The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីក្រុង​វៃ​ឆ្លាត​បំផុត​របស់​ប្រទេស ​ចិន នឹង​ដឹកនាំ​ប្រទេស​មហា​អំណាច​នេះ​លើ​​​ផ្លូវ​កាន់​តែ​រហ័ស ​ឆ្ពោះ​ទៅ​រក​​​សេដ្ឋកិច្ច​ឌីជីថល

ទីក្រុង​វៃ​ឆ្លាត​បំផុត​របស់​ប្រទេស ​ចិន នឹង​ដឹកនាំ​ប្រទេស​មហា​អំណាច​នេះ​លើ​​​ផ្លូវ​កាន់​តែ​រហ័ស ​ឆ្ពោះ​ទៅ​រក​​​សេដ្ឋកិច្ច​ឌីជីថល

Content image - Phnom Penh Post
Zheng Yijiong មន្ត្រី​ប្រចាំ​មជ្ឈមណ្ឌលបញ្ជា ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ម៉ាស៊ីនថត​សុវត្ថិភាព​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ហាងចូវ​​។ People's Daily

ទីក្រុង​វៃ​ឆ្លាត​បំផុត​របស់​ប្រទេស ​ចិន នឹង​ដឹកនាំ​ប្រទេស​មហា​អំណាច​នេះ​លើ​​​ផ្លូវ​កាន់​តែ​រហ័ស ​ឆ្ពោះ​ទៅ​រក​​​សេដ្ឋកិច្ច​ឌីជីថល

ក្រុង​ហាងចូវៈ «អ្នក​មិន​ចាំបាច់​បារម្ភ ពី​ការ​ចាប់​ពង្រត់​ទេ។ ប្រសិន​បើ​ខ្ញុំ​​ធ្វើ​ដំណើរ​​​ទៅ​ទី​​កន្លែង​ណា​មួយ ប្រសិន​បើ​អ្នក​បាត់​ទំនាក់ទំនង​ជាមួយ​មិត្តភកិ្ដ និង​គ្រួសារ នគរបាល​នឹង​ស្វែងរក​ខ្ញុំ​ក្នុង​រយៈពេល​ដ៏​​ខ្លី»។​ នេះ​ជា​ការ​លើក​ឡើង​​របស់​​អ្នក​រត់​តាក់ស៊ី​ម្នាក់​ក្នុង​ទីក្រុង​ហាងចូវ ប្រទេស ​ចិន។

លោក Zhang Daqiang (ឈ្មោះ​ដាក់​​ឲ្យ) ដែល​ជា​អ្នក​បើកបរ​តាក់ស៊ី​មក​នៅ​ទីក្រុង​ហាងចូវ​​ (Hangzhou) ភាគ​​ខាង​កើត​ខេត្ត​ជឺជាំង (Zhejiang) ​ប្រទេស ចិន ​​​បាន​និយាយ​​លេង​ជាមួយ​អ្នក​ដំណើរ​របស់​លោក​ ខណៈ​ដែល​រថយន្ត​របស់​លោក​បាន​​​បើកបរ​នៅ​លើ​ផ្លូវ​អាកាស​មួយ​កន្លែង​ ជា​ទី​​ដែល​មាន​កាមេរ៉ា​សុវត្ថិភាព​ជាប់​បន្ត​កន្ទុយ​គ្នា​ពី​ទីតាំង ​១ ​​ទៅ​ទីតាំង ​១ ដើម្បី​​បង្កើត​ជា​បណ្ដាញ​​សន្ដិសុខ​ដ៏​ធំ​មួយ។​

