ក្រុងឡុងដ៍ៈ តុលាការ​កំពូល​របស់​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃ​អង្គារ​បាន​បើកសវនាការ​លើ​សំណុំរឿង​អចលនទ្រព្យ​ប្រណីត​ចំនួន ៣ ​កន្លែង​របស់​ចក្រភព​អង់គ្លេស​ដែលជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក Nursultan Nazarbayev អតីត​ប្រធានាធិបតី​ប្រទេស​កាហ្សាក់ស្ថាន​ដែល​អាច​ត្រូវ​រឹបអូស​ក្នុង​វិធានការ​ប្រឆាំង​អំពើពុករលួយ​។

អចលនទ្រព្យ​ទាំងនេះ​ដែល​រួមមាន​វិមាន​មួយ​នៅ​ផ្លូវ​ទីក្រុង​ឡុងដ៍​ដែលមាន​ឈ្មោះថា «​ផ្លូវ​មហាសេដ្ឋី​» គឺជា​កម្មវត្ថុ​នៃ​ការបញ្ជាទិញ​ទ្រព្យសម្បត្តិ​ដែល​មិនអាច​ពន្យល់បាន (UWO) ដែល​បានចេញ​ដោយ​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​របស់​ចក្រភព​អង់គ្លេស (NCA) ជា​អំណាច​ដែល​ទើបនឹង​ប្រើប្រាស់​ថ្មីៗ​។

ជារួម​អចលនទ្រព្យ​ទាំងនេះ​ត្រូវបាន​គិតថា​នឹង​មាន​តម្លៃ​ប្រហែល​ ៩០ ​លាន​អឺរ៉ូ (១០០ ​លាន​ដុល្លារ​)​។

UWO ដែល​បាន​អនុវត្ត​កាលពី​ខែមករា ឆ្នាំ​ ២០១៨ ស្ថិតក្រោម​អ្វីដែល​ហៅថា ច្បាប់ «McMafia» បន្ទាប់ពី​រឿងល្ខោន​ទូរទស្សន៍ BBC មានឈ្មោះ​ដូចគ្នា​និយាយ​អំពី​ឧក្រិដ្ឋកម្ម​មាន​អង្គការ​ចាត់តាំង​អាច​ឲ្យ NCA រឹបអូស​ទ្រព្យសកម្ម​របស់​នរណា​ម្នាក់​ប្រសិនបើ​ពួកគេ​ជឿជាក់​ថា ម្ចាស់​មិនអាច​ពន្យល់​ពី​ប្រភព​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​។

វា​ត្រូវបាន​រាយការណ៍​ថា អចលនទ្រព្យ​មួយ​ក្នុង​ចំណោម​អចលនទ្រព្យ​ជាច្រើន​ដែល​បច្ចុប្បន្ន​ត្រូវបាន​កាន់កាប់​ដោយ​លោក Nurali Aliyev ជា​ចៅប្រុស​របស់លោក Nazarbayev អតីត​ប្រធានាធិបតី​កាហ្សាក់ស្ថាន​។

អចលនទ្រព្យ​នោះ​នៅ​ផ្លូវ Bishops Avenue នៅ​តំបន់ Hampstead ភាគ​ខាងជើង​ទីក្រុង​ឡុងដ៍​ត្រូវ​បាន​រាយការណ៍​មាន​វិមាន​មួយ​ដែលមាន​សន្ដិសុខ​ខ្ពស់​មាន​អាង​ហែល​ទឹក​នៅក្រោម​ដី និង​មាន​រោងភាពយន្ត​។

ក្រុម​មេធាវី​របស់លោក Aliyev និង Aida Aliyeva ជា​ភរិយា​របស់លោក​បាន​បញ្ជាក់ថា អាសយដ្ឋាន​ត្រូវបាន​រក្សា​ជា​សិទ្ធិ​ឯកជន និង​បាន​អះអាងថា ពួកគេ​«​មាន​ការបារម្ភ​យ៉ាងខ្លាំង​សម្រាប់​សន្ដិសុខ និង​សិទ្ធិ​ឯកជន​គ្រួសារ​របស់​ពួកគេ និង​ជាពិសេស​សម្រាប់​កូនៗ​របស់​ពួកគេ​» ប្រសិន​បើ​វា​ត្រូវបាន​ចេញផ្សាយ​។

