ភ្នំពេញៈ តម្លៃ​ដី​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ដែល​នេះ​ជា​កំណើន​ដ៏ទាប​បំផុត​ក្នុង​រយៈពេល ១ ​ទសវត្សរ៍​ចុងក្រោយ ខណៈ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ គឺជា​ហេតុផល​សំខាន់​តែមួយគត់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ទិញ-លក់​។ នេះ​បើតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia កាលពីពេល​ថ្មីៗ​នេះ​ឲ្យ​ដឹងថា តម្លៃ​ដី​នៅតាម​បណ្តា​ខណ្ឌ​នៅ​ភ្នំពេញ​នា​ដំណាច់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​បាន​ស្ថិតនៅ​ទ្រឹង​សម្រាប់​តំបន់​នៅ​កណ្តាល​ក្រុង និង​មាន​ការប្រែប្រួល​តិចតួច​សម្រាប់​តំបន់​ជាយក្រុង បើ​ធៀប​ទៅ​នឹង​ដើម​ឆ្នាំ​ ២០២០​។

របាយការណ៍​បាន​បង្ហាញថា កាលពី​ចុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ដី​នៅក្នុង​ខណ្ឌ​សំខាន់ៗ​នៅ​កណ្តាល​ក្រុងភ្នំពេញ​រួមមាន​ខណ្ឌដូនពេញ ចំការមន និង​ខណ្ឌ​បឹងកេងកង មាន​តម្លៃ​ជា​មធ្យម ៥ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ក្នុង​ខណ្ឌ ៧ ​មករា មាន​តម្លៃ ៥ ០០០ ​ដុល្លារ​។ តម្លៃ​ទាំងអស់​នេះ​គឺ​រក្សា​នៅ​ដដែល​បើ​ធៀប​ទៅនឹង​ដើម​ឆ្នាំ​ ២០២០​។ ខណៈដី​នៅ​ខណ្ឌទួលគោក និង​សែន​សុខ​បាន​កើនឡើង​ប្រមាណ ២ ​ភាគរយ​ដោយ​មាន​តម្លៃ​ជា​មធ្យម​រៀង​គ្នា ៣ ៥៥០ ​ដុល្លារ និង ១ ៤២៥ ​ដុល្លារ កើន​ពី ៣ ៥០០ ​ដុល្លារ និង ១ ៤០០ ​ដុល្លារ​។

ចំណែក​ដី​ក្នុង​ខណ្ឌ​មួយចំនួន​ទៀត​ដូចជា ខណ្ឌឫស្សីកែវ រក្សា​តម្លៃ​ដដែល ១ ២៥០ ​ដុល្លារ និង​ខណ្ឌ​ជ្រោយចង្វារ​តម្លៃ ១ ១៥០ ​ដុល្លារ​។ ដោយឡែក​ខណ្ឌ​ផ្សេងៗ​ទៀត​ដូចជា ខណ្ឌដង្កោ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ព្រែកព្នៅ និង​ខណ្ឌ​កំបូល​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១៥០​ ដុល្លារ​ ទៅ​ដល់ ៥០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា ពិសេស​ក្នុង​ក្រុងភ្នំពេញ​ដែលជា​កន្លែង​ទទួល​បាន​ការបណ្តាក់ទុន​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស​នោះ​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ឥទ្ធិពល​នៃ​ការរាតត្បាត​ជំងឺ​ផ្តាសាយ​សកល​។

កូវីដ​ ១៩ បាន​ធ្វើឲ្យ​ការធ្វើដំណើរ​របស់​អ្នកវិនិយោគ​ធំៗ​ពី​បរទេស​មក​កម្ពុជា​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ហេតុនេះ​សកម្មភាព​ទិញ លក់​ដី ក៏​ត្រូវ​ជាប់គាំង​តាម​នោះដែរ​។ អ្នកស្រី​បន្តថា មិន​ត្រឹមតែ​ទីផ្សារ​ទិញ-លក់​ដីធ្លី​ទេ​ដែល​ជាប់គាំង សូម្បីតែ​សកម្មភាព​នៃ​ដំណើរការ​គម្រោង​មួយ​ចំនួន​ក៏ត្រូវ​ពន្យារពេល​ផងដែរ​នាពេលនេះ​។

អ្នកស្រី​ថ្លែងថា​៖ «​នេះ​ជា​ស្ថានភាព​ដែល​តម្លៃ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​មាន​កំណើន​តិចតួច​បំផុត​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​»​។

អ្នកស្រី​បន្តថា កត្តា​ដែល​ធ្វើឲ្យ​តម្លៃ​ដី​តាម​ខណ្ឌ​នៅ​ជាយក្រុង​កើនឡើង​ខុសពី​តំបន់​កណ្តាល​ក្រុង ដោយសារ​តែ​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​នៅ​ទីនោះ ហើយ​ទីនោះ​ក៏​កំពុង​តែ​ទាក់ទាញ​អ្នក​អភិវឌ្ឍន៍​ឲ្យ​ទៅ​វិនិយោគ​នៅ​ទីនោះ​ផងដែរ​។

អ្នកស្រី​បាន​អះអាង​ថា​៖ «​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កំពុង​ធ្វើឲ្យ​ដី​កសិកម្ម​នៅ​ជាយក្រុង​ក្លាយ​បន្តិច​ម្តងៗ​ទៅជា​តំបន់​លំនៅឋាន តំបន់​ឧស្សាហកម្ម មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រោងចក្រ សហគ្រាស​ជាដើម​»​។

លោក ឌឹត ចណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​ឲ្យ​ដឹងថា ចាប់ពី​ដើម​ឆ្នាំ​ ២០២០ រហូត​មក​ដល់​ពេលនេះ​តម្លៃ​ដី​ក្នុង​ក្រុងភ្នំពេញ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ ដោយ​កន្លែង​ខ្លះ​នៅ​ទ្រឹង និង​កន្លែង​ខ្លះ​បាន​កើនឡើង​តិចតួច​។

លោក​បន្តថា មាន​កត្តា​ធំៗ​ចំនួន ៣ ​ដែល​មាន​ឥទ្ធិពល​ចំពោះ​ទីផ្សារ​នេះ​រួមមាន ការធ្លាក់ចុះ​នៃ​ចំនួន​វិនិយោគិន​ជនជាតិ​ចិន​នៅ​កម្ពុជា ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការជាប់គាំង​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ថ្លែងថា​៖ «​តម្លៃ​ដី​ក្នុង​ភ្នំពេញ​មិន​កើនឡើង​ច្រើន​ទេ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ​បើ​ធៀប​នឹង​ចុងឆ្នាំ​មុន ប៉ុន្តែ​វា​នឹងមាន​កំណើន​ឡើងវិញ​ខ្លះ​ក្នុង​ឆមាស​ទី​ ២ នេះ ព្រោះ​សកម្មភាព​ទិញ​លក់​បាន​ចាប់ផ្តើម​មាន​វិញ​ខ្លះៗ​ហើយ​»​។

តាម​លោក ចណ្ណា តម្លៃ​ដី​នៅ​ភ្នំពេញ​ដែល​កំពុង​កើន​ពេល​នេះ គឺ​ស្ថិតនៅ​ភាគ​ខាងត្បូង ឬ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​៕ LA