ទីក្រុងបាងកកៈ ធនាគារ​លំនៅឋាន​របស់​រដ្ឋាភិបាល​ថៃ (GHB) បាន​ឲ្យ​ដឹងថា តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត Samut Prakarn ដែល​ជា​ខេត្ត​នៅជាប់​ទីក្រុង​បាងកក ជាពិសេស​តម្លៃ​លំនៅឋាន​ក្នុង​គម្រោង​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង MRT Green Line បាន​ធ្លាក់ចុះ​ច្រើន​រហូត​ដល់​ទៅ​ ៣៦ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

លោក Wichai Wiratkapan នាយករង​នៃ​មជ្ឈមណ្ឌល​ទិន្នន័យ​អចលនវត្ថុ​នៃ​ធនាគារ GHB បាន​និយាយថា​៖ «​ម្ចាស់​គម្រោង​អចលនទ្រព្យ​បាន​កាត់បន្ថយ​តម្លៃ​ដើម្បី​បង្កើន​ការលក់​ក្នុង​ក្តីសង្ឃឹម​ថា​ពួកគេ​អាច​បាន​ទទួល​សន្ទនីយភាព​ឡើងវិញ​ដោយសារ​តែ​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​វិបត្តិ​កូវីដ​ ១៩»​។

លោក​ប្រាប់ថា​៖ «​ខុនដូ​ក្នុង​តំបន់ Samut Prakarn កំពុង​លក់​ក្នុង​អត្រា​តម្លៃ ៣៦ ​ភាគរយ​ថោក​ជាង​តម្លៃ​កាលពី​ឆ្នាំមុន ខណៈ​ដែល​និវេសនដ្ឋាន​ក្នុង​ទីក្រុង​លក់​ក្នុង​អត្រា​ប្រហែល ៣២ ​ភាគរយ​ទាប​ជាង​ដើម្បី​ទាក់ទាញ​អតិថិជន​។

លោក​ព្រមាន​ថា​៖ «​តម្រូវការ​ធ្លាក់ចុះ និង​ការសាងសង់​ផ្ទះ​ថ្មីៗ​កើនឡើង​កំពុង​បណ្តាល​ឲ្យ​មាន​សង្គ្រាម​តម្លៃ​កាន់តែ​ខ្លាំង​ហើយ​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទីផ្សារ​អចលនទ្រព្យ​លក់​បន្ត​ក្នុង​ឆមាស​ទី​ ២ ​នៃ​ឆ្នាំនេះ​។ បើ​និន្នាការ​នេះ​នៅតែ​បន្ត ស្ថាប័ន​ហិរញ្ញវត្ថុ​នឹង​រងគ្រោះ​ពី​ការធ្លាក់ចុះ​ការលក់​អចលនទ្រព្យ និង​អាច​បន្ថយ​កម្ចី​ដែល​ផ្តល់​ដល់​អ្នកទិញ​ផ្ទះ​ទៀតផង​»​។

ធនាគារ GHB បាន​រាយការណ៍​ថា តារាង​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជុំវិញ​ទីក្រុង​នេះ​គឺ ១២៨,៣ ​ពិន្ទុ​ ក្នុង​ត្រីមាស​ទី​ ២ ដោយ​កើនឡើង​ ១,៩ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា ប៉ុន្តែ​ធ្លាក់ចុះ​ ០,១ ​ភាគរយ​ធៀប​នឹង​ត្រីមាស​មុន​។

លោក Wichai បាន​បន្ថែមថា​៖ «​ទោះបី​គម្រោង​ជាច្រើន​តាមផ្លូវ MRT Green Line កំពុង​ធ្លាក់ចុះ ប៉ុន្តែ​តម្លៃ​គម្រោង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង Yellow Line ដែល​កំពុង​សាងសង់​ពេល​នេះ​ទំនង​ហក់​ឡើងជា ការឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន​»៕ ANN/RR