ក្រុងបាងកកៈ ​ក្រុម​អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​បាន​ឲ្យ​ដឹងថា តម្លៃ​ដី​នៅ​ទីក្រុង​បាងកក​នៅ​ឆ្នាំនេះ​ត្រូវ​បាន​រំពឹងថា​នឹង​នៅ​ថេរ ឬ​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ១ ទសវត្សរ៍​ដែល​មួយ​ផ្នែកធំ​ដោយសារ​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច និង​​ពន្ធ​លើ​ដី​ធ្លី និង​អគារ​ដែល​​គ្រោង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ។

អ្នកស្រី Aliwassa Path-nadabutr នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ CBRE Thailand បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា មាន​ការកើនឡើង​ចំនួន​ម្ចាស់​ដី​ដែល​មាន​ស្តុក​ដី​ធំៗ​ដាក់លក់​។

អ្នកស្រី​ថ្លែងថា​៖ «​ម្ចាស់​ដី​មួយ​ចំនួន​ដែល​មិន​ធ្លាប់​គិតថា​នឹង​ដាក់​លក់​ដី​របស់ខ្លួន​អាច​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​។ ពួកគេ​កំពុង​ដាក់លក់​ដី​ក្នុង​លក្ខណៈ​មួយ​ដែល​មាន​ការចរចា​តម្លៃ​ខ្លាំង​ជាង​មុន ឬ​តម្លៃ​បត់បែន​ខ្លាំង​ជាង​មុន​»​។

លោក Peerapong Jaroonek ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Origin Property Plc ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ថៃ​បាន​ថ្លែងថា ម្ចាស់​ដី​មួយ​ចំនួន​បាន​ងាក​មករក​ក្រុមហ៊ុន​របស់​លោក ដើម្បី​ចាប់ផ្តើម​ការចរចា​ទិញ​លក់​ដី​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ដី​ជាច្រើន​កន្លែង​ត្រូវ​បាន​ដាក់លក់​មក​ឲ្យ​យើង​។ ដី​មួយកន្លែង​នៅលើ​ផ្លូវ Surawongse ដែល​ធ្លាប់​មាន​តម្លៃ ៧ សែនបាត​ក្នុង​ ១ ​វ៉ាការ៉េ​ (៤ ម៉ែត្រការ៉េ​) តែ​ឥឡូវ​ដាក់លក់​ក្នុង​តម្លៃ​​ ៥ ​សែន​បាត​»​។

អ្នកស្រី Aliwassa បាន​ថ្លែងថា ម្ចាស់​ដី​មួយ​ចំនួន​បានផ្តល់​ជម្រើស​ជួល​ដី​ជំនួស​វិញ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថ្មី​ដែល​កើត​ចេញ​ពី​ពន្ធ​ដែល​នឹង​ចូល​ជាធរមាន​នៅ​ពេល​ខាង​មុខ​។

យោងតាម​ច្បាប់​ស្តីពី​ពន្ធ​ដីធ្លី​ និង​អគារ អត្រាពន្ធ​សម្រាប់​ដី​ទំនេរ និង​មាន​ចាប់ពី ០,៣ ទៅ ០,៧ ភាគរយ​ដោយ​មាន​ការកើនឡើង ០,៣ ភាគរយ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ម្តង ។ សម្រាប់​ដី​ទំនេរ​ទំហំ​ ១ ​រ៉ៃ​ (១ ៦០០ ​ម៉ែត្រការ៉េ​) ​នៅ​តាម​ផ្លូវ Phloenchit អត្រាពន្ធ​នឹងមាន​ចំនួន ២ ​លាន​បាត​ក្នុង​ ១ ​ឆ្នាំ​។

ដោយសារ​មាន​ដី​ជាច្រើន​ដាក់​លក់​ក្នុង​តម្លៃ​ចរចា​កាន់តែ​ខ្លាំង​តម្លៃ​ដី​ក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ពី​ ៥ ទៅ ១០ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន ឬ​នឹងមាន​តម្លៃ​ថេរ ជា​លើកដំបូង​គិត​ចាប់ពី​ឆ្នាំ ២០០៩ ​មក បន្ទាប់ពី​មាន​វិបត្តិ Hamburger​។ នេះ​បើ​យោង​តាម​អ្នកស្រី Aliwassa​។

យោង​តាម​ក្រុមហ៊ុន CBRE កំណើន​តម្លៃ​ដី​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​មាន​ប្រហែល ២ ​ទៅ​ ៣ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ និង​ពី​ ៥ ​ទៅ​ ៦ ​ភាគរយ​សម្រាប់​ទីក្រុង​​បាងកក​។ តម្លៃ​ដី​នៅក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង​ជាង ១០ ភាគរយ​នៅក្នុង​ ១ ​ឆ្នាំ​ក្នុង​អំឡុងពេល ៧ ឆ្នាំ​ចុងក្រោយ​មកនេះ​។

យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ តម្លៃ​ថ្មី​សម្រាប់​វាយតម្លៃ​ដី​ចូល​ជា​ធរមាន​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ ២០២០​។

តម្លៃ​ថ្មី​សម្រាប់​ការវាយតម្លៃ​ដី​នេះ​មាន​កំណើន​ជា​មធ្យម ២,៤៥ ​ភាគរយ​ក្នុង​ទីក្រុង​បាងកក​ និង ៨,៣៤ ភាគរយ​នៅ​​ទូទាំង​ប្រទេស​ធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​សម្រាប់​ការវាយតម្លៃ​ដី​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​រតនាគារ​៕ KC