ភ្នំពេញៈ តម្លៃ​ដី​នៅ​ខណ្ឌ​ចំនួន​ ៣ នៅ​ទីក្រុង​ភ្នំពេញ​បាន​ហក់​ឡើង​ខ្ពស់​ក្នុង​អំឡុងពេល​ ៦ ​ខែ​ដំបូង​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀលអ៊ីសស្ដេត​។

របាយការណ៍​បង្ហាញ​ថា តម្លៃ​ដី​នៅ​ខណ្ឌ​ព្រែកព្នៅ​កើន​ជាង​ ២៦ ​ភាគរយ​នៅ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​នេះ​ចាប់ពី ២៨០ ដុល្លារ​ទៅ​ ១ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​ដល់​​ ៣០០ ដុល្លារ​ទៅ​ ១ ៧០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ខណៈ​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ខណ្ឌដង្កោ​មើល​ឃើញ​តម្លៃ​ដី​កើនឡើង​ដល់ ២ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក សន សៀប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន ឃី រៀលអ៊ីសស្ដេត បាន​ឲ្យ​ដឹង​ថា ខណៈ​តម្លៃ​នៅ​ខណ្ឌ​ទាំង​ ៣ ​កំពុង​កើនឡើង​យ៉ាងរហ័ស​ តម្លៃ​ដី​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​រក្សា​ដដែល​ធៀប​នឹង​ឆ្នាំ​មុន​។

លោក​ឲ្យ​ដឹង​ថា​ការកើនឡើង​តម្លៃ​នៅ​ខណ្ឌ​ ២ គឺ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​ដង្កោ ដោយសារ​តែ​ជា​តំបន់​ភ្ជាប់​ទៅ​នឹង​គម្រោង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​ ៣​។

លោក​ថ្លែង​ថា​៖ «​ព្រែកព្នៅ​កំពុង​ក្លាយ​ជា​ចំណុច​ដ៏ពេញនិយម​នៃ​ការវិនិយោគ ដោយសារ​តែ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​នេះ​នៅ​ជិត​នឹង​ខ្សែ​ក្រវាត់ក្រុង ផ្លូវជាតិ​លេខ​ ៥១ និង​ស្ថានីយ​ផ្លូវដែក​នៅ​ផ្សារ​បាត់ដឹង​»​។

លោក​បន្ថែម​ថា ខណ្ឌ​ដង្កោ​ថ្មីៗ​នេះ​កំពុង​អភិវឌ្ឍ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​ ៣ មហាវិថី ហ៊ុន សែន នឹង​ជា​អគារ​លំនៅឋាន​ថ្មី ខណៈ​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​អ៊ីអន​ ៣ ក៏​ស្ថិត​ក្នុង​ខណ្ឌ​នេះ​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ការពង្រីក​ទីក្រុង​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​កំពុង​កើនឡើង​នៅ​ក្រៅ​តំបន់​ទីក្រុង​នេះ​»​។

របាយការណ៍​បង្ហាញ​ថា ខណ្ឌ​ច្បារអំពៅ​គឺ​ខណ្ឌ​មាន​តម្លៃ​ខ្ពស់​បំផុត​ស្ថិត​ក្នុង​ចំណោម​ខណ្ឌ​ទាំង​ ៣ ដែល​មើលឃើញ​តម្លៃ​ដី​កើនឡើង​ជិត​ ១៥ ​ភាគរយ​ក្នុង​រយៈពេល​ ៦ ​ខែ​នៅ​ឆ្នាំ​នេះ​។

ដី​នៅក្នុង​ខណ្ឌ​នេះ​គឺ​នៅ​សង្កាត់​ព្រែកប្រា និង​សង្កាត់​ព្រែកឯង​តម្លៃ​ដី​ចន្លោះ​ពី​ ៣០០ ទៅ​ ១០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ខណៈ​សង្កាត់​ច្បារអំពៅ​ ១ និង​ច្បារអំពៅ​ ២ តម្លៃ​ដី​ជា​មធ្យម​នៅ​ចន្លោះ​ពី​ ១៣០០ ​ដុល្លារ​ទៅ​ ៣ ២០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

របាយការណ៍​ឲ្យ​ដឹង​ថា​ការពង្រីក​បុរី​ប៉េងហួត​នៅ​លើ​ផ្ទៃដី​ ២០០ ​ហិកតា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​ទៅ​តំបន់​នេះ​ដែល​កំពុង​ជំរុញ​តម្លៃ​ឲ្យ​កើនឡើង​។

លោក ប៉ូ អ៊ីវគង់ អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Advance Real Estate Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា តម្លៃ​ដី​កំពុង​កើនឡើង​នៅក្នុង​ខណ្ឌ​ទាំង​ ១២ ជាពិសេស​ផ្លូវ​តំបន់​ដែល​ជាប់​នឹង​គម្រោង​ខ្សែ​ក្រវាត់ក្រុង​។

លោក​ថ្លែង​ថា​៖ «​កំណើន​សេដ្ឋកិច្ច​ប្រហែល​ ៧ ​ភាគរយ ការកើនឡើង​នៃ​ការវិនិយោគ​បរទេស​លើ​អចលនទ្រព្យ​ដូចជា​មកពី​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ជប៉ុន និង​តម្រូវការ​ពី​ប្រជាជន​ក្នុង​ស្រុក​សម្រាប់​ការសង់​ផ្ទះ និង​គម្រោង​បុរី​គឺជា​មូលហេតុ​នៅ​ពី​ក្រោយ​ការកើនឡើង​នេះ​»​។

ក្នុង​អំឡុង​ពេល​នេះ​តម្លៃ​ដី​នៅ​ខណ្ឌ​ផ្សេង​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ដូចជា​ខណ្ឌ​ដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ចំការមន ខណ្ឌ​ទួលគោក មាន​តម្លៃ​ជា​មធ្យម​ពី ៥ ០០០ ​ដុល្លារ​ទៅ​ ១២ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន ឃី រៀលអ៊ីសស្ដេត​៕LA