The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​វិនិយោគ​លើ​សណ្ឋាគារ​នៅ​ប្រទេស​ ថៃ​ ធ្លាក់ចុះ​ខ្លាំង

តម្លៃ​វិនិយោគ​លើ​សណ្ឋាគារ​នៅ​ប្រទេស​ ថៃ​ ធ្លាក់ចុះ​ខ្លាំង

Content image - Phnom Penh Post
សណ្ឋាគារ និង​រមណីយដ្ឋាន​នៅលើ​កោះ​មួយ​នៅ​ភូកេត ប្រទេស​ថៃ​។ រូបថត AFP

តម្លៃ​វិនិយោគ​លើ​សណ្ឋាគារ​នៅ​ប្រទេស​ ថៃ​ ធ្លាក់ចុះ​ខ្លាំង

ក្រុងបាងកកៈ តម្លៃ​សរុប​នៃ​ការវិនិយោគ​លើ​សណ្ឋាគារ​ក្នុងប្រទេស ​ថៃ​ បាន​ធ្លាក់​ចុះមក​នៅត្រឹម ៣,៧ ​ពាន់​លាន​បាត (​ជាង ១១៨ ​លាន​ដុល្លារ​) នៅ​ឆ្នាំ​ ២០១៩ ធៀប​នឹង ២០,៥ ​ពាន់​លាន​បាត​នៅ​ឆ្នាំ​ ២០១៨​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​អាច​រកបាន​កាន់តែ​តិច​នៃ​ទ្រព្យសកម្ម​សណ្ឋាគារ​ថ្នាក់​វិនិយោគ (investment-grade) ដែល​ដាក់លក់​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន JLL Hotels and Hospitality Group ។

ប្រទេស​ថៃ​បាន​មើលឃើញ​ប្រតិបត្តិការ​វិនិយោគ​សណ្ឋាគារ​ធំៗ​ចំនួន​ ៤ ប៉ុណ្ណោះ​កាលពី​ឆ្នាំ​ ២០១៩ គឺ​សណ្ឋាគារ Four Points ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sheraton Bangkok សណ្ឋាគារ​ចាស់ Customs House (​ការជួល ដែល​ជា​អគារ​ប្រវត្តិសាស្ដ្រ​មួយ​ដោយ​ក្រុមហ៊ុន Chao Phraya River ត្រូវបាន​បំប្លែង​ទៅ​ជា​សណ្ឋាគារ​ដោយ​ក្រុមហ៊ុន U City Plc ) សណ្ឋាគារ Anantara Baan Rajprasong (​ជួល បច្ចុប្បន្ន​ជា​សណ្ឋាគារ Dusit Suites Hotel Ratchadamri Bangkok) និង​សណ្ឋាគារ Beach Garden Hotel Chaam ។

សណ្ឋាគារ Four Points ដែលមាន​ ២៦៨ ​បន្ទប់ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន Sheraton Bangkok គឺជា​ការវិនិយោគ​ធំ​បំផុត​បើ​គិតពី​តម្លៃ​ដែល​លក់​ក្នុង​តម្លៃ ២,២៥ ​ពាន់​លាន​បាត​ឲ្យ​ក្រុមហ៊ុន TA Global Berhad របស់​ម៉ាឡេស៊ី​។

លោក Chakkrit Chakrabandhu Na Ayudhya អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​លក់​មកពី​ក្រុមហ៊ុន JLL Hotels and Hospitality Group Asia បាន​ថ្លែងថា​៖ «​ទាំង​ក្រុម​វិនិយោគិន​អន្តរជាតិ និង​ក្នុងស្រុក​បាន​បន្ត​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ​ការទិញ​សណ្ឋាគារ​នៅក្នុង​ប្រទេស​ថៃ ជាពិសេស​ទីក្រុង​បាងកក ទីក្រុង​ភូកេត កោះ​សាមុយ និង​ទីក្រុង​ឈៀងម៉ៃ​»​។

លោក​បន្តថា​៖ «​ទោះយ៉ាងណា​ទ្រព្យសកម្ម​សណ្ឋាគារ​ថ្នាក់​វិនិយោគ​សម្រាប់​ការលក់​នៅមាន​កម្រិត​កាលពី​ឆ្នាំ​ ២០១៩ បន្ទាប់ពី​ការកើនឡើង​ខ្លាំង​បំផុត​រយៈពេល​ ២ ​ឆ្នាំ​»​។

ក្រៅពី​កង្វះ​ស្ដុក​សណ្ឋាគារ​សម្រាប់​លក់ ការពន្យារពេល​ក្នុង​ប្រតិបត្តិ​ការវិនិយោគ​លើ​សណ្ឋាគារ​មួយចំនួន​ក៏​បាន​រួមចំណែក​ដល់​ការធ្លាក់ចុះ​នេះ​ផងដែរ​។

