រដ្ឋាភិបាល​ទីក្រុង​យ៉ាំងហ្គោន​នៅក្នុង​ឆ្នាំ​នេះ​នឹង​សាងសង់​គម្រោង​ថ្មី​មួយ​ចំនួន​ដែល​រួមមាន​ការសាងសង់​ទីប្រជុំជន​ ២ ​កន្លែង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) មួយ​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​។

ប្រធាន​ក្រុម​រដ្ឋមន្ត្រី លោក U PhyoMin Thein បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ពេល​ថ្មីៗ​នេះ​ថា សម្រាប់​ឆ្នាំ​ ២០១៨ ​នេះ​រួមមាន​គម្រោង​សាងសង់​ទីប្រជុំជន​ថ្មី​ចំនួន​ ២ គឺ Kyee Myin Daing និង Dala ព្រម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ១ ​កន្លែង​ដែល​ស្ថិត​នៅ​ជិត Dala នា​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ៉ាំងហ្គោន​ផង​ដែរ​។

លោក​បាន​លើក​ឡើង​ថា៖ «​គម្រោង​ថ្មីៗ​ទាំង​នេះ​នឹងត្រូវ​សាងសង់​ឡើង​ជា​ប្រភេទ Smart Cities ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​ព្រម​ទាំង​គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ Dala​ដែល​មាន​ឈ្មោះ​ថា Yangon SEZ​។

គម្រោង​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ដែល​បាន​ដាក់​ស្នើ​ក្នុង​ប្លង់មេ​របស់​ទីក្រុង​យ៉ាំងហ្គោន ហើយ​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ដោយ​លោក Daw Khaing Moe Nyunt ដែល​ជា​នាយករង​នៃ​គណៈកម្មការ​អភិវឌ្ឍន៍​ទីក្រុង​យ៉ាំងហ្គោន (YCDC)​។

បើ​តាម YCDC មាន​គម្រោង​សរុប​ចំនួន​ ៤១ ដែល​មាន​តម្លៃ​ ២,២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​គេ​ដាក់​ជា​គម្រោង​អាទិភាព​។ គម្រោង​ទាំង​នេះ​ក៏​មាន​ទីក្រុង​ថ្មី​ឈ្មោះ Kyee Myin Daing នៅ​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ៉ាំងហ្គោន​ផង​ដែរ​។

លោក U Ye Lin សមាជិក​គណៈកម្មការ​ប្រតិបត្តិ​របស់​សមាគម​សហគ្រិន​សំណង់​មីយ៉ាន់ម៉ា​បាន​និយាយ​ថា៖ «​វា​នឹង​ក្លាយ​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ៉ាំងហ្គោន ព្រោះ​ទីក្រុង​យ៉ាំងហ្គោន​នាពេល​នេះ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ​។ ទីក្រុង​នេះ​ត្រូវការ​ពង្រីក​បន្ថែម​ទៀត បើ​មិន​ដូច្នេះ​ទេ​បញ្ហា​កកស្ទះ​ចរាចរណ៍​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ជាក់​ជា​មិនខាន​»​។

លោក​បាន​បន្ថែម​ថា យើង​នៅតែ​ត្រូវការ ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​។ យើង​នឹង​មិន​អាច​សម្រេច​បាន​សមិទ្ធផល​ច្រើន​ដោយ​ពឹង​ផ្អែក​តែ​ទៅ​លើ​ចំនួន​វិនិយោគ​ក្នុង​ស្រុក និង​របស់​រដ្ឋ​នោះ​ទេ​»​។

បើ​តាម​លោក U Phyo Min Thein ព័ត៌មាន​លម្អិត​អំពី​ការវិនិយោគ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​យ៉ាំងហ្គោន​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ខែ​ឧសភា​ខាង​មុខ​។

ការអភិវឌ្ឍ​មជ្ឈមណ្ឌល​តូចៗ​​ការអភិវឌ្ឍ​ «​មជ្ឈមណ្ឌល​តូច​» ឬ​ទីក្រុង​ធំៗ​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់ Central Business District (CBD) របស់​ទីក្រុង​យ៉ាំងហ្គោន ក៏​ត្រូវ​បាន​គេ​ដាក់​ចូល​ក្នុង​បញ្ជី​អាទិភាព​ផង​ដែរ​។ ក្រុង​តូចៗ​ទាំង​ ៤ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​មជ្ឈមណ្ឌល​តូចៗ​រួមមាន Thilawa, Yankin, Dagon Myothit និង Dagon Seikkan​។

ទីក្រុង​តូចៗ​ទាំង​នោះ​នឹង​ត្រូវ​អភិវឌ្ឍ​ដោយ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដោយ Thilawa នឹង​ត្រូវ​ធ្វើ​លើ​ផ្ទៃដី​ទំហំ​ ៤០៤៦៨៥ ​ម៉ែត្រការ៉េ​ជា​កន្លែង​សម្រាប់​ស្រាវជ្រាវ និង​ជា​កន្លែង​បង្កើត​កម្មវិធី IT ចំណែក Yankin នឹង​ត្រូវ​បាន​បង្កើត​ជា​កន្លែង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ Dagon Myothit នឹង​មាន​សណ្ឋាគារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​លេង​កីឡា ខណៈ Dagon Seikkan ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើប្រាស់​ជា​កំពង់ផែ​។

ស្រប​គ្នា​នេះ​ដែរ Mindama ក៏​នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យ​ក្លាយ​ជា CBD ទី​ ២ របស់​មីយ៉ាន់ម៉ា​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​ ៨០០០០ ​ម៉ែត្រការ៉េ ដើម្បី​ធ្វើ​ជា​មជ្ឈមណ្ឌល​ធនាគារ និង​ជំនួញ​ពាណិជ្ជកម្ម​។ CBD ថ្មី​នេះ​នឹង​មាន​ខ្សែ​រថភ្លើង​ឆ្លង​កាត់​ផងដែរ ហើយ​ទី​នោះ​នឹង​មាន​ផ្លូវ​រថភ្លើង​ចំនួន​ ៧ ​ខ្សែ​ទៀត​ត្រូវ​បាន​សាងសង់​៕