លោក Zhang ថ្លែង​ថា​៖ «​ដោយសារ​តែ​ខួរ​ក្បាល [មជ្ឈមណ្ឌល​បញ្ជា] ទីក្រុង​វៃឆ្លាត​ស្ថិត​នៅ​ទី​នោះ។ វា​មាន​នៅ​គ្រប់​ទី​កន្លែង»។​
ដោយ​ដាក់​ឈ្មោះ​ជា​ទីក្រុង​វៃ​ឆ្លាត​បំផុត​ក្នុង​ប្រទេស ចិន ​ទីក្រុង​ហាងចូវ​​ជា​ទីក្រុង​ដំបូង​គេ​​របស់​ចិន​ដែល​បង្កើត «​ខួរ​ក្បាល​ទីក្រុង​វៃឆ្លាត» មួយ ហើយ​​រំពឹង​ថា​នឹង​ដឹកនាំ​​​​ប្រទេស​​នេះ​ឲ្យ​ដើរ​ទៅ​មុខ​យ៉ាង​រហ័ស​​​ខាង​ផ្នែក​​​ឌីជីថល​នីយកម្ម​។​

ទិសដៅ​កាន់​តែ​ធំ​មួយ

លោក Gao Xingfu អភិបាល​រង​ខេត្ត​ជឺជាំង​បាន​ប្រកាស​​ក្នុង​សន្និសីទ​សន្ដិសុខ​អ៊ីនធឺណិត West Lake Cybersecurity ក្នុង​​​ទីក្រុង​ហាងចូវ​ កាល​ពី​ចុង​​​ខែ​មេសា​ថា ខេត្ត​ជឺជាំង​សម្លឹង​​រក​ការ​​បង្កើត​មជ្ឈមណ្ឌល​នវានុវត្តន៍​វិទ្យាសាស្ដ្រ​ឌីជីថល​មួយ ដែល​មាន​​ឥទ្ធិពល​លំដាប់​​ពិភព​លោក និង​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​មួយ​ជាមួយ​នឹង​​គំរូ​ថ្មីៗ។ ខេត្ត​នេះ​ក៏​នឹង​ដឹកនាំ​​​​​​ប្រទេស ចិន ​ផង​ដែរ​​ខាង​ផ្នែក​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឌីជីថល​ជាមួយ​​​​ស្រុក​​គំរូ​ចំនួន ២។​

លោក Gao បាន​ឲ្យ​ដឹង​ថា ​តម្លៃ​ទិន្នផល​ស្នូល​នៃ​តម្លៃ​បន្ថែម​របស់​​សេដ្ឋកិច្ច​​ឌីជីថល​នៅ​ខេត្ត​ជឺជាំង​​ បាន​កើន​​ដល់ ​៥៥៤,៨ ​ពាន់​លាន​យន់​កាល​ពី​ឆ្នាំ​មុន កើន​ឡើង ​១៣,​១ ភាគរយ​ធៀប​​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៧ ដែល​ស្មើនឹង​ ៩,៩ ​ភាគរយ ​នៃ​ផលិតផល​​ក្នុង​ស្រុក​សរុប (GDP) របស់​ខេត្ត​នេះ។ ទិន្នផល​ស្នូល​របស់​សេដ្ឋកិច្ច​ឌីជីថល​ និង​តម្លៃ​ទិន្នផល​រួម​ (integrated output value) រួម​គ្នា​បាន​កើន​ឡើង​ដល់ ៤០ ភាគរយ​នៃ​ GDP សរុប។ ត្រឹម​ឆ្នាំ ២០២២ តម្លៃ​បន្ថែម​សរុប​នៃ​សេដ្ឋកិច្ច​ឌីជីថល​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ជាង​ ៥០ ភាគរយ។

គម្រោង​ខួរ​ក្បាល​ទីក្រុង​វៃឆ្លាត​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​លើក​ដំបូង​​នៅ​ទីក្រុង​ហាងចូវ​​នៅ​ឆ្នាំ ​២០១៦ ដែល​បាន​ផ្ដល់​ឲ្យ​ទីក្រុង​នេះ​នូវ​ទិន្នន័យ​ដ៏​ធំ​ និង​បញ្ញា​សិប្បនិម្មិត​ (AI) ដើម្បី​ជួយ​សម្រួល​ការងារ​ចរាចរណ៍​ទីក្រុង​ និង​សន្ដិសុខ​សាធារណៈ។

Content image - Phnom Penh Post
កាមេរ៉ាសុវត្ថិភាព​ដែលត្រូវ​បាន​ដំឡើង​នៅតាមដង​ផ្លូវក្នុង​ប្រទេស ​ចិន​​។ រូបថត AFP

