ទីក្រុងបាងកកៈ ចក្ខុវិស័យ​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ថៃ​នា​ឆ្នាំនេះ​នឹង​ស្ថិតក្នុង​ភាពស្រពេចស្រពិល ប៉ុន្តែ​សញ្ញា​ការស្ទុះ​ងើបឡើង​វិញ​អាច​កើតឡើង​ត្រឹម​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា Juwai IQI​។

លោក Georg Chmiel ប្រធាន​ប្រតិបត្តិ Juwai IQI បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខ្លួន​បាន​តាមដាន​ការវិវឌ្ឍ​នៃ​ការរំពឹងទុក​សម្រាប់​តម្លៃ ការជួល និង​និន្នាការ​សកម្មភាព​ទីផ្សារ ដែល​ពឹង​ផ្អែកលើ​ការស្ទង់មតិ​នៅក្នុង​ចំណោម​ទីភ្នាក់ងារ​អចលនទ្រព្យ​ថៃ​ចំនួន ១៩៦ ​នាក់​នៅ​ចន្លោះ​ពីថ្ងៃ​ទី​ ១២ ខែកុម្ភៈ ដល់​ថ្ងៃទី​ ២ ​ខែមីនា​។

ត្រឹម​ចុង​ឆ្នាំ​ ២០២០ តម្លៃ​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​ ២,៤ ​ភាគរយ​មុន​ពេល​ធ្លាក់ចុះ​ ៥,៦ ​ភាគរយ​ត្រឹម​ចុងឆ្នាំ​ ២០២១​។

ទីក្រុង Chiang Mai នឹង​មើលឃើញ​ការកើនឡើង​ខ្ពស់បំផុត​ ១២,៨ ​ភាគរយ​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​ការប្រឈម​នឹង​ការធ្លាក់ចុះ ២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ​។ ទីក្រុង​បាងកក​ទំនង​ជា​នឹង​ប្រឈម​ការផ្លាស់ប្តូរ​ធំជាងគេ ខណៈ​តម្លៃ​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ ៤,៩ ​ភាគរយ​ត្រឹម​ចុង​ឆ្នាំនេះ និង​កើនឡើង ៧,៣ ​ភាគរយ​ត្រឹម​ចុង​ឆ្នាំ​ ២០២១​។

ទីផ្សារ​តែមួយគត់​ជាមួយ​នឹង​ចក្ខុវិស័យ​វិជ្ជមាន​ទាំង​នៅក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ គឺ​ខេត្ត​ភូកេត​ដោយ​ការរំពឹងទុក​កំណើន​ចំនួន ១,៧ ភាគរយ​នៅ​ឆ្នាំនេះ និង ៥,៥ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។

ការព្យាករ​សម្រាប់​ការជួល​ជាទូទៅ​គឺ​អវិជ្ជមាន​ដោយ​ការធ្លាក់ចុះ​ចំនួន ២,៦ ​ភាគរយ​ត្រឹម​ចុង​ឆ្នាំ​ ២០២០​។

ការជួល​នៅ​ទីក្រុង​បាងកក​ត្រូវ​រំពឹងថា នឹង​ធ្លាក់ចុះ ២,៩ ​ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ដែល​នៅ​ទីក្រុង​ឈៀងម៉ៃ ចក្ខុវិស័យ​គឺ​ធ្លាក់ចុះ ២,១ ​ភាគរយ​នៅ​ឆ្នាំនេះ និង​ធ្លាក់ចុះ​ខ្លាំង ១១,៩ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។

ការស្ទង់មតិ​បានបង្ហាញ ការលក់​លំនៅឋាន​ថ្មីៗ​នៅ​ទូទាំង​ប្រទេស​ដែល​អ្នកទិញ​បរទេស​មាន​ចំនួន ៣១ ​ភាគរយ​នៃ​ការប្រតិបត្តិការ​ដែលជា​ចំណែក​ឈាន​មុខ​គេ​នៅក្នុង​ទីផ្សារ​។

អ្នកទិញ​ក្នុងស្រុក​លើកដំបូង​ស្មើនឹង ២៦ ​ភាគរយ​នៃ​ទីផ្សារ​លំនៅឋាន​ថ្មី​តាម​ពីក្រោយ​ដោយ​ក្រុម​វិនិយោគិន​ក្នុង​ស្រុក​ថ្មី​មាន​ចំនួន​ ២៤ ​ភាគរយ និង​អ្នកទិញ​ក្នុងស្រុក​ថ្មី​មាន​ចំនួន​ ១៩ ​ភាគរយ​។

នៅ​ទូទាំងប្រទេស ៣៥ ​ភាគរយ​នៃ​ទីភ្នាក់ងារ​បាន​រាយការណ៍​ថា អ្នកទិញ​ជនបរទេស​នឹង​ទិញ​បន្ថែមទៀត​នៅ​ឆ្នាំ​ខាងមុខ​នេះ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ទីភ្នាក់ងារ​អចលនទ្រព្យ​ប្រហែល ៣១ ​ភាគរយ​បាន​រំពឹងថា ក្រុម​វិនិយោគិន​ក្នុងស្រុក​នឹង​បង្កើន​ចំនួន​ប្រតិបត្តិការ​ដែល​ពួកគេ​ធ្វើ​នៅ​ឆ្នាំ​ខាងមុខនេះ ខណៈ​ដែល ២៩ ​ភាគរយ​រំពឹងថា អ្នកទិញ​នៅក្នុង​ស្រុក​លើកដំបូង និង​អ្នកទិញ ក្នុង​ស្រុក​ថ្មី​នឹង​កាន់តែ​សកម្ម​នៅក្នុង​ឆ្នាំ​ខាងមុខនេះ​៕ B.Post/LA