ក្រុងហាណូយៈ កំណើនតម្លៃដីធ្លីដ៏ខ្ពស់បានជះឥទ្ធិពលទៅដល់ប្រជុំកោះ Con Don ខណៈវិនិយោគិនពីទីក្រុងហូជីមិញ និងហាណូយកំពុងស្វែងរកទិញដីសម្រាប់អភិវឌ្ឍដើម្បីផ្តល់សេវាកម្មទេសចរណ៍នៅលើកោះនេះ។
តម្លៃដីក៏បានកើនឡើងខ្ពស់ផងដែរនៅលើកោះ Con Dao ដែលជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមនៅ Ba Ria ក្នុងខេត្ត Vung Tau។ នេះបើតាមពាក្យចចាមអារ៉ាមមួយចំនួន។
ប្រជាជនម្នាក់បានប្រាប់ថាតម្លៃដីបានកើនឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ ហើយកំពុងជះឥទ្ធិពលដល់តំបន់មួយចំនួនទៀតក្នុងប្រទេសផងដែរ។
លោកបានថ្លែងថា៖ «មានវិនិយោគិនមកពីទីក្រុងហូជីមិញ និងហាណូយជាច្រើនកំពុងបញ្ចេញលុយដើម្បីអភិវឌ្ឍសេវាកម្មទេសចរណ៍នៅលើកោះជាហេតុធ្វើឲ្យតម្លៃដីកើនឡើងជារៀងរាល់ថ្ងៃ»។ លោកបានបន្តថា៖ «តម្លៃដីស្ថិតនៅតាមបណ្តោយផ្លូវលើភ្នំដែលភាគច្រើនជាដីកសិកម្មបានឡើងថ្លៃពី ៦-៧ ដងដោយមានតម្លៃពី ៤៤០០-៨៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ»។
ឆ្នាំមុនវិនិយោគិនមកពីទីក្រុងហូជីមិញម្នាក់បានទិញដី ១ ឡូត៍ក្នុងតម្លៃ ៣ ពាន់លានដុង (១៣១៦៤២ ដុល្លារ)។
បុរសម្នាក់បាននិយាយថា៖ «កាលពីពេលថ្មីៗនេះមានវិនិយោគិនម្នាក់បានសុំទិញដីនៅទីនោះក្នុងតម្លៃ ៨ ពាន់លានដុង ប៉ុន្តែត្រូវបានបដិសេធ។ បើយោងតាមតម្លៃបច្ចុប្បន្នដីនេះលក់បានយ៉ាងតិច ១០ ពាន់លានដុង»។
តាមបណ្តោយផ្លូវធំៗដូចជា Pham Van Dong, Tran Phu និង Nguyen Hue ដីបានឡើងថ្លៃកប់ពពកចាប់ពី ៥០-៧០ លានដុង (២១៩៤-៣០៧១ ដុល្លារ) ក្នុង ១ ម៉ែត្រការ៉េ។
ប្រជាជនម្នាក់កំពុងរស់នៅលើកោះនោះបាននិយាយថាគាត់បានលក់ដីទំហំ ១០០ ម៉ែត្រការ៉េដែលស្ថិតនៅតាមផ្លូវ Pham Van Dong ក្នុងតម្លៃជាង ៣ ពាន់លានដុង (១៣១ ៦៤២ ដុល្លារ) ទៅឲ្យប្តីប្រពន្ធជនជាតិបារាំង និងវៀតណាម ដែលចង់វិនិយោគសេវាទេសចរណ៍នៅលើកោះនេះ។ រយៈពេល ៩ ខែក្រោយមក មានវិនិយោគិនម្នាក់ហ៊ានឲ្យថ្លៃដល់ ៦ ពាន់លានដុង ប៉ុន្តែម្ចាស់ដីមិនយល់ព្រមលក់នៅឡើយទេ។
យោងតាមការិយាល័យចុះបញ្ជីដីធ្លីនៅ Con Dao បានឲ្យដឹងថា ការផ្ទេរកម្មសិទ្ធិដីចំនួនជិត ១០០ កន្លែងកំពុងធ្វើឯកសាររក្សាទុកក្នុងរយៈពេល ៣ ខែដំបូងដែលនេះជាកំណើនដ៏ខ្ពស់បើធៀបនឹងពេលមុន។
លោក Nguyen Anh Nhut អនុប្រធានគណៈកម្មការ Con Dao Island District People បាននិយាយថាភាពងាយស្រួលក្នុងការធ្វើដំណើរទាំងតាមផ្លូវអាកាស និងផ្លូវទឹករវាងដីគោកបានធ្វើឲ្យមានកំណើនភ្ញៀវទេសចរកាន់តែច្រើននៅលើកោះ។
លោកនិយាយថា៖ «ជាមធ្យមមានភ្ញៀវទេសចរប្រហែល ២០០០ នាក់ធ្វើដំណើរមកកាន់កោះនេះជារៀងរាល់ថ្ងៃ»។
ដោយមើលឃើញពីសក្តានុពលមានវិនិយោគិនជាច្រើនបានស្ទុះស្ទាទៅទិញដីនៅលើកោះនេះដើម្បីបើកភោជនីយដ្ឋាន សណ្ឋាគារ និងរីសត។
លោក Nhut បញ្ជាក់ថា៖ «តម្លៃដីខ្ពស់បំផុតដែលបានកត់ត្រាទុកគឺ ៤០ លានដុង (១៧៥៥ ដុល្លារ) ក្នុង ១ ម៉ែត្រការ៉េ ប៉ុន្តែជាក់ស្តែងតម្លៃគឺខ្ពស់ជាងនេះច្រើន»។
Con Dao Island District People បានពន្យារពេលចេញអាជ្ញាប័ណ្ណសាងសង់ភោជនីយដ្ឋាន និងសណ្ឋាគារថ្មីៗលើកោះនេះ។ នេះបើយោងតាមលោក Nhut។
លោក Nhut បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «អាជ្ញាធរនឹងគ្រប់គ្រងការរៀបចំគម្រោង និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងដើម្បីបង្ការនូវការផ្ទេរសិទ្ធិ និងសំណង់ខុសច្បាប់នានា»។
កង្វះខាតផែនការវិនិយោគវិស័យទេសចរណ៍រយៈពេលវែងគឺជាមូលហេតុចម្បងដែលអាចបណ្តាលឲ្យមានបញ្ហាផ្សេងៗផងដែរ។ នេះបើតាមអ្វីដែលអ្នកជំនាញលើកឡើងជាការដាស់តឿន។
អាជ្ញាធរលើកោះ Phu Quoc ក្នុងខេត្ត Kien Giang និងកោះ Van don ក្នុងខេត្ត Quang Ninh ក៏ដូចជាតំបន់ឆ្នេរ Van Phong Bay ក្នុងខេត្ត Khanh Hoa កំពុងជួបការលំបាកក្នុងការគ្រប់គ្រងពីការឡើងថ្លៃដីលើកោះទាំងនេះ។
តំបន់ទាំងនេះនឹងត្រូវចាត់ចូលក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស បើសិនទទួលការអនុម័តដោយសភាជាតិក្នុងខែតុលាខាងមុខ។
ការធ្វើដំណើរតាមយន្តហោះពីហូជីមិញទៅកាន់ប្រជុំកោះនេះមានរយៈពេល ៤៥ នាទីហើយភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅកាន់ប្រជុំកោះនេះតាមរយៈការជិះទូកចេញពីទីក្រុង Vung Tau ដែលនឹងត្រូវចំណាយពេល ១២ ម៉ោង៕ Viet Nam News/ANN