លោក Zhang ថ្លែង​ថា៖ «​វា​ពិត​ជា​មាន​ប្រយោជន៍​»។ លោក​បន្ត​ថា៖ «​មាន​ការ​កក​ស្ទះ​ចរាចរណ៍​កាន់​តែ​ច្រើន​​​​ក្នុង​ទីក្រុង​នេះ​កាល​ពី​មុន​។ នៅ​ពេល​នេះ​ ខួរ​ក្បាល​ទីក្រុង​វៃឆ្លាត​នេះ​ជួយ​​បន្ធូរ​បន្ថយ​​សម្ពាធ​លើ​ដង​ផ្លូវ​ ដោយសារ​​​ការ​បង្វែរ​លំហូរ​​ចរាចរណ៍»។​

ដោយ​សារ​មជ្ឈមណ្ឌល​ AI ដែល​បាន​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន Alibaba ​ដែល​ផ្ដល់​ការ​​វិភាគ​​ពេល​វេលា​​ពិត (real-time analysis) ​អំពី​ភ្លើង​សញ្ញា​ចរាចរណ៍​នៅ​ចំណុច​ប្រសព្វ​​​ចំនួន ១២៨ ទីតាំង និង​​ប្រើប្រាស់​ឧបករណ៍​សម្រាប់​លំហូរ​ចរាចរណ៍​ដោយ​រលូន ពេល​វេលា​​រង់ចាំ​ផ្លូវ​សញ្ញា​ចរាចរណ៍​​បាន​ធ្លាក់ចុះ ​១៥,​៣ ​ភាគរយ​​ក្នុង​តំបន់​សាកល្បង​ដែល​គ្រប​ដណ្ដប់​​លើ​ប្រជាជន​​ជាង ៩ លាន​នាក់។ នៅ​លើ​ផ្លូវ​អាកាស ពេល​វេលា​ធ្វើ​ដំណើរ​ត្រូវ​បាន​កាត់​បន្ថយ​ ៤,៦​ នាទី។ ប្រព័ន្ធ AI នេះ​​​​រាយការណ៍​ពី​ភាព​ត្រឹមត្រូវ​បាន​ ៩២ ​ភាគរយ​លើ​របាយការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍ ដែល​ជួយ​បាន​យ៉ាង​ច្រើន​ក្នុង​ការ​កែ​លម្អ​ប្រសិទ្ធភាព​ការងារ​សម្រាប់​នគរបាល​ចរាចរណ៍​។​

ក្រុមហ៊ុន Dahua Technology ដែល​ផ្តល់​សេវា​កាមេរ៉ា​សុវត្ថិភាព​ចរាចរណ៍​​​បាន​ឲ្យ​ដឹង​ថា សម្រាប់​ផ្នែក​សន្ដិសុខ​សាធារណៈ គម្រោង​ទីក្រុង​សុវត្ថិភាព​របស់​​ក្រុមហ៊ុន​នេះ​​​ក្នុង​សង្កាត់​​មួយ​របស់​ទីក្រុង​ហាងចូវ ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៨ បាន​ធ្វើ​ឲ្យ​មាន​លទ្ធផល​ជា​ផ្លែ​​ផ្កា​ជា​ច្រើន រួម​ទាំង​​​កំណើន​អត្រា​​បិទ​ករណី​បទ​ឧក្រិដ្ឋ​អចលនទ្រព្យ​ពី ៥,​៦៧ ​ភាគរយ​ដល់​ ៧២,៣០ ​ភាគរយ​ផង​ដែរ ដែល​បាន​បង្កើន​សមត្ថភាព​ស៊ើប​អង្កេត​​​របស់​នគរបាល និង​ការ​អនុវត្ត​ជាក់​ស្ដែង។​

