ភ្នំពេញៈ បើ​ទោះ​បី​ជា​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ បាន​​បើក​ជា​ផ្លូវ​ការ​រយៈ​ពេល​ជិត​ ២ សប្តាហ៍​​​​ហើយ​​​ក៏​ដោយ ប៉ុន្តែ​​តម្លៃ​ដី​​តាម​​​ផ្លូវ​នេះ​មិន​មាន​អ្វី​​​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​ ខណៈ​ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​​​លើក​ឡើង​ថា ដោយ​សារ​​​តម្លៃ​នៅ​ទីនោះ​បាន​កើន​ឡើង​​តាំង​ពី​ជាង​ ១ ​ឆ្នាំ​មុន​មក​ម្ល៉េះ។

ផ្លូវ​ក្រវាត់​ក្រុង​​ទី ៣ ដែល​មាន​ប្រវែង​ ៥២,៩៨៣ គីឡូ​ម៉ែត្រ​នេះ​ បាន​បើក​ដំណើរការ​សាងសង់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មករា ដោយ​​គ្រោង​នឹង​​ចំណាយ​​ថវិកា​ ២៧៣ លាន​ដុល្លារ ក្រោម​ការ​​ផ្តល់​ហិរញ្ញប្ប​ទាន​សម្បទាន​​ពី​ប្រទេស​ ចិន និង​ប្រាក់​បដិភាគ​ពី​រាជ​រដ្ឋាភិបាល​​កម្ពុជា។

ផ្លូវ​​​​នេះ​​តភ្ជាប់​ផ្លូវ​ជាតិ​លេខ ៤ ទៅ​​ផ្លូវ​ជាតិ​លេខ ១ ដោយ​ឆ្លង​កាត់​ភូមិសាស្រ្ត​​រាជ​ធានី​ភ្នំពេញ​ចម្ងាយ ១៥,៤២៤ គីឡូ​ម៉ែត្រ និង​ឆ្លង​កាត់​ខេត្ត​កណ្តាល​ប្រវែង​ ៣៧,៥៥៩​គីឡូ​ម៉ែត្រ។ ចំណុច​​ចាប់​ផ្តើម​របស់​​ផ្លូវ​នេះ គឺ​ចេញ​ពី​គីឡូ​ម៉ែត្រ​លេខ​ ១៤ នៃ​ផ្លូវ​ជាតិ​លេខ ៤ ​និង​ចំណុច​ចុង​បញ្ចប់​នៅ​គីឡូ​ម៉ែត្រ​លេខ​ ២៤ នៃ​ផ្លូវ​ជាតិ​លេខ​ ១។

លោក ឌឹត ចណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឡាក់គី រៀលធី បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​តាម​បណ្តោយ​​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ មិន​បាន​ប្រែប្រួល​ច្រើន​​​ទេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​​នេះ ព្រោះ​សកម្មភាព​ទិញ​​លក់ និង​តម្លៃ​​​បាន​ផ្ទុះ​ឡើង​តាំង​ពី​ជាង​ ១ ​ឆ្នាំ​មុន​មក​ម្ល៉េះ។

លោក​​លើក​ឡើង​ថា៖ «​ដោយ​សារ​ព័ត៌មាន​ពី​​​ផ្លូវ​ក្រវាត់​ក្រុង​ទី ​៣ នេះ​បាន​លេច​ឮ​ជា​យូរ​មក​ហើយ​នោះ ដូច្នេះ​ការ​ទិញ​​លក់​ បាន​កើត​មាន​ជា​ហូរហែ និង​តម្លៃ​បាន​កើន​ឡើង​​តាំង​ពី​យូរ​មក​ហើយ។ នេះ​ជា​ហេតុផល​ដែល​មិន​ធ្វើ​ឲ្យ​តម្លៃ​ដី​ស្ទុះ​ងើប​បន្ថែម​នៅ​ពេល​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​​»។

