The Phnom Penh Post Search

Search form

តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រំ​ រង់ចាំ​ការ​អភិវឌ្ឍ​ បន្ទាប់​ពី​ស្ពាន​ពីរ​ត្រូវ​បាន​ប្រកាស​សាងសង់​ពី​រដ្ឋាភិបាល

Content image - Phnom Penh Post
មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ដំបន់​អរិយក្សត្រ និង​ស្វាយ​ជ្រុំ តាំង​ពី​បុរាណ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​គឺ​ដោយ​ទូក។ ស្រេង ម៉េងស្រ៊ុន

តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រំ​ រង់ចាំ​ការ​អភិវឌ្ឍ​ បន្ទាប់​ពី​ស្ពាន​ពីរ​ត្រូវ​បាន​ប្រកាស​សាងសង់​ពី​រដ្ឋាភិបាល

ប្រមុខ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​៦ ខែ​មិនា នាពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​ចំនួន​ពីរ​ឆ្ពោះទៅកាន់​តំបន់​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រុំ ពិតជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ដែល​រង់ចាំ​ស្ពាន​ជា​យូរ​មកហើយ​។​

លោក ហ៊ុន កយ មេ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ពេលឮ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​សាងសង់​ស្ពាន​នេះ ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ពួកគាត់​បាន​សួរ​លោក​ថា «​ពេលណា​សាងសង់​ស្ពាន​ទៅកាន់​តំបន់​របស់​គាត់​ដែល​ការពិត​យើង​មិនទាន់​ដឹងថា​ការសាងសង់​នឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ​»​។

លោក​បន្តថា ប្រជាពល​រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្វាយជ្រុំ បាន​លក់​ដី​ឲ្យ​ឈ្មួញ និង​ក្រុម​អ្នក​មាន​លទ្ឋ​ភាព​ប្រមូល​ទិញ​ដី​អស់​ទៅហើយ គឺ​នៅ​សល់​តែ​២០​ភាគរយ​នៃ​ផ្ទៃ​ដី​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ៖ «​ដីចម្ការ ដី ស្រែ​ប្រាំង​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​លក់​អស់​ទៅ​ហើយ គឺ​នៅសល់តែ​ដី​លំនៅដ្ឋាន​ប៉ុណ្ណោះ​ប៉ុន្តែ​យ៉ាង​ណា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្ញុំ​ពួកគេ​នៅតែ​សប្បាយ​ចិត្ត​ឲ្យ​តែ​មាន​ស្ពាន​»​។ លោក​បន្ត​ថា ៖ «​ប្រជាជន​ភូមិ ឃុំ​នេះ​សប្បាយ​ចិត្ត​ណាស់ ពេលឮ​គម្រោង​សាងសង់​ស្ពាន ដែល​ពួកគេ​សង្ឃឹមថា ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់ៗ​នេះ​»​។

ចំណែកឯ​ឃុំ​អរិយ​ក្សត្រ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ ១០១៨ ​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៥ ៣៥៤​ នាក់​។

លោក ហ៊ុន កយ បាន​បន្តថា តម្លៃ​ដី​នៅក្នុង​មូលដ្ឋាន​នេះ​បាន​ឡើងថ្លៃ ដោយ​ដី​នៅជាប់​ផ្លូវធំ​តាម​ក្បែរ​មាត់ទន្លេ​មានតម្លៃ​ ២៥០ ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​ដី​នៅតាម​ភូមិ និង​ផ្លូវ​តូចៗ​មានតម្លៃ​ចន្លោះ ​៥០ ​ទៅ​ ១០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​នេះ​ទំនងជា​មិន​ឡើង​ទៀត​នោះ​ទេ ដោយ​សារ​ប្រជាពលរដ្ឋ​មិនមាន​ដី​លក់​ទៀត​ទេ​។

ទោះ​ជា​យ៉ាងណា​លោក វ៉ា ស៊ីម​សូរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែងថា គម្រោង​សាងសង់​ស្ពាន​នេះ​មិនដឹង​ចាប់ផ្តើម​នៅពេលណា​នៅឡើយ​ទេ ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ទើប​ប្រកាស ពី​ការស្វែងរក​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ដើម្បី​យកមក​សាងសង់​ស្ពាន​នេះ​នាពេលខាងមុខ​។ ការសិក្សា​ពី​គម្រោង​ស្ពាន​នេះ​បានបញ្ចប់​ហើយ ប៉ុន្តែ​ប្រវែង​ស្ពាន និង​ទំហំ​នៃ​ការចំណាយ​លោក​មិនទាន់​ដឹង​ជាក់លាក់​នៅឡើយ​ទេ​។

