
ផែនទីបង្ហាញទីតាំងតម្លៃដីក្នុងក្រុងសៀមរាប តាមប្លុករបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអេស្ទេត។ រូបថត សហការី
សៀមរាប៖ ស្របពេលដែលតម្លៃដីនៅតាមខេត្តជាប់សមុទ្រ និងរាជធានីភ្នំពេញ បានបង្ហាញពីកំណើនកាលពីឆ្នាំ ២០១៨ តម្លៃអចលនទ្រព្យនៅខេត្តទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា មិនមានការប្រែប្រួលច្រើននោះទេក្នុងអំឡុងពេលនេះ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអេស្ទេត។
របាយការណ៍ស្រាវជ្រាវតម្លៃដីធ្លីប្រចាំឆមាសទី ២ របស់ក្រុមហ៊ុន ឃី រៀលអេស្ទេត ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃម្សិលមិញបង្ហាញថា តម្លៃដីនៅក្នុងក្រុងសៀមរាប មានតម្លៃចាប់ពី ១០០ ដុល្លារទៅដល់ ៥ ៥០០ ក្នុង ១ ម៉ែត្រការ៉េ។
លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអេស្ទេត បាននិយាយថា តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាប កាលពីឆ្នាំមុនមិនបានកើនច្រើនទេ ព្រោះខេត្តសៀមរាបជាកន្លែង ដែលមានការអភិវឌ្ឍ និងដីមានតម្លៃកើនខ្ពស់ជាយូរមកហើយ។
លោកបន្តថា ជារួមសម្រាប់ឆ្នាំ ២០១៨ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាបកើនឡើងចន្លោះពី ៥ ទៅ ១០ ភាគរយតែប៉ុណ្ណោះខុសពីខេត្តព្រះសីហនុ ដែលដីបានកើនឡើងយ៉ាងខ្ពស់ ដោយសារទីនោះជាតំបន់អភិវឌ្ឍន៍ថ្មី និងមានភ្ញៀវជនជាតិចិនជាច្រើនទៅសម្រាកកម្សាន្ត។
លោកថ្លែងថា៖ «ស្ថានភាពអចលនទ្រព្យនៅក្រុងសៀមរាប និងរាជធានីភ្នំពេញគឺប្រហាក់ប្រហែលគ្នា ដោយសារកន្លែងទាំង ២ នេះមានការអភិវឌ្ឍស្ទើររួចហើយ»។
លោកពន្យល់ថា ការសុំច្បាប់សាងសង់សំណង់អគារខ្ពស់ៗក៏មិនមានភាពងាយស្រួលនោះទេ ព្រោះជាតំបន់ត្រូវអភិរក្ស។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យអចលនទ្រព្យក្នុងក្រុងសៀមរាបនៅតែរក្សាបានភាពល្អប្រសើរ ដោយកាលពីឆ្នាំ ២០១៨ តម្លៃអចលនទ្រព្យបានកើនឡើងក្នុងរង្វង់ ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។
លោកបញ្ជាក់ថា៖ «ការកើនឡើងក្នុងកម្រិតនេះអាចនិយាយថាល្អ ព្រោះវាកើនឡើងសមស្របជាមួយនឹងការរីកចម្រើនក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា»។
លោកបានបន្តថា បច្ចុប្បន្ននៅក្នុងក្រុងសៀមរាបមានគម្រោងសាងសង់សណ្ឋាគារផ្ទះសំណាក់ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម កើតឡើងជាបន្តបន្ទាប់។
របាយការណ៍របស់សហគ្រាសអង្គរ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ តំបន់ឧទ្យានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥៩ លាននាក់កើនឡើង ៥,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដោយរកប្រាក់ចំណូលបានជាង ១១៦,៦៤ លានដុល្លារ កើន ៨ ភាគរយ៕ LA