អចលនទ្រព្យ​ ២ ​ផ្សេង​ទៀត​ស្ថិតនៅក្រោម UWO គឺជា​អាផាតមិន​នៅ​តំបន់ Chelsea ភាគ​ខាងលិច​ទីក្រុង​ឡុងដ៍ និង​ផ្ទះមួយ​នៅ​ជិត​ក្លិប​វាយកូន​ហ្គោល Highgate Golf Club ភាគ​ខាងជើង​ទីក្រុង​ឡុងដ៍​។

ការអនុវត្ត​សម្រាប់ UWO ទាំងអស់​ ៣ ​ដែល​ត្រូវបាន​ច្រានចោល​កំពុង​ត្រូវបាន​បើកសវនាការ​ក្នុង​នីតិវិធី​ដែល​រំពឹងថា​នឹង​មាន​រយៈពេល​ ២ ​ថ្ងៃ​។

តុលាការ​កំពូល​បាន​ដឹងថា លោក Aliyev និង Dariga Nazarbayeva ជា​ម្ដាយ​របស់លោក បច្ចុប្បន្ននេះ​ជា​ប្រធានព្រឹទ្ធសភា​ប្រទេស​កាហ្សាក់ស្ថាន​ និង​ជា​កូនស្រី​របស់​លោក Nursultan Nazarbayev គឺជា «​ម្ចាស់​ទទួលផល​ប្រយោជន៍​នៅ​ទីបំផុត​របស់​អចលនទ្រព្យ​ទាំង​ ៣ ជា​កម្មវត្ថុ​នៃ​ការបញ្ជាទិញ​ទ្រព្យសម្បត្តិ​ដែល​មិនអាច​ពន្យល់បាន​»​។

លោកស្រី Clare Montgomery ជា​មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន​ពីរ​ដែល​គ្រប់គ្រង​អាផាតមិន Chelsea នៅ​តំបន់ Chelsea និង​អចលនទ្រព្យ Highgate បាន​ឲ្យ​ដឹងថា NCA បាន​អនុវត្ត​ការបញ្ជាទិញ​ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​ថា អចលនទ្រព្យ​ទាំងនេះ​ត្រូវ​បាន​ទិញ​ជាមួយនឹង «​នីតិវិធី​នៃ​បទឧក្រិដ្ឋ​របស់​លោក Rakhat Aliyev»​។

លោក Rakhat Aliyev ដែលជា​ឪពុក​របស់​លោក Nurali Aliyev គឺជា​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ដែល​បាន​ស្លាប់​នៅក្នុង​គុក​របស់​ប្រទេស​អូទ្រីស​កាលពី​ឆ្នាំ​ ២០១៥ អំឡុងពេល​រង់ចាំ​ការកាត់ទោស​តាម​ការចោទប្រកាន់​ ២ ​ករណី​នៃ​ឃាតកម្ម​។

ទោះយ៉ាងណា​លោកស្រី Montgomery បាន​ឲ្យ​ដឹងថា អចលនទ្រព្យ​ទាំងនោះ «​មិន​ជាប់ទាក់ទង​ជាមួយ​នឹង​លោក Rakhat Aliyev ទេ ប៉ុន្តែ​ជាប់ទាក់ទង​ជាមួយ​លោកស្រី Dariga Nazarbayeva»​។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​មេធាវី​លោក Nurali Aliyev បាន​ឲ្យ​ដឹងថា លោក​បាន​ជួយ​យ៉ាងច្រើន​ដល់ NCA «​ហើយនឹង​ការពារ​នីតិវិធី​នេះ​យ៉ាងខ្លាំង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ទទួលបាន​ពី​ការិយាល័យ​លោកស្រី Dariga Nazarbayeva បាន​ឲ្យ​ដឹងថា​៖ «​លោកស្រី Nazarbayeva គឺជា​ស្ដ្រី​ពាណិជ្ជករ និង​ជា​អ្នកនយោបាយ​អន្តរជាតិ​ដែល​គួរ​ឲ្យ​គោរព​យ៉ាងខ្លាំង និង​ទទួលជោគជ័យ​ដោយសារ​តែ​មធ្យោយបាយ​ផ្ទាល់ខ្លួន​របស់​លោកស្រី​»៕ LA