ភ្នំពេញៈ ការធ្លាក់ចុះ​ដ៏គំហុក​ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​ធ្វើការ និង​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​ការព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​តម្លៃ​ជួល​អាផាតមិន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដំណាច់ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ប្រមាណ​ជិត ២០ ​ភាគរយ​ បើ​ធៀប​ទៅ​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

ការសិក្សា​របស់ CBRE រកឃើញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ អាផាតមិន​ក្នុង​រាជធានី​ភ្នំពេញ កម្រិត A មាន​តម្លៃ​ជួល​ជា​មធ្យម​ពី​ ៩០០ ​ទៅ​ ១ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់​ប្រភេទ​ស្ទូឌីយោ និង​ ១ ​បន្ទប់​គេង និង​ប្រភេទ ២ ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី ១ ៨០០ ​ទៅ​ ២ ៣០០ ​ដុល្លារ​ដែល​តម្លៃ​នេះ​បាន​ធ្លាក់ចុះ ១៨,៧៤ ​ភាគរយ​ធៀប​នឹង​ចុងឆ្នាំ​ ២០១៩​។

ចំណែក​អាផាតមិន​កម្រិត B មាន​តម្លៃ​ជួល​ចន្លោះ​ពី ៥០០ ​ទៅ​ ១ ០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់​ប្រភេទ​ស្ទូឌីយោ និង​ ១ ​បន្ទប់​គេង និង​ប្រភេទ ២ ​បន្ទប់​គេង​មាន​តម្លៃ​ចន្លោះ​ពី ១ ២០០ ​ទៅ​ ១ ៦០០ ​ដុល្លារ​ធ្លាក់ចុះ ១៨,២១ ​ភាគរយ​។

យោងតាម​ការសិក្សា​ខាងលើ​គិត​មកដល់​ពេល​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​អាផាតមិន​ជួល​សរុប ២ ៩៥១ ​យូនីត​។

កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ​ថា តម្លៃ​ជួល​អាផាតមិន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​តាំងពី​ចុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២០ មក ព្រោះ​ភាគច្រើន​ភ្ញៀវ​បរទេស​ដែល​ធ្វើដំណើរ​ទៅលេង​ប្រទេស​របស់ខ្លួន គឺ​មិនបាន​ត្រឡប់មក​កម្ពុជា​វិញ​ទេ​រហូត​មក​ដល់ពេល​នេះ ដោយសារ​តែ​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។ កញ្ញា​បាន​បន្តថា ភាពទំនេរ​នៃ​ទីតាំង​បាន​ធ្វើឱ្យ​តម្លៃ​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​វា​ក៏​អាច​នឹង​បន្ត​អូសបន្លាយ​ក្នុង​ឆ្នាំ​ ២០២១ នេះ​ផងដែរ​។

កញ្ញា គិនកេសា អះអាង​ថា​៖ «​តាម​ការស្រាវជ្រាវ​តម្លៃ​ជួល​អាផាតមិន​ក្នុងឆ្នាំនេះ​អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត ព្រោះ​ចំនួន​ជនបរទេស​មក​កម្ពុជា​នឹង​មិនទាន់មាន​ចំនួន​ច្រើន​ដូចដើម​ទេ ហើយ​ការប្រកួតប្រជែង​តម្លៃ​ជួល ក៏ដូចជា​ការដាក់​ចូល​ក្នុង​ទីផ្សារ​របស់​អាផាតមិន និង​ខុនដូ​ក៏​នឹងមាន​ចំនួន​ច្រើន​ដែរ​ក្នុង​ឆ្នាំ​ ២០២១ នេះ​»​។ កញ្ញា​បន្ថែមថា​៖ «​គ្រាន់តែ​អត្រា​នៃ​ការធ្លាក់ចុះ​តម្លៃ​ជួល​នឹងមិន​ច្រើន​ដូច​ក្នុង​ឆ្នាំ​ ២០២០ ទៀត​ទេ ព្រោះ​តម្លៃ​ពេលនេះ​គឺ​ទាប​ណាស់​ទៅហើយ​»​។

កញ្ញា​លើកឡើង​ទៀតថា ការ​បន្ទាប​តម្លៃ​ជួល​របស់​សណ្ឋាគារ​ក៏​អាចជា​ដៃគូ​ប្រកួតប្រជែង​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​អាផាតមិន​ផងដែរ​។

ក្នុង​ឆ្នាំ​ ២០២១ នេះ​មាន​គម្រោង​អាផាតមិន​ចំនួន​ ២ គ្រោង​បើក​ដំណើរការ​ដោយមាន​បន្ទប់​ស្នាក់នៅ​សរុប ៣៨៨ យូនីត​។ នេះ​បើតាម​កញ្ញា គិនកេសា​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​លើក​ឡើង​ថា ទីផ្សារ​អាផាតមិន​នៅ​កម្ពុជា​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​អតិថិជន​ជា​ជនបរទេស ហេតុនេះ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្តាសាយ​សកល​កូវីដ​-១៩ ដែល​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​លើ​ពិភពលោក​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​នោះ វា​ធ្វើឱ្យ​ទីផ្សារ​នេះ​ធ្លាក់ចុះ​យ៉ាងច្រើន​ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ រហូត​មក​ដល់​ពេលនេះ​។

លោក​បន្តថា ការធ្លាក់ចុះ​នេះ​គឺ​ទាំង​អត្រា​ស្នាក់នៅ និង​តម្លៃ​ជួល​ដែល​កន្លែង​ខ្លះ​តម្លៃ​បាន​ធ្លាក់​លើសពី ២០ ភាគរយ បើ​ធៀប​ទៅនឹង​ដើម​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​តម្លៃ និង​អត្រា​ប្រើប្រាស់​អាផាតមិន​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ចាប់តាំងពី​អំឡុង​ខែកុម្ភៈ​ឆ្នាំមុន​មក​ម្ល៉េះ ព្រោះ​អតិថិជន​ជា​ជនបរទេស​បាន​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​យ៉ាងច្រើន ហើយ​ចំនួន​ជនបរទេស​ដែល​ចូលមក​កម្ពុជា​នៅក្នុង​អំឡុងពេល​នេះ​ក៏​ស្ទើរតែ​មិនមាន​សោះតែ​ម្តង​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ទីផ្សារ​នេះ​កំពុង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បើ​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​ដោយ​ជោគជ័យ ហើយ​ការធ្វើដំណើរ​មាន​ភាពល្អប្រសើរ​ដូច​មុន​ឆ្នាំ​ ២០២០ នោះ​សម្ទុះ​នៃ​អត្រា​ចូល​ស្នាក់នៅ និង​តម្លៃនឹង​កើនឡើង​ទៅតាម​នោះដែរ​។ លោក​បាន​អះអាង​ថា​៖ «​ក្នុង​ឆ្នាំ​ ២០២១ នេះ​ខ្ញុំ​មិនទាន់​រំពឹងថា ទីផ្សារ​នេះ​នឹង​ល្អ​ដូច​មុនពេល​មាន​វិបត្តិ​ទេ ដោយ​វា​ត្រូវការ​ពេល​ទៅមុខ​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ឱ្យ​ភ្ញៀវ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់តែ​ច្រើន​»​។

បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន​ត្រឹមតែ ១,៣១ លាន​នាក់​ ធ្លាក់ចុះ​ប្រមាណ ៨០ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩៕ LA