ភ្នំពេញៈ ការប្រមូល​ចំណូល​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​ឆ្នាំ​ ២០១៩ នេះ​បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ២៥ ​​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​ក្រសួង​ប្រមូល​ចំណូល​ចូល​ថវិកា ជាតិ​បាន​សរុប​ប្រមាណ ១១២,៨ ​លាន​ដុល្លារ​ ធ្លាក់​ចុះ ២៥,៤ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ប្រមាណ ១៥១,៦២ ​លាន​ដុល្លារ​។

ចំណូល​របស់​ក្រសួង​នេះ​រួមមាន​ចំណូល​រដ្ឋបាលកណ្តាល​មាន​ចំនួន ៧,២ ​លាន​ដុល្លារ និង​ចំណូល​របស់​មន្ទីរ​រាជធានី ខេត្ត មាន​ចំនួន ១៩,៨ ​លាន និង​ចំណូល​ពី​ពន្ធ​ប្រថាប់ត្រា (​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៨៥,៨ ​លាន​ដុល្លារ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​សម្រាប់​ឆ្នាំ ២០១៩ នេះ​ក្រសួង​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​លើ​ផ្ទៃក្រឡា​សំណង់​សរុប ១៨,៥៤ ​លាន​ម៉ែត្រការ៉េ​ដែល​មាន​តម្លៃ​ប្រមាណ ៩ ៣៥៣ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​គម្រោង​សាងសង់​សរុប ២ ៨៦៧ ​គម្រោង ​លើ​ផ្ទៃក្រឡា​សំណង់​ ១១,៤២ ​លាន​ម៉ែត្រការ៉េ​ដែល​មាន​តម្លៃ ៥ ២២៨ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៨ ទុនវិនិយោគ​វិស័យ​សំណង់​បាន​ធ្លាក់ចុះ​ប្រមាណ​​ ១៨,៦ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

ទោះបី​យ៉ាងនេះ​ក្តី​របាយការណ៍​មិនបាន​បង្ហាញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ធ្លាក់ចុះ​ប្រាក់ចំណូល​នេះ​ទេ ខណៈ​រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​ដំណើរការ​វិជ្ជមាន​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​។

ក្នុងឱកាស​ចូលរួម «​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០» នៅ​សណ្ឋាគារ​សុខា​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​និយាយថា នៅក្នុង​ឆ្នាំ​ ២០១៩ នេះ​ក្រសួង​សម្រេច​បាន​នូវ​លទ្ធផល​ជាច្រើន ដូចជា​ការចុះបញ្ជី​ដីធ្លី​ថ្មីៗ​ដើម្បី​កាត់បន្ថយ​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​ដីធ្លី និង​អចលនទ្រព្យ ការដាក់​ឲ្យ​អនុវត្ត​ច្បាប់​ថ្មីៗ និង​ផែនការ​ប្រើប្រាស់​ដី និង​ប្លង់គោល ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​ដី​ប្រកប​ដោយ​ចីរភាព​។

លោក​បាន​បន្តថា សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បាន​កន្លងមក​គឺ​ដោយសារ​មាន​កិច្ចសហការ​គ្នា​ដ៏ល្អ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ផ្នែក​ជាតិ និង​អន្តរជាតិ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ថា សន្និបាត​នេះ​នឹង​មាន​ការពិភាក្សា​ដ៏ផុសផុល​ដើម្បី​លើក​ទិសដៅ និង​ផែនការ​សម្រាប់​ឆ្នាំ​ ២០២០ សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព និង​ភាពស័ក្តិសិទ្ធិ​នៃ​បេសកកម្ម​របស់​ក្រសួង​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា ការធ្លាក់​ចុះ​នេះ​មិនមែន​មាន​ន័យ​ថា វិស័យ​សំណង់​ធ្លាក់ចុះ​នោះទេ​។ លោក​បន្តថា ការធ្លាក់ចុះ​នេះ​អាច​ដោយសារ​សំណង់​មួយចំនួន​មិនទាន់​ត្រូវ​បាន​ធ្វើការ​ផ្លាស់ប្តូរ​កម្មសិទ្ធិ ឬ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការសាងសង់​។

លោក​លើក​ឧទាហរណ៍​ថា​៖ «​សំណង់​ដែល​កំពុង​សាងសង់ និង​មិនទាន់​ត្រូវ​បាន​ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន​គឺ​គេ​មិនទាន់​យក​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​ឡើយ ដូច្នេះ​រដ្ឋ​ក៏​មិនទាន់​ទទួល​បាន​ចំណូល​ពី​ការបង់ពន្ធ​ប្រថាប់ត្រា​ដែរ​» ។

លោក​បន្តថា ជារួម​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ គឺមាន​ភាពល្អ​ប្រសើរ​ខ្លាំង​ដោយ​បច្ចុប្បន្ន​សំណង់​ធំៗ​បាន​លេច​ឡើង​ជា​បន្តបន្ទាប់​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​»​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​លោក ជីវ ស៊ីវផេង មិនអាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាមួយ​នឹង​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ព្រម​ជាមួយ​នឹង​ការរឹតបន្តឹង​របស់​អាជ្ញាធរ​លើ​ការសាងសង់​នោះ​បាន​ធ្វើឲ្យ​គម្រោង​សាងសង់​បាន​លេចឡើង​ស្ទើរ​គ្រប់កន្លែង ពិសេស​នៅ​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ចំនួន ២ គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ស្ថានភាព​នេះ​ខ្ញុំ​គិតថា ចំនួន​គម្រោង និង​ប្រាក់​ចំណូល​ដែល​ក្រសួង​ប្រមូល​បាន​នឹង​បន្ត​មាន​កំណើន​ជា​បន្តទៀត​នៅ​ឆ្នាំ​ ២០២០ ខាងមុខ​»៕ LA