ខណៈពេលទីផ្សារយូនីតខុនដូប្រវេប្រវាដើម្បីទទួលបានការលក់បន្ទាប់ពីសម្ទុះខុនដូក្នុងទីក្រុងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមានការកើនឡើងខ្លាំង នៅផ្នែកម្ខាងទៀតនៃទីផ្សារខុនដូនេះគេឃើញមានការលេចឡើងនូវទីផ្សារលំនៅឋានពិសេសដើម្បីធ្វើឲ្យមានភាពទាក់ទាញដល់បំណងប្រាថ្នារបស់ប្រជាជនក្នុងការទទួលបានឯកជនភាព។
ក្នុងនោះ គេអាចយក Habitat Condo ធ្វើជាឧទាហរណ៍បាន ដែលខុនដូនេះមានលក្ខណៈជាយូនីតផ្តាច់មុខ ហើយនៅដាច់ៗពីគ្នាដែលធ្វើឡើងក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកស្វែងរកឯកជនភាពដ៏ពេញលេញមួយ។
នៅក្នុងទីផ្សារមួយដែលរចនាសម្ព័ន្ធខុនដូទាំងអស់ផ្សព្វផ្សាយខ្លួនឯងទៅក្នុងទីផ្សារថា ជាកន្លែងស្ងប់ស្ងាត់ និងជាទីកន្លែងដែលនៅឆ្ងាយពីភាពមមាញឹករបស់ទីក្រុង Habitat បានផ្សព្វផ្សាយខ្លួនឲ្យកាន់តែប្រសើរជាងគេមួយកម្រិតទៀត ដោយផ្តល់ជូននូវយូនីតតែ ១៣យូនីតប៉ុណ្ណោះក្នុងមួយជាន់ៗ។
ការអភិវឌ្ឍនេះត្រូវបានគេយល់ឃើញថា ជាខុនដូដែលមានតម្លៃថ្លៃបំផុតនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ប៉ុន្ដែអ្នកអភិវឌ្ឍន៍នៅ Habitat លោកស្រី Intan Kosem និងលោក Matthew Tippetts ដែលជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុមិនយល់ឃើញដូច្នោះទេ។
តើយើងមានតម្លៃថ្លៃជាងគេបំផុតបើនិយាយក្នុងតម្លៃដែលបានផ្សព្វផ្សាយចេញទៅក្រៅឬ? នេះមិនមែនជាការពិតទេ។ ពួកយើងមានតម្លៃថោកជាងខុនដូប្រណីតផ្សេងទៀតពី ១០ទៅ៤០ភាគរយឯណោះ។
ការអភិវឌ្ឍខុនដូបែបប៊ូទិកនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ដែលជាតំបន់មួយដែលត្រូវបានគេសង្កេតឃើញថា មានការលេចឡើងនូវលំនៅឋានថ្មីរឹងមាំ បារ និងភោជនីយដ្ឋានជាច្រើន។
យូនីតដែលមានតម្លៃថ្លៃបំផុតរបស់ Habitat គឺយូនីតដែលមានបន្ទប់គេង៣បន្ទប់ ដែលស្ថិតនៅលើជាន់លើបង្អស់ ដែលត្រូវបានលក់ក្នុងតម្លៃ ៣,៩៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបទៅនឹងអគារខុនដូប្រណីតមួយចំនួនផ្សេងទៀត ដែលលក់យូនីតលក្ខណៈស្រដៀងនេះក្នុងតម្លៃ ៤,០០០ដុល្លារ។ ដោយសារតែមានតែ ១៣យូនីត យូនីតនីមួយៗមានលម្ហយ៉ាងធំនៅក្នុងជាន់នីមូយៗ។ អាផាតមិនបន្ទប់គេង២ ផ្តល់ជូននូវយូនីត ដែលមានផ្ទៃពី៨៩ ទៅ១០២ម៉ែត្រការ៉េ ខណៈពេលដែលយូនីតមានបន្ទប់គេង២ ហើយមាន២ជាន់នោះ មានផ្ទៃក្រឡា ៨៩ ម៉ែត្រការ៉េ នៅជាន់ទី១ និងប្រហែល ៦៣ម៉ែត្រការ៉េនៅលើឡៅតឿរបស់ខ្លួន។ យូនីតដែលនៅជាន់ខ្ពស់បំផុតមានផ្ទៃក្រឡាសរុបចំនួន១៩៣ម៉ែត្រការ៉េរៀងៗខ្លួន។
