ភ្នំពេញៈ ដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ កំពុង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជំរុញ​ឱ្យ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ​កើនឡើង​ជា​លំដាប់ បើ​ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ទីផ្សារ​ដីធ្លី​មួយចំនួន​ត្រូវ​ជាប់គាំង​ក៏ដោយ​។ នេះ​បើតាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ (​ភ្នំពេញ​) ដែលមាន​ប្រវែង ៥៣ ​គីឡូម៉ែត្រ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៦ ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​ ៤, លេខ​ ៣, លេខ​ ២ ផ្លូវជាតិ​លេខ​ ២១ មុននឹង​ឆ្លងទន្លេ​បាសាក់ តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​ ១ នេះ​ត្រូវបាន​សាងសង់​ឡើងជា ៤ ​គន្លង​ដែលមាន​ទទឹងផ្លូវ ២៥ ​ម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា ២៧៣ ​លានដុល្លារ​ ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ប្រទេស​ចិន និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១៤ ខែ មករា ឆ្នាំ​ ២០១៩ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការសាងសង់​ផ្លូវ​នេះ​សម្រេច​បាន​ជាង​ ៤០ ​ភាគរយ​ហើយ​។

លោក ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ពុធ​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មិន​បាន​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ជាប់​នៅ​ទ្រឹង​ទេ ដោយ​តម្លៃ​ដី​ជាប់​ផ្លូវ​នាពេលនេះ​បាន​កើន​ក្នុង​រង្វង់​ ១៥-២០ ​ភាគរយ​ បើធៀប​ទៅនឹង​ចុងឆ្នាំ​ ២០១៩​។ លោក​បន្តថា បច្ចុប្បន្ន​នៅតាម​ផ្លូវ​នេះ​គេ​សង្កេតឃើញ​មាន​គម្រោង​មួយចំនួន​កំពុង​ចាប់ផ្តើម​អភិវឌ្ឍ ដែល​មាន​ដូចជា លំនៅឋាន កន្លែង​លក់ទំនិញ តំបន់ឧស្សាហកម្ម រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ ជាដើម​។

លោក​អះអាង​ថា​៖ «​ការកើនឡើង​តម្លៃ​ពេលនេះ គឺ​បន្ទាប់ពី​សកម្មភាព​នៃ​ការសាងសង់​ផ្លូវ​បាន​លេចចេញ​ជា​រូបរាង និង​គេ​អាចធ្វើ​ចរាចរណ៍​បាន​ជា​បណ្តើរៗ​ហើយ​»​។

យោងតាម​លោក ចណ្ណា ដី​នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ត្រូវបាន​ចែកជា ៤ ​តំបន់ គឺ​តំបន់​នៅ​ចន្លោះ​ពី​ស្ពាន​ព្រែកព្នៅ​ទៅដល់​ផ្លូវជាតិ​លេខ ៤ មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ២០០-២៥០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ ៣ និង​លេខ ៤ ដី​មាន​តម្លៃ​ពី ១៥០-២០០ ​ដុល្លារ តំបន់​ចាប់ពី​ផ្លូវជាតិ​លេខ ៣ ទៅ​ផ្លូវជាតិ​លេខ ២១ មាន​តម្លៃ​ពី​ ១០០-១៥០ ​ដុល្លារ និង​ចាប់ពី​ផ្លូវជាតិ​លេខ​ ២១ ទៅ​ផ្លូវជាតិ​លេខ ១ មាន​តម្លៃ​ចន្លោះ​ពី ៥០-១០០ ​ដុល្លារ​។

លោក​បន្តទៀតថា ដោយសារ​ក្រុងភ្នំពេញ​កាន់តែ​រីក​ធំ​នោះ ដូច្នេះ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ​។

លោក សៅ សាខុំ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ Cambodian Estate Alliance CEA Co., Ltd ក៏​លើកឡើង​ផងដែរ​ថា តម្លៃ​ដី​តាមផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ បាន​កើនឡើង​ច្រើន​ក្នុង​ឆ្នាំ​ ២០២០ នេះ ដោយ​កន្លែង​ខ្លះ​កើនឡើង​ទ្វេដង​ធៀប​ទៅនឹង​ចុងឆ្នាំ​មុន​។ លោក​បន្តថា ការកើនឡើង​នេះ គឺ​កើត​មាននៅ​គ្រប់​ទីតាំង​ទាំងអស់ គ្រាន់តែ​ដី​នៅ​ជាប់​ផ្លូវ និង​មាន​ទំហំ​ក្រោម ១ ​ហិកតា​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​។

ទាក់ទង​ទៅនឹង​អត្រា​កំណើន​លោក សាខុំ ពន្យល់ថា ដោយ​វា​ជា​ផ្លូវ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ហេតុនេះ​ការកសាង​ផ្លូវ​ថ្មី គឺមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​តម្លៃ​ដី​។ សម្រាប់​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវ​បែបនេះ គេ​អាចធ្វើ​ការបែងចែក​ជា​ដំណាក់កាល​សំខាន់ៗ​ចំនួន ៣ រួមមាន ការប្រកាស​ពី​គម្រោង​សាងសង់ ការចាប់ផ្តើម​សាងសង់ និង​នៅពេល​សាងសង់​ចប់​រួចរាល់​។

លោក​និយាយថា​៖ «​តាម​បទពិសោធ​ខ្ញុំ នៅ​គ្រប់​ដំណាក់កាល​នីមួយៗ​សុទ្ធតែ​ធ្វើឱ្យ​តម្លៃ​ដី​កើនឡើង​ទ្វេដង​»​។

ទោះយ៉ាងណា ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម បាន​អះអាង​ថា តម្លៃ​អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ មិនបាន​ឡើង​ខ្ពស់​ទេ​ក្នុង​ឆ្នាំ​នេះ ដោយ​កើន​ប្រហែល ៥ ​ភាគរយ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​តម្លៃ​ដីធ្លី​នៅតាម​ផ្លូវ​នោះ​កើនឡើង​តិចតួច​តែប៉ុណ្ណោះ​នៅក្នុង​រយៈពេល​ ១ ​ឆ្នាំ​មកនេះ​។ កំណើន​តម្លៃ​តិចតួច​នេះ គឺ​ដោយសារ​តែ​តម្លៃ​ដី​បាន​កើន​ខ្ពស់​រួចហើយ​មុន​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​១៩»​។

ផ្លូវ​នេះ​ត្រូវ​រំពឹងថា នឹង​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់​៕ LA

វីដេអូ៖