ខេត្តព្រះសីហនុៈ ក្រុង​ព្រះសីហនុ​ដែល​ជា​តំបន់​ឆ្នេរ​ទេសចរណ៍​ដ៏ល្បីល្បាញ​របស់​កម្ពុជា​កំពុង​ក្លាយ​ជា​ឋានសួគ៌​របស់​វិនិយោគិន និង​ជនជាតិ​ចិន​។

ការចូល​យ៉ាង​ច្រើន​នៃ​អ្នក​វិនិយោគ​ចិន​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ​បន្ត​ហក់​ឡើង​ឥត​ឈប់ឈរ ពិសេស​តម្លៃ​ដី​តំបន់​ខ្លះ​បាន​កើន​ឡើង​ដល់​ទ្វេដង​។ អាជីវកម្ម​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចាប់​តាំងពី​អាជីវកម្ម​តូចតាច​រហូត​ដល់​ការវិនិយោគ​លើ​សណ្ឋាគារ និង​កាស៊ីណូ​។

ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service ដែល​មាន​មូលដ្ឋាន​ទៅ​ទីក្រុង​ភ្នំពេញ និង​កំពុង​មាន​សកម្មភាព​ខ្លាំង​គួរសម​ក្នុង​ខេត្ត​ព្រះសីហនុ​ទាក់ទង​នឹង​អចលនទ្រព្យ​បាន​កត់សម្គាល់​ពី​ការកើនឡើង​តម្លៃ​ដី​នៅក្នុង​ខេត្ត​ព្រះសីហនុ នា​រយៈពេល​ចុងក្រោយ​នេះ​ដែល​កន្លែង​ខ្លះ​តម្លៃ​បាន​ហក់​ឡើង​រហូត​ដល់​ ១០០ ​ភាគរយ​។

អ្នកស្រី តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ការវិវឌ្ឍ​ដ៏ឆាប់រហ័ស​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​ធ្វើឲ្យ​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ក្នុង​ក្រុង និង​តំបន់​ជាប់​មាត់​សមុទ្រ​កើនឡើង​យ៉ាង​លឿន ដោយ​កន្លែង​ខ្លះ​មាន​តម្លៃ​រហូត​ដល់​ជាង​ ៣៥០០ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​។

អ្នកស្រី​បន្ត​ថា​៖ «​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​ខ្លះ​ក្នុង​ក្រុង​ព្រះសីហនុ​បាន​ឡើង​ស្ទើរតែ​ស្មើ​នឹង​តម្លៃ​ដី​នៅ​សង្កាត់​បឹងកេងកង​នៃ​រាជធានី​ភ្នំពេញ​ទៅ​ហើយ​។ កន្លែង​ខ្លះ​កាល​ពី​អំឡុង​ខែ​សីហា​ឆ្នាំ​ ២០១៧ លក់​ក្នុង​តម្លៃ ១ ៥០០​ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ពេល​នេះ​បាន​ឡើង​ដល់​ជាង ៣ ០០០ ​ដុល្លារ​»​។