រចនាតាមបែបបទដែលអាចពង្រីកផ្ទៃនៃយូនីតឲ្យបានធំបំផុត ហើយដែលមានភាពសង្កត់ធ្ងន់លើសារៈសំខាន់នៃឯកជនភាពបន្ទប់គេងទាំងអស់ត្រូវបានដាក់ឲ្យឃ្លាតពីគ្នាឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន។
លោក Tippetts បានថ្លែងថា ៖ «ភាពប្រណីតពិតប្រាកដ គឺឯកជនភាព។ ដោយមានតែពីរយូនីតក្នុងមួយជាន់ម្ចាស់ផ្ទះនីមួយៗមានអ្នកជិតខាងតែម្នាក់តែប៉ុណ្ណោះ។ ដោយសារតែមានដង់ស៊ីតេទាបដូច្នេះ អ្នកអាចប្រើប្រាស់សេវាទាំងអស់ ដូចអ្វីៗទាំងអស់ជារបស់អ្នកផ្ទាល់អ៊ីចឹង។ អ្នកអាចអញ្ជើញមិត្តភក្តិរបស់អ្នកមកជប់លៀងអាំងសាច់នៅលើដំបូលដែលមានអាងទឹក ហើយភាគច្រើនអ្នកអាចប្រើប្រាស់កន្លែងទាំងមូលនៅលើដំបូលបានបន្ថែមទៀត»។
ការអភិវឌ្ឍនេះ ក៏មានលក្ខណៈដោយឡែកពីបន្ទប់តាំងលក់ខុនដូធម្មតាដែរ។
លោកស្រី Kosem បាននិយាយថា ៖ «អ្វីដែល Habitat ផ្តល់ជូន គឺការអញ្ជើញអ្នកមានចំណាប់អារម្មណ៍ចង់ទិញឲ្យពួកគាត់មកមើលដោយខ្លួនឯងដោយជាក់ស្តែង នូវសេចក្ដីលម្អិតនៃខុនដូ និងអ្វីដែលពួកគេនឹងត្រូវទទួលបាន»។
លោកស្រីក៏បានប្រញាប់ប្រញាល់ក្នុងការលក់ខុនដូនេះដែរ។ ក្នុងចំណោម ១៣យូនីត មកដល់ពេលនេះ មានតែ៣យូនីតប៉ុណ្ណោះ ដែលត្រូវបានលក់ចេញក្នុងនោះរួមទាំងយូនីត ដែលមានតម្លៃថ្លៃបំផុត យូនីតនៅលើជាន់ខ្ពស់បំផុតនោះ មានតម្លៃ៥៧១,០០០ដុល្លារ។ យូនីតផ្សេងទៀតមានតម្លៃចាប់ផ្តើមពី២៣២,០០០ដុល្លារ។
លោកស្រី Kosem បន្តថា ៖ «យើងមិនបានធ្វើការលក់មុនសាងសង់នោះទេ ហើយយើងបានរង់ចាំរហូតដល់យើងបានបញ្ចប់ការសាងសង់សិនមុនពេលដែលជំរុញឲ្យមានការលក់។ ខ្ញុំទស្សន៍ទាយថា ក្នុងរយៈពេលពី ៦ខែទៅ១ ឆ្នាំ យូនីតទាំងអស់នឹងពេញជាមិនខាន»។
លោកស្រី Kosem មិនយល់ស្របនៅក្នុងការទាញយកផលចំណេញពីអតិថិជនរបស់លោកស្រី បន្ទាប់ពីត្រូវបានលក់បានមួយរយៈមកហើយនោះទេ។ លោកស្រីក៏គិតថា មិនមានការចាំបាច់ក្នុងការផ្ទេរការគ្រប់គ្រងទៅឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលនឹងគិតប្រាក់ថ្លៃសេវាខ្ពស់កប់ពពកនោះទេ។
លោកស្រីបានថ្លែងថា៖ «ក្នុងនាមជាអ្នកអភិវឌ្ឍន៍ការចាប់អារម្មណ៍របស់ខ្ញុំ គឺក្នុងការការពារផលប្រយោជន៍របស់វិនិយោគិន។ ចំពោះខ្ញុំអ្វីដែលសំខាន់បំផុត គឺការធ្វើឲ្យមានតម្លាភាព និងការអនុញ្ញាតឲ្យម្ចាស់ផ្ទះមានភាព ម្ចាស់ការលើអ្វីដែលពួកគេចង់ធ្វើនៅលើផ្ទះរបស់ពួកគេ»។
បន្ថែមទៅលើនេះទៀត Habitat មានក្រុមគ្រប់គ្រងអចលនទ្រព្យផ្ទាល់ខ្លួន។ អ្នកគ្រប់គ្រងខុនដូ សន្តិសុខ មេផ្ទះ និងអ្នកគ្រប់គ្រងថែទាំម្នាក់ គឺលើសពីគ្រប់តម្រូវការទៅទៀត។
