ទីក្រុងប៉េកាំងៈ តម្លៃ​ផ្ទះ​ថ្មី​នៅក្នុង​ប្រទេស​ចិន​ បាន​ឡើងថ្លៃ​បន្តិច​ក្នុង​ខែមេសា​ដែលជា​សញ្ញា​បង្ហាញថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​ចាប់ផ្តើម​ងើបឡើង​វិញ​យឺតៗ ខណៈ​ការហាមឃាត់​ការធ្វើដំណើរ​ត្រូវបាន​បន្ធូរបន្ថយ​ក្នុងប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ លើ​ពិភពលោក​។

កាសែត Straitstimes បាន​ផ្សាយ​បន្ត​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​អះអាងថា តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៧០ បាន​កើនឡើង​ប្រមាណ ០,៥ ​ភាគរយ​ ក្នុង​ខែមេសា​ធៀប​នឹង​ខែមីនា បន្ទាប់ពី​កើនឡើង ០,១ ​ភាគរយ​ក្នុង​ខែ​មីនា​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ដែល​បាន​គណនា​ផ្អែកលើ​ទិន្នន័យ​ការិយាល័យ​ស្ថិតិ​ជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

តាម​មូលដ្ឋាន​ប្រចាំឆ្នាំ តម្លៃ​ផ្ទះ​បាន​កើនឡើង ៥,១ ​ភាគរយ​ក្នុង​ខែមេសា បើ​ប្រៀបធៀប​ជាមួយ​ការកើនឡើង ៥,៣ ​ភាគរយ​ក្នុង​ខែមីនា​។

មន្ត្រី​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ការចេញ​ទិន្នន័យ​នេះ​ថា​៖ «​តម្រូវការ​ផ្ទះ​ដ៏ឆាប់រហ័ស​កំពុង​កើនឡើង​ក្នុង​ខែមេសា ពេល​ដែល​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​បន្ត​វិល​ទៅរក​ភាព​ប្រក្រត្រី​ឡើងវិញ​»​។

ភាគច្រើន​នៃ​ទីក្រុង​ទាំង​ ៧០ ​ដែល​បាន​ស្ទង់​មតិ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ បាន​រាយការណ៍​ពី​តម្លៃ​ប្រចាំខែ​កើនឡើង​សម្រាប់​ផ្ទះ​ថ្មី ដោយ​ចំនួន​ផ្ទះ​កើនឡើង​យ៉ាង​រហ័ស​ពី ៣៨ ​ដល់ ៥០ ក្នុង​ខែមីនា​។

ទីក្រុង​ណានជីង ដែល​ជា​ទីក្រុង​មួយ​ស្ថិតនៅ​ភាគ​ខាងកើត​ខេត្ត Jiangsu និង​ទីក្រុង Tangshan ក្នុង​ភាគ​ខាងជើង​ខេត្ត Hebei មាន​សកម្មភាព​ខ្លាំង​ដោយ​កាលពី​ខែ​មុន​តម្លៃ​ផ្ទះ​បាន​កើន​ជា​ប្រចាំខែ​ដល់​ ១,៨ ​ភាគរយ​។

តម្លៃ​នេះ​នៅ​ទាប​ជាង​ទីក្រុង Wuhan ដែលជា​កន្លែង​ដំបូង​នៃ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​។ នេះ​បើ​យោងតាម​ទិន្នន័យ​។

បើ​ទោះ​ជា​តំបន់​ភាគច្រើន​បាន​លើក​បម្រាម​គោចរ​ក៏ដោយ ក៏​ការលក់​អចលនទ្រព្យ​នៅ​តំបន់​ខ្លះ​នៅតែ​ស្ថិតក្រោម​សម្ពាធ​ដដែល ខណៈ​អាជ្ញាធរ​បន្ត​រក្សា​ការរឹតត្បិត​ឡើងវិញ​មួយចំនួន បន្ទាប់ពី​ការឆ្លង​ថ្មីៗ​មួយ​ចំនួន​ត្រូវបាន​រកឃើញ​៕ Thestraitstime/RR