អ្នកស្រី​បន្ត​ថា​តំបន់​ដែល​ទាក់ទាញ​ជាង​គេ​គឺ​នៅ​ក្បែរ​ជើងភ្នំ​បែរ​មុខ​ទៅ​មាត់សមុទ្រ​។ អ្នកស្រី​បន្ត​ថា​៖ «​ដី​ហុងស៊ុយ​សម្រាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កន្លែង​ខ្លះ​អាច​លោត​លើស​ពី ៤ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ក៏​មាន​ដែរ​»​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​បង្ហាញ​ថា បច្ចុប្បន្ន​ដី​នៅ​កណ្តាល​ក្រុង​ក្នុង​សង្កាត់​លេខ​ ១ តាម​ផ្លូវ​តូច​មាន​តម្លៃ​ចាប់ពី ៥០-២០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ និង​ផ្លូវធំ​មាន​តម្លៃ​ពី ២០០-៨០០ ​ដុល្លារ ចំណែក​ក្នុង​សង្កាត់​លេខ​ ២ ដី​ផ្លូវ​តូច​មាន​តម្លៃ​ពី ៦០០-១ ០០០ ​ដុល្លារ និង​ផ្លូវធំ​មាន​តម្លៃ​ចាប់ពី ២ ០០០-៣ ០០០ ​ដុល្លារ​។ សង្កាត់​លេខ​ ៣ ដី​នៅ​ផ្លូវ​តូច​មាន​តម្លៃ​ពី​ ៤០០-៨០០ ​ដុល្លារ និង​ផ្លូវធំ តម្លៃ​ពី ៨០០-១ ៥០០ ​ដុល្លារ ខណៈ​នៅក្នុង​សង្កាត់​លេខ​ ៤ តាម​ផ្លូវ​តូច​ដី​មាន​តម្លៃ​ពី ២០០-៧០០ ​ដុល្លារ និង​ផ្លូវធំ​មាន​តម្លៃ ១៥០០-៣០០០ ​ដុល្លារ​។

លោក សន សៀប នាយក​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាន​និយាយ​ថា​ការ​មកដល់​យ៉ាង​ច្រើន​របស់​វិនិយោគិន​បរទេស ពិសេស​ចិន ហុងកុង ម៉ាកាវ និង​សិង្ហបុរី បាន​ធ្វើឲ្យ​តម្រូវការ​ដី​សាងសង់​សំណង់​ធំៗ​កើតឡើង​ជា​លំដាប់​។ សំណង់​ទាំង​នោះ​រួមមាន សណ្ឋាគារ​កាស៊ីណូ ខុនដូ អាផាតមិន និង​អគារ​ការិយាល័យ ជាដើម​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​គិត​ថា តម្លៃ​ដី​ក្នុង​ក្រុង​ព្រះសីហនុ​នឹង​បន្ត​កើនឡើង​ទៀត ដោយសារ​កត្តា​ភូមិសាស្ត្រ និង​នយោបាយ​មាន​ស្ថិរភាព​ល្អ​»​។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ប្រាប់​ថា​គិតពី​ដើម​ឆ្នាំ​ ២០១៨ រហូត​មក​ដល់​ពេល​នេះ​មាន​សំណង់​ធំៗ​ជាង​ ២០ បាន​លេច​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​សំណង់​ទាំងនោះ​ភាគច្រើន​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​៖ «​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹង​មាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​ល្អ​ជា​បន្ត​ទៀត​ដោយសារ​មាន​កត្តា​រួមផ្សំ​មួយ​ចំនួន​ដូចជា ស្ថិរភាព​នយោបាយ ច្បាប់​វិនិយោគ និង​សក្តានុពល​របស់​ភូមិសាស្ត្រ​»​។

លោក យន្ត មីន បាន​ចាត់​ទុក​ភាព​យឺតយ៉ាវ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន ដោយសារ​តែ​ការវិនិយោគ​លឿន​ពេក​ពី​សំណាក់​ឯកជន​។ លោក​ថ្លែង​ថា​៖ «​ដោយសារ​ការវិនិយោគ​របស់​វិស័យ​ឯកជន​នៅ​ខេត្ត​ព្រះសីហនុ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​នោះ​បាន​ធ្វើឲ្យ​ការវិនិយោគ​សាធារណ​របស់​រដ្ឋ​ស្ទើរតែ​រត់​មិន​ចង់​ទាន់​ទេ​នាពេល​នេះ​»​។

ក្នុង​រយៈពេល​ ៧ ​ខែ​កន្លង​មក ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវទេសចរ​ជាង​ ១ ​លាន​នាក់​ដោយ​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ជនជាតិ​ចិន​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ២២ ​ម៉ឺន​នាក់ និង​មាន​ភ្ញៀវ​ស្នាក់នៅ​ប្រហែល​ជាង ៣ ​ម៉ឺន​នាក់​៕LA