ក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ក្នុង​ខែ​នេះ​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​សំខាន់ៗ​ចំនួន ៧០ របស់​ប្រទេស​ ចិន​ ជាទូទៅ​មាន​ស្ថិរភាព​ដោយ​មាន​ការកើនឡើង​បន្តិចបន្តួច​នៅក្នុង​ទីក្រុង​ធំៗ​កាលពី​ខែ​កក្កដា​។

ការិយាល័យ​ជាតិ​ស្ថិតិ (NB-S) របស់​ប្រទេស​ ចិន​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​តាម​អនឡាញ​ថា តម្លៃ​លំនៅឋាន​ថ្មី​នៅក្នុង​ទីក្រុង​ថ្នាក់​ទី​ ១ ចំនួន​ ៤ ទីក្រុង គឺ​ទីក្រុង​ប៉េកាំង ស៊ាងហៃ ហ្សិនចិន និង​ក្វាងចូវ បាន​កើនឡើង ០,៣ ​ភាគរយ​ នៅ​ខែ​កក្កដា​ធៀប​នឹង​ខែ​មិថុនា​ជា​ពេល​ដែល​មាន​កំណើន ០,២ ​ភាគរយ​។

បើ​គិត​ពី​មូលដ្ឋាន​ប្រចាំ​ខែ​តម្លៃ​ផ្ទះ​ថ្មី​ក្នុង​ទីក្រុង​ថ្នាក់​ទី​ ២ ចំនួន​ ៣១ ទីក្រុង និង​ទីក្រុង​ថ្នាក់​ទី​ ៣ ចំនួន​ ៣៥ ទីក្រុង​បាន​កើនឡើង ០,៧ ​ភាគរយ​ធៀប​នឹង​ខែមិថុនា​។

តម្លៃ​ផ្ទះ​លក់​បន្ត​នៅក្នុង​ទីក្រុង​ថ្នាក់​ទី​ ១ បាន​កើនឡើង ០,៣ ភាគរយ​កាលពី​ខែកក្កដា​ធៀប​នឹង​ខែ​មិថុនា ខណៈ​ដែល​តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​ថ្នាក់​ទី​ ២ បាន​រាយការណ៍​ពី​កំណើន ០,៤ ​ភាគរយ​ដែល​កើនឡើង ០,១ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ខែ​មិថុនា​។

តម្លៃ​ផ្ទះ​លក់​បន្ត​នៅក្នុង​ទីក្រុង​ថ្នាក់​ទី​ ៣ បាន​កើនឡើង ០,៧ ភាគរយ​នៅ​ខែកក្កដា​ដែល​ជា​ល្បឿន​កំណើន​ដូចគ្នា​ធៀប​នឹង​ខែ​មិថុនា​។

លោក Liu Jianwei អ្នក​ស្ថិតិ​ជាន់ខ្ពស់​ប្រចាំ​ការិយាល័យ NBS បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​មូលដ្ឋាន​មាន​បំណង​ធ្វើឲ្យ​មាន​ស្ថិរភាព​តម្លៃ​ដី​តម្លៃ​ផ្ទះ និង​ការរំពឹងទុក​នានា និង​បាន​អនុវត្ត​បន្ថែម​ទៀត​នូវ​យន្តការ​រយៈពេល​វែង​សម្រាប់​បទប្បញ្ញត្តិ​អចលនទ្រព្យ​ក្នុង​ខែ​កក្កដា​។

បើ​គិតពី​មូលដ្ឋាន​ប្រចាំឆ្នាំ​ទាំង​តម្លៃ​ផ្ទះ​ថ្មី និង​តម្លៃ​ផ្ទះ​លក់​បន្ត​ដែល​បាន​ចុះបញ្ជី​កើនឡើង​នៅក្នុង​ទីក្រុង​ភាគច្រើន​របស់​ប្រទេស​ ចិន ប៉ុន្តែ​កើន​ក្នុង​ល្បឿន​ដដែល ឬ​ថមថយ​សម្ទុះ​ដោយ​ទីក្រុង​ថ្នាក់​ទី​ ៣ បាន​រាយការណ៍​ពី​កំណើន​ខ្លាំង​ជាង​ទីក្រុង​ធំៗ​ដូចជា​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ស៊ាងហៃ​។

តម្លៃ​ផ្ទះ​ថ្មី​ក្នុង​ទីក្រុង​ថ្នាក់​ទី​​ ១ បាន​កើនឡើង ៤,៣ ​ភាគរយ​កាលពី​ខែ​កក្កដា ខណៈ​ពេល​ដែល​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​ថ្នាក់​ទី ២ បាន​កើនឡើង ១០,៧ ភាគរយ និង​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​ថ្នាក់​ទី​ ៣ បាន​កើនឡើង ១០,២ ​ភាគរយ​។

លោក Zhang Dawei ប្រធាន​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Centaline Property បាន​ឲ្យ​ដឹងថា តម្លៃ​ផ្ទះ​ថ្មី​ភាគច្រើន​ទទួលរង​ឥទ្ធិពល​ពី​បទប្បញ្ញត្តិ​អចលនទ្រព្យ ជាពិសេស​គោលនយោបាយ​កំណត់​តម្លៃ​ដែល​អាច​ត្រូវ​បាន​ពង្រឹង​ក្នុង​ទីក្រុង​ជាច្រើន​ជា​ទី​ដែល​តម្លៃ​ផ្ទះ​បាន​កត់ត្រា​កំណើន​កាន់តែ​រហ័ស​។

ប្រទេស​ ចិន​ បាន​ប្ដេជ្ញា​ថា​នឹង​ប្រកាន់ខ្ជាប់​ទៅ​នឹង​គោលការណ៍​ថា «​លំនៅឋាន​សម្រាប់​រស់នៅ មិនមែន​សម្រាប់​ការ​កេងចំណេញ​តម្លៃ​» និង​អនុវត្ត​យន្តការ​រយៈពេល​វែង ដើម្បី​រក្សា​ការអភិវឌ្ឍ​ដោយ​ត្រឹមត្រូវ​របស់​ទីផ្សារ​អចលនទ្រព្យ​៕ People''s Daily/LA