លោក​បន្តថា ការ​សាងសង់​ស្ពាន​នេះ នឹង​តភ្ជាប់​ទៅ​កាន់​ផ្លូវ Express Way ពី​តំបន់​អរិយ​ក្សត្រ ទៅ​ខេត្ត​ ស្វាយរៀង ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​អង្គការ JICA រួចហើយ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​សិក្សា​ជាថ្មី​អំពី​ផលប៉ះពាល់ និង​ភាព​ចំណេញ​ពី​ការ​សាងសង់​ផ្លូវ​នេះ​។

លោក​បន្តថា ផ្លូវ Express Way ដែល​បាន​សិក្សា​រួច​មាន​ប្រវែង ​១៦០ ​គីឡូម៉ែត្រ និង​គ្រោង​នឹង​ចំណាយ​ថវិកា​វិនិយោគ​ចំនួន​ ២៨០០ ​លាន​ដុល្លារ​អាមេរិក​។

លោក វ៉ា ស៊ីម​សូរិយា បាន​បន្ត​ថា ៖ «​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ទ្វេដង​លើ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ចាប់ពី​ពេល​នេះ​តទៅ​ប្រសិន​ជា​ចង់​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត​»​។

​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ដើម​ខែ​នេះ​បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​ទាំងពីរ​នេះ ដើម្បី​ជា​អ្វីដែល​លោក​ហៅ​ថា «​ជាការ​ធ្វើ​ឲ្យ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​មាន​ភាព​តភ្ជាប់​គ្នា​ពិតប្រាកដ​» ហើយ​លោក​បាន​ប្រកាស​ពី​ការស្វែងរក​ឥណទាន​ពី​ប្រទេស​ចិន ដើម្បី​យកមក​សាងសង់​ស្ពាន​ទាំងពីរ​នេះ​ដែលមាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ធំ​ធេង និង​ជួយ​កាត់​បន្ថយ​លំហូរ​ចរាចរណ៍​ចូល​ទីក្រុង​ភ្នំពេញ​។

ស្ពាន​ទាំងពីរ​នេះ​ទី​១ ស្ពាន​ចេញពី​តំបន់​ក្តី​តា​កុយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទៅកាន់​ឃុំ​អរិយ​ក្សត្រ និង​ស្ពាន​ទី​២ ចេញពី​តំបន់​ជ្រោយ​ចង្វារ ទៅកាន់​ឃុំ​ស្វាយជ្រុំ ក្នុង​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​។​

​អ្នកនាង អាន សុធី​តា នាយិកា​រង​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ៖ «​ប្រសិនជា​យើង​ពិនិត្យមើល​ការតភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត វា​នឹងធ្វើ​ឲ្យ​មានការ​រីកចម្រើន ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា ៥​ទៅ​១០​ឆ្នាំ​ក្រោយ​ពេល​ស្ពាន​ភ្ជាប់​ទើប​តំបន់​នោះ​មាន​ភាព​រីកចម្រើន​»​។ វា​នឹង​ជួយ​តំបន់​នោះ​ឲ្យ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​កំហាប់​ប្រជាជន​នៅ​តំបន់​នោះ​មាន​ចំនួន​ទាប​នៅឡើយ និង​ដោយ​សារ​មិន​ទាន់​មាន​ស្ពាន​ត​ភ្ជាប់​ទើប​តំបន់​នោះ​មានការ​រីកចម្រើន​យឺត​នៅ​ឡើយ​។​

​អ្នកនាង​បន្តថា ៖ «​តម្លៃ​ដី​នៅ​តំបន់​នោះបាន​ឡើងថ្លៃ ប៉ុន្តែ​ប្រសិនជា​យក​ទីតាំង​នោះមក​អភិវឌ្ឍ​លំនៅដ្ឋាន តម្លៃ​ដី​មិនអាច​ខ្ពស់ជាង​២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះទេ​»​។ អ្នកនាង​បន្តថា ៖ «​ការទាមទារ​ថ្លៃ​ដី​ខ្ពស់​ពេក​ធ្វើ​ឲ្យ​លក់​មិន​ចេញ និង​រារាំង​អ្នក​អភិវឌ្ឍន៍​ផងដែរ ព្រោះ​ប្រសិនជា​ដី​តម្លៃ​ខ្ពស់​ពេក​ពួកគេ​ចំណាយ​ទុន​ខ្ពស់ រកប្រាក់​ចំណេញ​មិនបាន ពួកគេ​នឹងមិន​ចាប់​អារម្មណ៍​តំបន់​ខាងលើ​នោះទេ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​