
ផ្ទះល្វែងនៅក្នុងខណ្ឌដង្កោរកំពុងសាងសង់មួយ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ លក្ខណៈអំណោយផលដោយសារមានគម្រោងអភិវឌ្ឍន៍លំនៅថ្មីៗជាច្រើនលេចឡើងជាបន្តបន្ទាប់ រួមជាមួយទីតាំងភូមិសាស្ត្រនៅជិតគម្រោងអភិវឌ្ឍន៍ក្រុងរណប ING និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនោះបានធ្វើឲ្យតម្លៃដីធ្លីក្នុងខណ្ឌដង្កោចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កើនឡើងប្រហែល ៣៥ ភាគរយ។
របាយការណ៍ស្រាវជ្រាវប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ដីស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ដែលជាផ្លូវសំខាន់ជាងគេក្នុងខណ្ឌដង្កោមានតម្លៃចន្លោះពី ៤០០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកដីដែលនៅឆ្ងាយៗអាចមានតម្លៃប្រហែល ១០ ដុល្លារ។ កន្លែងដែលមានប្រជាជនរស់នៅច្រើនគឺតំបន់ស្ថិតនៅជាប់ជាមួយសង្កាត់ស្ទឹងមានជ័យ និងបឹងទំពុន ខណ្ឌមានជ័យ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បាននិយាយថាឥទ្ធិពលនៃការរីកចម្រើនដ៏ឆាប់រហ័សនៃតំបន់កណ្តាលក្រុងភ្នំពេញ កំពុងសាយភាយមកដល់តំបន់ជាច្រើននៅក្នុងខណ្ឌដង្កោ។ សង្កាត់ដែលមានការអភិវឌ្ឍលឿនក្នុងខណ្ឌដង្កោគឺសង្កាត់ដង្កោ ព្រៃស និងសង្កាត់ជើងឯក។
លោកបន្តថាបច្ចុប្បន្នខណ្ឌដង្កោបានក្លាយជាតំបន់លំនៅដ៏ធំនៅក្នុងរាជធានីភ្នំពេញដោយមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីជាច្រើននាំគ្នាទៅសាងសង់នៅទីនោះ។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានប្រាប់ថា ខណ្ឌដង្កោគឺជាកន្លែងប្រមូលផ្តុំដោយលំនៅ និងរោងចក្រជាច្រើន។ ទន្ទឹមនឹងមានគម្រោងអភិវឌ្ឍន៍លំនៅកំពុងកើតឡើងច្រើននៅទីនោះកន្លែងពុះដីឡូត៍លក់ក៏មានច្រើនផងដែរ។
ការស្រាវជ្រាវខាងលើបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ ២០១៧ ដង្កោ គឺជាខណ្ឌដែលមានចំនួនលំនៅច្រើនជាងគេលំដាប់ទី ៣ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីខណ្ឌពោធិ៍សែនជ័យ និងសែនសុខដោយការផ្គត់ផ្គង់លំនៅបានកើនដល់ចំនួន ១៧ ៦៦៤ យូនីត។ សម្រាប់ឆ្នាំ ២០១៨ នេះតាមការព្យាករនឹងមានលំនៅថ្មី ៣០០០ យូនីតបន្ថែមទៀតនឹងលេចឡើងក្នុងខណ្ឌដង្កោ៕