ក្រុងប៉េកាំងៈ តម្លៃលំនៅឋាននៅក្នុងទីក្រុងសំខាន់ៗទាំង ១០០ របស់ប្រទេស ចិន បានបន្តកើនឡើងកាលពីខែតុលា ប៉ុន្តែនៅក្នុងល្បឿនយឺតជាងមុន ដោយសារតម្រូវការ និងការផ្គត់ផ្គង់បានធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យ។
តម្លៃលំនៅឋានថ្មីជាមធ្យមនៅក្នុងទីក្រុងទាំងនេះបានកើនឡើង ៣,២៣ ភាគរយ កាលពីខែតុលាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែបានធ្លាក់ចុះ ០,៣៣ ពិន្ទុភាគរយធៀបនឹងកំណើននៅខែកញ្ញា។ នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងដោយ China Index Academy ដែលជាគ្រឹះស្ថានស្រាវជ្រាវអចលនទ្រព្យ។
បើគិតជាមូលដ្ឋានប្រចាំខែ ទីក្រុងទាំងនោះបានមើលឃើញតម្លៃលំនៅឋានថ្មីជាមធ្យមកើនឡើង ០,១៥ ភាគរយ ធ្លាក់ចុះ ០,១៦ ពិន្ទុភាគរយធៀបនឹងខែកញ្ញា។
ក្នុងចំណោមទីក្រុងទាំង ១០០ ដែលបានធ្វើការស្ទង់មតិ ទីក្រុងចំនួន ៦២ បានមើលឃើញការកើនឡើងតម្លៃលំនៅឋានថ្មីនៅខែតុលា ធៀបនឹងខែកញ្ញាខណៈដែលទីក្រុងចំនួន ៣២ បានរាយការណ៍ការធ្លាក់ចុះតម្លៃ។ នេះបើយោងតាមការស្ទង់មតិដដែលនេះ។
តម្លៃលំនៅឋានថ្មីជាមធ្យមនៅក្នុងទីក្រុងចិនសំខាន់ៗចំនួន ១០ ដែលរួមមានទីក្រុងប៉េកាំង និងទីក្រុងស៊ាងហៃបានកើនឡើង ២,១៦ ភាគរយ នៅខែតុលាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធ្លាក់ចុះ ០,៤២ ពិន្ទុភាគរយធៀបនឹងខែកញ្ញា។
កាលពីខែតុលា រដ្ឋាភិបាលមូលដ្ឋានរបស់ប្រទេស ចិន បានបន្តអនុវត្តបទប្បញ្ញត្តិលើទីផ្សារអចលនទ្រព្យ និងធ្វើឲ្យប្រសើរឡើងប្រព័ន្ធគាំទ្រលំនៅឋាន។
ការស្ទង់មតិនេះបានបង្ហាញថាក្នុងអំឡុងពេលនេះទាំងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់លំនៅឋានថ្មីនៅក្នុងទីក្រុងសំខាន់ៗបានធ្លាក់ចុះ។
រដ្ឋាភិបាលចិនបានបញ្ជាក់ម្ដងហើយម្ដងទៀតថា៖ «លំនៅឋានគឺសម្រាប់រស់នៅ មិនមែនសម្រាប់ការកេងចំណេញនោះទេ» និងបានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធានាការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យនេះ៕ People''s Daily/LA