លោក​ ចណ្ណា ប្រាប់​ទៀត​ថា បច្ចុប្បន្ន​​នេះ​តម្លៃ​ដី​​នៅ​ជាប់​ផ្លូវ​ក្រវាត់​ក្រុង​​ទី​ ៣ ចន្លោះ​ពី​ផ្លូវ​​​ជាតិ​លេខ​ ៣​ ទៅ​​ផ្លូវ​ជាតិ​លេខ​ ៤ មាន​តម្លៃ​ជា​មធ្យម​​ ​២០០ ​ទៅ ​៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ចំណែក​ចាប់​ពី​ផ្លូវ​ជាតិ​លេខ ៣ ទៅ​ដល់​កោះ​អន្លង់​ចិន មាន​តម្លៃ​​​ចន្លោះ​ពី​​ ១៥០ ​ទៅ​ ២០០ ​ដុល្លារ និង​ចាប់​ពី​កោះ​អន្លង់ចិន​ទៅ​ដល់​ផ្លូវ​ជាតិ​លេខ​ ១ មាន​តម្លៃ​ជា​មធ្យម​​ពី​ ២៥ ​​​ទៅ​​ ៤០ ​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា៖​ «តម្លៃ​នេះ​​បើ​ប្រៀប​នឹង​រយៈ​ពេល​ ២-៣ ​​ខែ​កន្លង​មក គឺ​មិន​កើន​ឡើង​​​ទេ តែ​​​បើ​យើង​ធៀប​នឹង​ដើម​ឆ្នាំ​ ២០១៨ គឺ​មាន​កំណើន​ខ្ពស់ ដោយ​តំបន់​នៅ​ជិត​ផ្លូវ​ជាតិ​លេខ​ ១ រហូត​ដល់​កោះ​អន្លង់ចិន ​មាន​កំណើន​ចន្លោះ​ពី​ ៣០ ​ទៅ​​ ៥០ ​ភាគរយ ខណៈ​តំបន់​ផ្សេង​ទៀត​មាន​កំណើន​ប្រហែល​ ១០-​១៥ ​ភាគរយ​។​»​។

ទាក់ទង​នឹង​បម្រែ​បម្រួល​តម្លៃ​អចលន​ទ្រព្យ​នៅ​ពេល​មាន​ការ​កសាង​ផ្លូវ លោក​ ចណ្ណា បាន​ពន្យល់​ថា ជា​ធម្មតា នៅ​ពេល​មាន​ព័ត៌មាន​​ពី​ការ​សាងសង់​ផ្លូវ តម្លៃ​នឹង​ស្ទុះ​ឡើង​លឿន​មួយ​រយៈ តែ​​វា​នឹង​នៅ​ថេរ​អំឡុង​ពេល​សាង​សង់ និង​វា​អាច​ស្ទុះ​ងើប​ឡើង​វិញ​នៅ​រយៈ​ពេល​​ ២-៣ ​ឆ្នាំ​បន្ទាប់​ពី​ការ​សាងសង់​បញ្ចប់​។​ លោក​អះអាង​ថា៖​ «​​នៅ​ពេល​ផ្លូវ​សាងសង់​ផ្លូវ​រួច​ ២-៣ ​ឆ្នាំ ខ្ញុំ​គិត​ថា ​ទី​នោះ​នឹង​មាន​ក្រុមហ៊ុន និងសំណង់​ជា​ច្រើន​លេច​ឡើង​ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ដី​ស្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត​»​។​

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា ​យល់​ឃើញ​​​ប្រហាក់​ប្រហែល​​​​​នឹង​លោក ចណ្ណា ដែរ​ ដោយ​លោក​ប្រាប់​​​​ថា ដី​នៅ​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ត្រូវ​បាន​ឈ្មួញ ឬ​អ្នក​វិនិយោគ​ធំ​ៗ​ទិញ​ពី​ប្រជាជន​ជា​យូរ​មក​ហើយ ដូច្នេះ​តម្លៃ​របស់​​វា​នា​ពេល​ថ្មី​ៗ​នេះ​មិន​សូវ​កើន​​​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ ​«សម្ទុះ​តម្លៃ​ដី​នា​ពេល​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ តែ​បើ​ធៀប​ចុង​​​ឆ្នាំ ​២០១៧ គឺ​ខុស​គ្នា​ច្រើន​មែន​ទែន ដោយ​កន្លែង​ខ្លះ​ឡើង​​ពី ​២ ​ទៅ​​ ៣​ ដង​ក៏​មាន​»។​

ដោយ​មិន​គិត​ពី​ដី​​ដែល​នៅ​ជាប់​តាម​បណ្តោយ​ផ្លូវ​ធំ លោក សុខនីម ​បាន​ឲ្យ​ដឹង​​ថា ដី​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៣០ ​ទៅ​​ ១០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ លើកលែង​តែ​តំបន់​ដែល​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​របស់​ក្រុម​ហ៊ុន OCIC ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ៧០ ​ទៅ​ ២០០ ​ដុល្លារ​៕​ LA