ភ្នំពេញៈ តម្លៃជួលបន្ទប់ខុនដូនៅក្នុងរាជធានីភ្នំពេញអាចនឹងធ្លាក់ចុះនៅចុងឆ្នាំ ២០១៩ នេះ ពិសេសខុនដូដែលមានទីតាំងនៅក្រៅតំបន់កណ្តាលទីក្រុង ខណៈការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានរកឃើញថា ចំនួនបន្ទប់ខុនដូ ដែលនឹងដាក់ចូលទីផ្សារនៅ
ឡើងដំណាច់ឆ្នាំ ២០១៩ នេះនឹងកើនឡើងជិត ១២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ព្យាករដែលភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានបង្ហាញថា នៅដំណាច់ឆ្នាំ ២០១៩ នេះ ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញនឹងកើនឡើង ១១៩,៥ ភាគរយ ពីចំនួន ១៤ ១៧៣ យូនីតកាលពីចុងឆ្នាំ ២០១៨ ទៅដល់ចំនួន ៣១ ១១២ យូនីត។
ក្នុងនោះខុនដូតម្លៃទាប (Affordable Segment) នឹងមានកំណើនប្រហែល ១០០ ភាគរយ ប្រភេទបន្ទប់ខុនដូតម្លៃមធ្យម (Mid-Range Segment) នឹងកើន ៧៨ ភាគរយ ខណៈប្រភេទខុនដូប្រណីត (High-End Segment) នឹងកើន ២៤៣ ភាគរយ។ នេះបើយោងតាមរបាយការណ៍។
របាយការណ៍បង្ហាញថា ចំណែកទីផ្សារខុនដូតម្លៃទាបនឹងមាន ២៣ ភាគរយ ខុនដូតម្លៃមធ្យមនឹងមាន ៤៣ ភាគរយ ខណៈខុនដូប្រណីត នឹងមាន៣៤ ភាគរយ។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងក្នុងពិធីសម្ពោធរបាយការណ៍ព្យាករស្ថានភាពអចលនទ្រព្យនៅរាជធានីភ្នំពេញ ឆ្នាំ ២០១៩ កាលពីថ្ងៃម្សិលមិញថា ដោយសារចំនួនខុនដូ ដែលនឹងចូលទីផ្សារក្នុងឆ្នាំ ២០១៩ នេះនឹងមានចំនួនរហូតដល់ជិត ២ ម៉ឺនយូនីត វានឹងធ្វើឲ្យតម្លៃជួលនៅចុងឆ្នាំនេះធ្លាក់ចុះ ពិសេសតំបន់ដែលនៅឆ្ងាយពីចំណុចកណ្តាលក្រុង។
ខណៈបច្ចុប្បន្ននេះតម្លៃជួលខុនដូជាមធ្យមមានចន្លោះពី ១០ ទៅ ១៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េក្នុង ១ ខែនោះ លោកស្រី សុធីតា បាននិយាយថា នៅត្រឹមចុងឆ្នាំ ២០១៩ តម្លៃនឹងអាចធ្លាក់ចុះ បន្តិចបន្តួច។
ទោះបីយ៉ាងណា នាយិកាក្រុមហ៊ុនខាងលើបញ្ជាក់ថា ការលក់អាចនឹងនៅតែមានកំណើន ខណៈគម្រោងដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំនេះបានលក់លើសពី ៥០ ភាគរយរួចហើយ។
របាយការណ៍ខាងលើបានព្យាករថា សម្រាប់ឆ្នាំ ២០១៩ តម្លៃលក់ខុនដូអាចមានតម្លៃជាមធ្យមចាប់ពី ១ ៦០០ ដុល្លារ ទៅដល់ ៣ ១០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។
ទោះបីយ៉ាងណា លោកស្រី សុធីតា បានប្រាប់ថា ក្នុងឆ្នាំ ២០១៩ នេះមិនសូវមានគម្រោងថ្មីៗប្រកាសចាប់ផ្តើមសាងសង់ទេ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានប្រាប់ថា ការកើនឡើងដ៏ខ្ពស់ក្នុងពេលតែមួយបែបនេះ វាអាចនឹងមានបញ្ហាទីផ្សារ ព្រោះបើយើងមើលទៅទីផ្សារខុនដូសម្រាប់ប្រជាជនក្នុងស្រុកហាក់មិនសូវពេញនិយមទេ ខណៈទីផ្សារផ្ទះល្វែង បុរី និងវីឡាក៏កំពុងកើនឡើងច្រើន និងពេញនិយមផងដែរ។
លោកបន្តថា៖ «បើនិយាយពីទីផ្សារក្នុងស្រុក គឺតូចចង្អៀតណាស់ តែកម្ពុជាមានចំណុចពិសេសមួយដែលអនុញ្ញាតឲ្យបរទេសមានសិទ្ធិក្នុងការទិញខុនដូ ដូច្នេះភាពជោគជ័យសម្រាប់ខុនដូវាអាស្រ័យលើម្ចាស់គម្រោងថា តើពួកគាត់មានទំនាក់ទំនង និងទីផ្សារបែបណាជាមួយអតិថិជនបរទេស»។
ខណៈចំនួនខុនដូថ្មីៗនឹងចូលក្នុងទីផ្សារច្រើននោះ លោក ជូ និយាយថា ចំនួនដ៏ច្រើននេះ អាចធ្វើឲ្យកើតមានបញ្ហាសម្រាប់អ្នកទិញខុនដូទុកដាក់ជួលបន្ត ដែលរំពឹងថា នឹងយកប្រាក់ខ្លះពីការជួលសម្រាប់បង់ត្រឡប់ទៅឲ្យម្ចាស់គម្រោងវិញ៕