងទៀតបានបង្ហាញពីកំណើនតិចតួច ក្នុងនោះដីនៅក្នុងខណ្ឌ ៧ មករា មានតម្លៃចន្លោះពី ២២០០ ដុល្លារ ដល់ ៧៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ខណៈតម្លៃដីនៅក្នុងខណ្ឌទួលគោកក្នុងអំឡុងពេលនេះស្ថិតនៅក្នុងចន្លោះពី ១៧០០ ដុល្លារទៅដល់ ៥០០០ ដុល្លារ ដែលកើនឡើងចន្លោះពី ៥ ទៅ ១០ ភាគរយ បើធៀបនឹង ៦ ខែចុងក្រោយនៃឆ្នាំ ២០១៧។
លោក សន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ខណ្ឌទួលគោក នៅមានចន្លោះច្រើនសម្រាប់កំណើនបើធៀបនឹងខណ្ឌសក្តានុពលផ្សេងៗទៀតនៅកណ្តាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «នៅក្នុងចំណោមខណ្ឌទាំង ៤ ទួលគោកគឺជាកន្លែងដែលមានកំណើនតម្លៃដីខ្ពស់ជាងគេ ដោយសារតំបន់បឹងកក់ ពោងពាយ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងសាងសង់»។
ទោះយ៉ាងនេះក្តី លោក សន សៀប អះអាងថា បើគិតពីតម្លៃដីក្នុងរាជធានីភ្នំពេញទាំងមូល គឺមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ដែលភាគច្រើនស្ថិតនៅតំបន់ជាយក្រុង។
លោក សៀប ថ្លែងថា ទោះបីជាឆ្នាំនេះកម្ពុជាត្រូវរៀបចំ ការបោះឆ្នោតក៏ដោយក៏សកម្មភាពទិញលក់ដីក្នុងឆមាសទី ១ ឆ្នាំនេះមិនមានការប្រែប្រួលទេ ដោយរក្សាបានភាពទ្រឹង ខណៈលោកមានសុទិដ្ឋិនិយមសម្រាប់ឆមាសទី ២ ឆ្នាំនេះ។
លោកបន្តថា៖ «តម្លៃដីនឹងកើនឡើងបន្ថែមទៀត ប៉ុន្តែមិនច្រើននោះទេ ព្រោះអ្នកវិនិយោគភាគច្រើននឹងរង់ចាំមើលពីគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលជាមុនសិន»។
លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ថោន ស៊ីធី បានឲ្យដឹងថា ភាពនៅទ្រឹង និងការកើនឡើងតិចតួច អាចដោយសារកត្តាចម្បង ២ គឺតម្លៃបានឡើងដល់ចំណុចខ្ពស់រួចទៅហើយ និងមួយទៀតទីតាំងដីល្អសម្រាប់ការជួញដូរក៏មិនសូវសម្បូរផងដែរ។
លោកនិយាយថា៖ «តម្លៃដីកណ្តាលក្រុងកើនតិចណាស់ ហើយការទិញលក់ ក៏មិនសូវមានច្រើននោះទេ ខុសពីនៅតំបន់ជាយក្រុងដែលមានភាពមមាញឹកខ្លាំងនាពេលនេះ»។
លោក មាស វិចិត្រ ជាឈ្មួញដីធ្លីក្រៅផ្លូវការ ១ រូប បានប្រាប់ថា ក្នុងឆ្នាំ ២០១៨ នេះលោកសង្កេតឃើញថា សកម្មភាពនៃការទិញលក់អចលនទ្រព្យនៅតែមានភាពល្អប្រសើរ ដោយមិនដូចកាលពីពេលបោះឆ្នោតឆ្នាំ ២០១៣ នោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថាតម្លៃដីក្នុងក្រុងនាប៉ុន្មានខែចុងក្រោយនេះមិនបានប្រែប្រួលនោះទេ តែការទិញលក់ក៏មិនសូវមានច្រើនដែរ»។
បច្ចុប្បន្ននេះតម្រូវការដីនៅចំណុចកណ្តាលក្រុងភាគច្រើន គឺសម្រាប់ការសាងសង់គម្រោងធំៗដូចជា ខុនដូ អាផាតមិន ការិយាល័យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៕