សន្ដិសុខ​អ៊ីនធឺណិត​ជា​ចំណុច​ស្នូល

លោក Fan Yuan ប្រធាន​​ក្រុមហ៊ុន Hangzhou Anheng Information Technology Co. Ltd បាន​​​ប្រាប់​ប្រព័ន្ធ​ព័ត៌មាន​បណ្ដាញ​សង្គម​​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ចិន​ (People's Daily Overseas Social Media) នៅ​ក្រៅ​ជំនួប​នៃ​សន្និសីទ​នេះ​ថា៖ «​ខណៈ​ដែល​ទីក្រុង​វៃ​ឆ្លាត​ជា​ច្រើន​​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​​​នៅ​ទូទាំង​ប្រទេស​នេះ វា​​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះ​ស្រាយ​ហានិភ័យ​សន្ដិសុខ​អ៊ីនធឺណិត ដែល​​កើន​ឡើង​​ជាមួយ​ការ​សាងសង់​ទីក្រុង​វៃឆ្លាត។ ក្រៅ​ពី​ខួរ​ក្បាល​ទីក្រុង​វៃឆ្លាត យើង​ត្រូវ​ការ​ខួរ​ក្បាល​ទីក្រុង​វៃឆ្លាត និង​ខួរ​ក្បាល​ទីក្រុង​សុវត្ថិភាព ជាមួយ​នឹង​ជំនួយ​ពី AI កុំព្យូទ័រ​ខ្លោដ ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ទិន្នន័យ​ធំ និង​​ប្រព័ន្ធ​រូបិយប័ណ្ណ​ឌីជីថល។​

ដោយ​អំពាវនាវ​ឲ្យ​សមភាគី​ទាំង​អស់​ត្រូវ​មាន​ភាព​ច្នៃ​ប្រឌិត និង​​មាន​​នវានុវត្តន៍​កាន់​តែ​ច្រើន​នៅ​ក្នុង​សេវា​សន្ដិសុខ​អ៊ីនធឺណិត លោក Fan បាន​អត្ថាធិប្បាយ​ថា សហគ្រាស​ឯកជន​ទទួល​បន្ទុក​សន្ដិសុខ​អ៊ីនធឺណិត កំពុង​ស្ថិត​​ក្នុង​ពេល​វេលា​ល្អ​បំផុត​របស់​ខ្លួន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​​ក្នុង​ប្រទេស ចិន ខណៈ​ដែល​ប្រទេស​នេះ​​តាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើន​ល្បឿន​​អំណាច​ការពារ​​អ៊ីនធឺណិត​របស់​ប្រទេស។

លោក Fan បាន​ប្រកាស​​ក្នុង​សន្និសីទ​ថា ​ក្រុមហ៊ុន Hang-zhou Anheng នៅ​ពេល​នេះ​មាន​កាមេរ៉ា​ថត​​ឃ្លាំមើល​ពិសេស ដែល​មាន​​​​បន្ទះ​ឈីប​សន្ដិសុខ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​​តាម​ការ​រាយការណ៍​មិន​ត្រឹមតែ​អាច​ការពារ​កាមេរ៉ា​​​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​ការ​លួច​ចូល​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សមត្ថ-ភាព​​​យល់​ដឹង​​ពី​ស្ថានភាព​សន្ដិសុខ​របស់​ប្រព័ន្ធ​នេះ​ទៀត​ផង។​

ម៉្យាង​វិញ​ទៀត បុគ្គលិក​មួយ​រូប​​នៅ​ឯ​​សន្និសីទ​នេះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​​ថា​​ ក្រុមហ៊ុន Dahua Technology ចាត់​វិធានការ​បច្ចេកវិទ្យា និង​ការ​ការពារ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​សន្ដិសុខ​​ទិន្នន័យ ដែល​រួម​ទាំង​ការ​បង្ខំ​ឲ្យ​​ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​ឲ្យ​​​ដំឡើង​​ឧបករណ៍​ជា​មួយ​នឹង​លេខ​កូដ​ថ្មី និង​លេខ​កូដ​ពិបាក ដើម្បី​​​កាត់​បន្ថយ​ការ​លួច​ចូល​​​លើ​​ប្រព័ន្ធ​នេះ​៕ People's Daily/LA​

អត្ថបទគួរចាប់អារម្មណ៍