ក្រុង​ប៊ែរឡាំងៈ រដ្ឋបាល​ទីក្រុង​ប៊ែរឡាំង​របស់​ប្រទេស​ ​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ដើរ​ឆ្ពោះ​ទៅ​រក​ការ​ចាត់​វិធានការ​​បង្កក​ការ​ជួល​អចលនទ្រព្យ​នៅ​ទីក្រុង​ប៊ែរឡាំង​​រយៈពេល ៥ ឆ្នាំ ​គិត​ចាប់​ពី ឆ្នាំ ២០២០ ក្នុង​គោល​បំណង​​ចុង​ក្រោយ​ដើម្បី​​ផ្អាក​ការ​ដំឡើង​ថ្លៃ​ផ្ទះ។

ធ្លាប់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ទីក្រុង​ «ក្រីក្រ តែ​សិចស៊ី» ទីក្រុង​ប៊ែរឡាំង​បាន​មើល​ឃើញ​តម្លៃ​ផ្ទះ​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល ​១ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ​​និយោជិត​​ដែល​ត្រូវ​បាន​ទាក់ទាញ​ដោយ​ទីផ្សារ​ការងារ​ខ្លាំង​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង​នេះ។

ការ​ដំឡើង​ថ្លៃ​ជួល​យ៉ាង​ខ្លាំង​នេះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​មួយ​ចំនួន​ពិចារណា​ពី​ការ​ស្វែងរក​ដំណោះស្រាយ​ជ្រុល​និយម​នានា រួម​ទាំង​ការ​ជំរុញ​ឲ្យ​មាន​ការ​រឹបអូស​ស្តុក​ផ្ទះ​ពី​ម្ចាស់​ផ្ទះ​​ដែល​មាន​អំណាច​​​ផង​ដែរ។

ដោយ​ត្រូវ​បាន​ប្រកាស​អាសន្ន​ដោយ​និន្នាការ​នេះ រដ្ឋាភិបាល​ក្រុង​​បែរឡាំង​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឯកភាព​លើ​ខ្លឹមសារ​នានា​នៃ​សេចក្តី​ព្រាង​​ច្បាប់​មួយ ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​បង្កក​បណ្តោះ​អាសន្ន​លើការ​ជួល​រយៈពេល ៥ ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ ២០២០ ដោយ​ច្បាប់​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​ព្រាង​ឡើង។

នាយកដ្ឋាន​អភិវឌ្ឍន៍​ទីក្រុង និង​ផ្ទះ​សំបែង​របស់​ទីក្រុង​ប៊ែរឡាំង​បាន​ឲ្យ​ដឹង​​​ថា ការ​ដាក់​កម្រិត​នេះ​មាន​ន័យ​ថា​ជា «ការ​ការពារ​ប្រឆាំង​​នឹង​ការ​ដំឡើង​ថ្លៃ​ជួល​សម្រាប់​អាផាត​មិន​​ចំនួន ១,៥ លាន​យូនីត»។

ស្ថិត​ក្រោម​ផែនការ​នេះ ម្ចាស់​​ផ្ទះ​ដែល​ស្វែងរក​ការ​ដំឡើងថ្លៃ​ជួល​ដោយសារ​តែ​ការងារ​កែ​លម្អ​ផ្ទះ ក៏​នឹង​ត្រូវ​ទទួល​បាន​ការ​អនុម័ត​ផ្លូវ​ការ​សម្រាប់​ការ​ដំឡើង​ថ្លៃ​ជួល​ណាមួយ​ដែល​មាន​ចំនួន​លើស ០,៥៦ ​ដុល្លារ ក្នុង ​១ ​ម៉ែត្រ​ការ៉េ​ផង​ដែរ។

ចំណាត់​ការ​​នេះ​កំពុង​ត្រូវ​បាន​​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ទូទាំង​ប្រទេស ​អាល្លឺម៉ង់៕ AFP/KC