សុខុមភាព និងភាពសមសួន គឺជាគន្លឹះ ដែលស្តែងជាភ័ស្តុតាង នៅក្នុងការរចនាបែបសហសម័យរបស់ Habitat ដែលប្រើប្រាស់ឧបករណ៍លំនៅឋានដែលមានស្រាប់នៅក្នុងរចនាសម្ព័ន្ធបែបអឺរ៉ុប និងក្បឿង រួមទាំងការក្រាលឥដ្ឋដោយប្រើប្រាស់ឈើ herringbone លេខមួយ។
លោកស្រី Kosem បានសង្កត់ធ្ងន់ថា មិនចង់រចនាខុនដូឲ្យឆើតឆាយហួសហេតុដូចអគារខុនដូភាគច្រើនផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញនោះទេ។ លោកស្រីបាននិយាយថា ៖ «ប្រជាជនក្នុងតំបន់នេះភាគច្រើននៅតែជក់ចិត្តទៅនឹងកត្តា«ឆើតៗ» ដែលនេះជាអ្វីដែលជួយក្នុងការលក់ ប៉ុន្តែយើងចង់រក្សាអ្វីៗឲ្យមានភាព សាមញ្ញ និងប្រណីតបែបសមសួន»។
Habitat ធ្វើការរចនាផ្ទៃខាងក្នុងរបស់ខ្លួនដោយក្រុមហ៊ុនរចនាផ្ទៃខាងក្នុងដែលមានមូលដ្ឋាននៅសិង្ហបុរី ឈ្មោះថា Spacelogic ដែលចាត់ទុកខុនដូបែបប៊ូទិករបស់លោកស្រី Kosem ជាកិច្ចសហការលំនៅឋានលើកដំបូងរបស់ខ្លួន ដែលមានការផ្តោតសំខាន់របស់ខ្លួនទៅលើការបំពាក់លំហសាជីវកម្ម។ នេះបើយោងតាមសម្តីរបស់លោក Nicholas Seah អ្នកគ្រប់គ្រងទូទៅនៅ Spacelogic។ លោកបានបន្តថា ៖ «យើងបានសម្រេចចិត្តដើម្បីផ្តល់ឱកាសនេះទៅ Habitat ដោយសារតែវា គឺជាការអភិវឌ្ឍតូចមួយប៉ុន្តែមានភាពខុសប្លែកពីគេហើយវាបង្ហាញពីសមត្ថភាពរបស់ក្រុមហ៊ុនយើងក្នុងការធ្វើគម្រោងលំនៅឋានផងដែរ»។
«យើងពិតជាមានភាពរីករាយណាស់ ដែលបានចាប់ដៃគ្នានៅលើគម្រោងនេះជាមួយ លោកស្រី Intan និងក្រុមហ៊ុន Habitat ដែលធ្លាប់ទទួលបានពានរង្វាន់»។
ជាការពិតណាស់ ក្នុងនាមជាសមាជិកថ្មីមួយនៅក្នុងពិភពខុនដូ Habitat ធ្លាប់បានទទួលពានរង្វាន់ជាច្រើន។ នៅកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា នៅខែមីនាឆ្នាំ២០១៧ ក្រុមហ៊ុននេះបានឈ្នះពានរង្វាន់សម្រាប់ការអភិវឌ្ឍខុនដូល្អបំផុតនៅប្រទេសកម្ពុជា ការអភិវឌ្ឍខុនដូល្អបំផុតនៅរាជធានីភ្នំពេញ និងការរចនាផ្ទៃក្នុងដែលល្អបំផុត។
ទោះបីជាខុនដូនេះមានតម្លៃថ្លៃ ដែលចាប់ផ្តើមពី២០០,០០០ដុល្លារ រហូតទៅដល់ ៥០០,០០០ដុល្លារក្នុងមួយយូនីត Habitat បានសាងសង់សំណង់មួយដែលមានភាពសមស្របលើសពីតម្លៃនោះទៅទៀតជាមួយនឹងចំនួនអ្នករស់នៅដែលមានកំណត់នៅក្នុងខុនដូរបស់ខ្លួនដែលជាទីទាក់ទាញចំណាប់អារម្មណ៍នៃពួកដែលស្វែងរកភាពស្ងៀមស្ងាត់ ខណៈពេលដែលវាមានទីតាំងចម្ងាយនៅជិតភោជនីយដ្ឋានទំនើបៗ និងទីកន្លែងកម្សាន្តផ្សេងៗនៅក្នុងសង្កាត់ទន្លេបាសាក់៕