ក្រុងសេអ៊ូល៖ តម្លៃលំនៅឋានក្នុងប្រទេស កូរ៉េខាងត្បូង ត្រូវបានរំពឹងយ៉ាងទូលំទូលាយថានឹងកើនឡើង ទោះបីជាបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ដែលដាក់អនុវត្តដោយរដ្ឋាភិបាលកូរ៉េខាងត្បូងក្តី។ នេះបើយោងតាមក្រុមអ្នកវិភាគក្នុងទីផ្សារកាលពីពាក់កណ្តាលខែមុន។
ក្នុងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលថ្មីៗរដ្ឋាភិបាល កូរ៉េបានបង្ហាញវិធានការថ្មីៗ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃលំនៅឋានដែលជំរុញឲ្យ មានវិធានកម្ចីទិញផ្ទះកាន់តែតឹងរ៉ឹង។
របាយការណ៍ដែលបានចេញផ្សាយដោយក្រុមហ៊ុនឈ្មួញជើងសារកូរ៉េ Mirae Asset Daewoo បានព្រមានក្រុមវិនិយោគិនក្នុងស្រុកថា ប្រសិនបើវិធានការថ្មីៗនេះបរាជ័យក្នុងការគ្រប់គ្រងការកើនឡើងតម្លៃលំនៅឋាន នោះនឹងមានវិធានការកាន់តែតឹងរ៉ឹងជាច្រើនទៀតដែលទំនងជានឹងត្រូវអនុម័តនៅឆ្នាំនេះ។
ក្រុមហ៊ុននេះបានផ្ដល់អនុសាសន៍ដល់ក្រុមវិនិយោគិនអចលនទ្រព្យដែលមានសក្ដានុពល ឲ្យងាកទៅមើលផលិតផលដែលជាប់ទាក់ទងផ្សេងទៀត ដែលរួមទាំងមូលនិធិវិនិយោគត្រាស់ (REIT) ឬទីផ្សារអចលនទ្រព្យបរទេស។
REIT ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ប្រាក់ចំណូលទៀងទាត់ និងប្រាក់ចំណេញប្រកបដោយស្ថិរភាពដល់ក្រុមវិនិយោគិន កំពុងមានភាពពេញនិយមនៅក្នុងប្រទេស កូរ៉េ។
លោក Lee Kwang-soo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Mirae Asset Daewoo បានឲ្យដឹងនៅក្នុងរបាយការណ៍នេះថា៖ «រដ្ឋាភិបាលទំនងជានឹងប្រកាសវិធានការតឹងរ៉ឹងបន្ថែមទៀត ប្រសិនបើទីផ្សារនេះបន្តប្រែប្រួលខ្លាំង»។
លោកបន្ថែមថា៖ «ទាក់ទងនឹងការគ្រប់គ្រងទ្រព្យសកម្ម វានឹងមានសារៈសំខាន់ក្នុងការធ្វើពិពិធកម្មផលបត្រវិនិយោគរបស់នរណាម្នាក់តាមរយៈការវិនិយោគលើ REIT និងផលិតផលពិភពលោកផ្សេងទៀត ដោយមួយនឹងសន្ទនីយភាពប្រកបដោយស្ថិរភាព ធៀបនឹងជាមួយនឹងទីផ្សារអចលនទ្រព្យក្នុងស្រុក»។
លោក Lee បានកត់សម្គាល់ថា វិធានការចុងក្រោយបំផុត គឺជា «វិធានការដ៏ខ្លាំងបំផុត និងអចលនទ្រព្យជាក់លាក់បំផុត ដែលប្រកាសដោយដោយរដ្ឋបាលលោក Moon Jae-in»។
ក្នុងការស្ទង់មតិដាច់ដោយឡែកមួយរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ពលរដ្ឋជាង ៦០ ភាគរយ ជឿជាក់ថា តម្លៃលំនៅឋាននឹងកើនឡើងក្នុងឆ្នាំ ២០២០ ខណៈដែលប្រហែល ១០ ភាគរយ បានឲ្យដឹងថា វានឹងធ្លាក់ចុះ។ ការស្ទង់មតិនេះបានចូលរួមដោយពលរដ្ឋនៅទីក្រុងសេអ៊ូល ១ ៣០០ នាក់ មានអាយុលើសពី ១៩ ឆ្នាំ។
អ្នកឆ្លើយតប ១២,៧ ភាគរយ បានឲ្យដឹងថា តម្លៃលំនៅឋាននឹង «កើនឡើងខ្ពស់» ខណៈ ៤៨,៤ ភាគរយ បានឲ្យដឹងថា វានឹងកើនឡើងបន្តិចបន្តួច។ អ្នកឆ្លើយតបប្រហែល ១៩,៩ ភាគរយបានឲ្យដឹងថា តម្លៃនឹងថេរ ខណៈ ៨,២ ភាគរយ បានឲ្យដឹងថា តម្លៃនឹង «ធ្លាក់ចុះបន្តិចបន្តួច និង ១,៣ ភាគរយ បានប្រាប់ថា តម្លៃនឹង «ធ្លាក់ចុះខ្លាំង»។
ទាក់ទងនឹងការបង្កើនពន្ធអចលទ្រព្យលើម្ចាស់ដែលមានលំនៅឋានច្រើន អ្នកឆ្លើយតប ៧១,៧ ភាគរយ បានឲ្យដឹងថា ពួកគេបានគាំទ្រវិធានការនេះ។ ផ្ទុយទៅវិញអ្នកឆ្លើយតប ២៦,២ ភាគរយ បានឲ្យដឹងថា ពួកគេបានជំទាស់យ៉ាងខ្លាំង ឬបានមានទំនោរទៅរកការមិនឯកភាព។
ទាក់ទងនឹងប្រសិទ្ធភាពនៃវិធានការអចលនទ្រព្យពីមុន ដែលបានប្រកាសកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ មានតែអ្នកឆ្លើយតប ២៧,៦ ភាគរយប៉ុណ្ណោះ បានឲ្យដឹងថា វាជាវិធានការមួយប្រកបដោយប្រសិទ្ធភាព ខណៈដែលជាង ៦០ ភាគរយ បានបញ្ជាក់ថា វាឥតប្រយោជន៍។
ក្រុមតំណាងរាស្រ្ដកូរ៉េខាងត្បូងក៏មានការខ្វែងគំនិតគ្នាផងដែរចំពោះវិធានការអចលនទ្រព្យចុងក្រោយបំផុតទាំងនេះ ដោយលោក Ha Tae-kyung មកពីគណបក្សប្រឆាំងសំឡេងភាគតិច Bareunmirae Party បានរិះគន់រដ្ឋាបាលបច្ចុប្បន្នពីបទបណ្ដាលឲ្យមានការកើនឡើងតម្លៃលំនៅឋានតាមរយៈ «វិធានការមិនសមហេតុផល»។
លោក Ha បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានបង្ហោះលើ Facebook ថា៖ «វិធានការចុងក្រោយបំផុតនេះត្រូវបានចេញផ្សាយ នៅពេលតម្លៃលំនៅឋានបានកើនឡើងតាមរយៈវិធានការអចលនទ្រព្យមិនសមហេតុផល ដែលគ្រាន់តែជំរុញឲ្យមានកំហឹងសាធារណជនតែប៉ុណ្ណោះ»៕ LA