ក្រុងសេអ៊ូលៈ អ្នកអត្ថាធិប្បាយតាមអនឡាញជាច្រើនបាននិយាយថា រដ្ឋាភិបាលរបស់លោក Moon Jae-in នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងគួរតែទទួលខុសត្រូវចំពោះការអនុញ្ញាតឲ្យតម្លៃផ្ទះកើនឡើងលើសពីការគ្រប់គ្រងចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០១៧។
ទិន្នន័យជាច្រើនបង្ហាញថា តម្លៃអាផាតមិនក្នុងទីក្រុងសេអ៊ូលបានកើនឡើងខ្លាំងនៅចន្លោះឆ្នាំ ២០១៧ និង ២០១៨ ធៀបនឹងតួលេខក្នុងអំឡុងពេលរបស់រដ្ឋាភិបាលមុន។
ក្នុងឆ្នាំ ២០១២ តម្លៃអាផាតមិនក្នុងទីក្រុងសេអ៊ូលបានធ្លាក់ចូលដែនអវិជ្ជមាន -៦,១ ភាគរយធៀបនឹងឆ្នាំ ២០១១ ជាពេលមានវិបត្តិអចលនទ្រព្យនៅអាមេរិក។
យោងតាមក្រុមហ៊ុនអចលនទ្រព្យ Real Estate 114 តួលេខសម្រាប់ឆ្នាំ ២០១០ និង ២០១១ មានអត្រា -២,៦ ភាគរយនិង -២,៣ ភាគរយរៀងគ្នា។
រដ្ឋាភិបាលចាស់របស់លោកស្រី Park Geun-hye ដែលចូលកាន់តំណែងក្នុងឆ្នាំ ២០១៣ បានបន្ធូរបន្ថយ បទប្បញ្ញត្តិដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការទទួលបានកម្ចីទិញផ្ទះ។ គោលនយោបាយនេះមានបំណងជំរុញសេដ្ឋកិច្ចតាមរយៈការជំរុញវិស័យអចលនទ្រព្យ និងសំណង់។
ជាលទ្ធផលកំណើនតម្លៃអាផាតមិននៅក្រុងសេអ៊ូលបានកើនឡើង ៥,៩ ភាគរយនៅឆ្នាំ ២០១៥ និង ៨,៩ ភាគរយនៅឆ្នាំ ២០១៦ ដោយសារការប្រញាប់ប្រញាល់ទិញអាផាតមិនរបស់គ្រួសារជាច្រើន។
ប៉ុន្តែគ្រួសារជាច្រើនដែលមិនមានផ្ទះផ្ទាល់ខ្លួនបានពន្យារពេលទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌកម្ចីកាន់តែងាយស្រួលនេះនៅចន្លោះឆ្នាំ ២០១៤ និង ២០១៦ ដោយសាររំពឹងថា រដ្ឋាភិបាលអាចចាត់វិធានការទប់ស្កាត់តម្លៃជាថ្មីម្តងទៀត។
ទោះបីជាយ៉ាងណា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Moon បានចូលកាន់តំណែង តម្លៃអាផាតមិនកើនបន្ថែមទៀតដោយសាររដ្ឋាភិបាលថ្មីបានសម្រេចចិត្តដកហូតពន្ធខ្ពស់លើប្រាក់ចំណេញពីការលក់ផ្ទះចំពោះម្ចាស់ផ្ទះដែលមានផ្ទះច្រើន។
ការណ៍នេះបានបង្កើតឲ្យមានកង្វះខាតការផ្គត់ផ្គង់ផ្ទះក្នុងទីក្រុងសេអ៊ូល ដោយសារម្ចាស់ផ្ទះមានផ្ទះច្រើនមានភាពស្ទាក់ស្ទើរក្នុងការលក់ផ្ទះដែលជាលទ្ធផលជំរុញកំណើនតម្លៃ។
ជាការឆ្លើយតបចំពោះការវិវឌ្ឍនេះ រដ្ឋាភិបាលបានសម្រេចចិត្តផ្តល់អត្ថប្រយោជន៍ពន្ធសម្រាប់ម្ចាស់ផ្ទះដែលមានផ្ទះច្រើនដែលដាក់ជួលអចលនទ្រព្យរបស់ពួកគេ តែជំរុញឲ្យមានការរិះគន់កាន់តែខ្លាំងក្នុងចំណោមសាធារណជនថា លម្អៀងទៅរកអ្នកមាន និងនៅតែដាក់បន្ទុកលើប្រជាជនដែលចង់ទិញផ្ទះ។
យោងតាមក្រុមហ៊ុន Real Estate 114 តម្លៃអាផាតមិនក្នុងទីក្រុងសេអ៊ូលបានកើនឡើង ១២,៦ ភាគរយក្នុងឆ្នាំ ២០១៧ និង ១៧,៦ ភាគរយក្នុងឆ្នាំ ២០១៨ បើគិតមូលដ្ឋានប្រចាំឆ្នាំដែលជាកំណើនលឿនបំផុតក្នុងរយៈពេលជាង ២០ ឆ្នាំ។
ទីតាំងអាផាតមិនមួយចំនួននៅសេអ៊ូលភាគខាងជើងត្រូវបានប៉ាន់ប្រមាណថាឡើងថ្លៃពី ៥០ ទៅ ៨០ ភាគរយក្នុងរយៈពេល ២ ឆ្នាំនេះ។
ភ្នាក់ងារអចលនទ្រព្យម្នាក់ក្នុងខេត្ត Gyeonggi ថ្លែងថា៖ «យូនីតអាផាតមិនខ្លះក្នុងស្រុក Gangnam និងស្រុក Seocho កើនជិត ១ ពាន់លានវ៉ុន (៨៣៧ ០០០ដុល្លារ) ធៀបនឹងតម្លៃក្នុងឆ្នាំ ២០១៦»។ ភ្នាក់ងាររូបនេះលើកឡើងពីការបង្កើត «តំបន់កេងចំណេញតម្លៃ» របស់ក្រសួងដែនដីក្នុងតំបន់ទាំង ២៥ ក្នុងទីក្រុងសេអ៊ូល និងក្នុងទីក្រុងរណបមួយចំនួនព្រមទាំងពន្ធលើប្រាក់ចំណេញពីការលក់អចលនទ្រព្យខ្ពស់ថា ជាកត្តាចម្បងៗបង្កឲ្យមានកំណើនតម្លៃអាផាតមិននៅសេអ៊ូល៕ ANN/KC