ក្រុង​គូឡាឡាពួៈ ទី​ក្រុង​កោះ​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​នៅ​​​ម៉ាឡេស៊ី បាន​ជួប​បញ្ហាខណៈ​​រដ្ឋា​ភិបាល​ថ្មី​​ងាក​មក​ផ្តោត​ទិស​ដៅ​លើ​​គម្រោង​​អភិវឌ្ឍន៍​នេះ​ក្នុង​ការ​វាយ​ប្រហារ​លើ​គម្រោង​ធំ​ៗ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស ចិន​។​

គម្រោង Forest City កំពុង​ដំណើរ​ការ​​សាង​សង់​នៅ​លើ​កោះ​សិប្ប​និម្មិត​ចំនួន ៤ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នៅ​​ជិត សិង្ហ​បុរី​។​

ការ​អភិវឌ្ឍ​នេះ​បាន​សំដៅ​លើ​ក្រុម​វិនិយោគិន​ជន​ជាតិ​ចិន​ដី​គោក​​ ដែល​ជា​ជម្រើស​មួយ​ជំនួស​ឲ្យ​​​អចលន​ទ្រព្យ​​​តម្លៃ​​ខ្ពស់​​ក្នុង​ប្រទេស សិង្ហ​បុរី​ ដោយ​មាន​សេចក្ដី​រាយ​ការណ៍​ថា ​​ជន​ជាតិ​​ចិន​ បាន​ទិញ​យ៉ាង​លឿន​ដែល​មាន​ចំណែក​ប្រហែល ​២ ភាគ ៣ ​នៃ​យូនីត​ដែល​បាន​លក់​រួច​ហើយ មុន​ពេល​ការ​សាង​សង់​ត្រូវ​បាន​បញ្ចប់​។​

ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​មាន​បញ្ហា​​តាំង​ពី​ការ​ចាប់​ផ្ដើម​​មក​ម៉្លេះ។​

ការ​បង្ក្រាប​​លើ​លំហូរ​ចេញ​មូល​ធន​​ពី​ប្រទេស ចិន បាន​ប៉ះ​ពាល់​ដល់​​តម្រូវ​ការ​ ក្នុង​ពេល​​គម្រោង​នេះ​​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​​សាធារណ​ជន​ទៅ​នឹង​កំណើន​​​ឥទ្ធិ​ពល​ចិន​នៅ​​ម៉ាឡេស៊ី​​ស្ថិត​ក្រោម​រដ្ឋា​ភិបាល​របស់​លោក ណាជីប រ៉ាហ្សាក់។​

​ក្រុម​អ្នក​បរិសា្ថន​និយម​​បាន​ព្រ​មាន​ថា ការ​បូម​ខ្សាច់​ដើម្បី​បង្កើត​កោះ​សម្រាប់​ទីក្រុង​នេះ អាច​បំផ្លាញ​ជីវិត​នៅ​ក្នុង​សមុទ្រ។​

នៅ​ពេល​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី​ ម៉ាហាធៀ ម៉ូហាម៉ាដ​ បាន​រិះ​គន់​ជន​បរទេស​ ដែល​ទិញ​ផ្ទះ​ល្វែង​​ក្នុង​គម្រោង​​អភិវឌ្ឍន៍​ដ៏ធំ​នេះ​ ហើយ​កាល​ពី​សប្ដាហ៍​មុន​ លោក​បាន​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​នេះ ដោយ​ថ្លែង​ថា ទី​ក្រុង Forest City «​មិន​អាច​លក់​ឲ្យ​ជន​បរទេស​នោះ​ទេ​ យើង​​នឹង​មិន​ផ្ដល់​ទិដ្ឋា​ការ​​សម្រាប់​​ប្រជា​ជន​ដែល​ចូល​មក​និង​រស់​នៅ​ទីនេះ​ឡើយ»។​

មាន​សេចក្តី​ប្រកាស​នា​ពេល​ក្រោយ​មក​ថា រដ្ឋា​ភិបាល​កំពុង​បង្កើត​គណៈ​កម្មាធិ​ការ​មួយ ដើម្បី​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​​លក្ខខណ្ឌ​ ដែល​យល់​ស្រប​ក្នុង​​ការ​បង្កើត​ការ​អភិវឌ្ឍ​នេះ និង​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​​​ជន​បរទេស​នៅ​ក្នុង​គម្រោង​នេះ ដែល​​បង្ហាញ​ថា ​អាជ្ញាធរ​អាច​កំពុង​​ព្យាយាម​បញ្ឈប់​ការ​អភិវឌ្ឍ​នេះ​។​

លោក Yeah Kim Leng សាស្ដ្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ Sunway បាន​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន​​នឹង​ត្រូវ​រារាំង​ ហើយ​លោក​បាន​ព្យាករ​ថា ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​អាច​​​ពន្យារ​ពេល ឬ​កាត់​បន្ថយ​ទំហំ​គម្រោង​នេះ​។​​ លោក​​ថា​៖​«​​ប្រហែល​ពួក​គេ​នឹង​ត្រូវ​ផ្អាក​ ឬ​មាន​បំណង​ធ្វើ​​អ្វីៗ​ដែល​មាន​ទំហំ​​តូច​ជាង​នេះ​»​។​

មាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​​នៃ​គម្រោង​នេះ​ ត្រូវ​បាន​បញ្ចប់​ ហើយ​មាន​មនុស្ស​​តិច​តួច​​កំពុង​រស់​នៅ​ទី​នោះ ​ដែល​​​ភាគ​ច្រើន​ជា​បុគ្គលិក​របស់​គម្រោង​នេះ៕​ AFP/LA