លោក Chakkrit បាន​ថ្លែងថា​៖ «​មាន​កិច្ចព្រមព្រៀង​សណ្ឋាគារ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ចំនួន​ដែល​កិច្ចព្រមព្រៀង​ស្តីពី​ការទិញ​លក់​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំមុន ប៉ុន្តែ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រោង​នឹង​ផ្ទេរ​ក្នុង​ឆ្នាំ​ ២០២០»​។ លោក​បន្តថា​៖ «​កិច្ចព្រមព្រៀង​ទាំងនេះ​មួយ​ចំនួន​មាន​សារៈសំខាន់​ទាក់ទង​នឹង​តម្លៃ ហើយ​នឹង​ផ្ដល់​ការជំរុញ​ខ្លាំង​ចំពោះ​ទំហំ​វិនិយោគ​សណ្ឋាគារ​ក្នុង​ឆ្នាំ​ ២០២០»​។

ទោះជា​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក៏ដោយ ក៏​ក្រុម​វិនិយោគិន​ជាទូទៅ​កំពុង​អនុវត្ត​វិធីសាស្ដ្រ​កាន់តែ​ប្រុងប្រយ័ត្ន​។

យោងតាម​ក្រុមហ៊ុន STR Global ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​ ១ ​បន្ទប់​ដែល​អាច​រកបាន (RevPAR ) សម្រាប់​សណ្ឋាគារ​ក្នុងប្រទេស​ថៃ​នៅក្នុង​រយៈពេល​ ១ ​ឆ្នាំ​គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ ៥,៦ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក​បន្តថា​៖ «​ការធ្លាក់ចុះ​លទ្ធផល​ប្រតិបត្តិការ​សណ្ឋាគារ​កាលពី​ឆ្នាំមុន​នៅ​ទិសដៅ​រមណីយដ្ឋាន​មួយ​ចំនួន​បាន​ធ្វើឲ្យ​ក្រុម​វិនិយោគិន​មួយចំនួន​មាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ក្នុង​ការវាយតម្លៃ​របស់​ពួកគេ​»​។ លោក​បន្ថែមថា​៖ «​ទោះបី​យ៉ាង​ណា ក្រុម​វិនិយោគិន​យុទ្ធសាស្ដ្រ​រយៈពេល​វែង​ដែល​យល់ដឹង​ពី​វដ្ដ​ឧស្សាហកម្ម​ទេសចរណ៍​បាន​រក្សា​ការផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រទេស​ថៃ​ដែល​ល្បី​ថា ជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​រឹងមាំ​បំផុត​ជាច្រើន​នៅ​អាស៊ី​»​។

លោក Mike Bachelor ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន JLL Hotels and Hospitality Group Asia បាន​ឲ្យ​ដឹងថា ខណៈ​ដែល​ក្រុម​វិនិយោគិន​បរទេស​នៅតែ​កំពុង​ស្វែងរក​យ៉ាងសកម្ម​នូវ​ការវិនិយោគ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ត្រួតពិនិត្យ​ចំណុច​ចូល​របស់​ពួកគេ​យ៉ាង​យកចិត្ត​ទុកដាក់ ដោយសារ​តែ​ការកើន​តម្លៃ​ប្រាក់​បាត​។

លោក​ថ្លែងថា​៖ «​យ៉ាងណា​ក៏ដោយ​ថៃ​ផ្ដល់​ទិន្នផល​ខ្ពស់ជាង​ទីផ្សារ​ផ្សេងទៀត​ក្នុង​ចំណោម​ទីផ្សារ​សំខាន់ៗ​ជាច្រើន​នៅ​អាស៊ី ហើយ​បើ​មើល​ពី​ចក្ខុវិស័យ​តម្លៃ​ក្នុង​ ១ ​បន្ទប់ វា​នៅ​តែ​មានតម្លៃ​កាន់តែ​ទាប​»​។

ក្រុមហ៊ុន JLL រំពឹងថា សកម្មភាព​វិនិយោគ​លើ​សណ្ឋាគារ​នៅក្នុង​ប្រទេស​ ថៃ នឹង​ស្ទុះ​ងើប​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ២០២០ ជាមួយ​នឹង​តម្លៃ​កើនឡើង​ដល់​ពី ចំនួន ១០ ​ពាន់​លាន​ទៅ ១២ ​ពាន់​លាន​បាត​៕ LA

អត្ថបទគួរចាប់អារម្មណ៍