ភ្នំពេញៈ ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ កំពុង​ធ្វើឲ្យ​តម្រូវការ​ទីតាំង​ជួល​លក់ទំនិញ​ (Retail) នៅតាម​ផ្សារ​ទំនើប ឬ​អគារ​ធំៗ​ចាប់ផ្តើម​បង្ហាញ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ខណៈ​ដែល​តម្លៃ​មិនទាន់​មាន​ការប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។

កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ជា​មធ្យម ៧ ​ភាគរយ​ ក្នុង​រយៈពេល ២ ​ទសវត្សរ៍​ចុងក្រោយ​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការលេចឡើង​ជា​បន្តបន្ទាប់​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

របាយការណ៍​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បង្ហាញថា គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២០ ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្សារ​ទំនើប​ចំនួន ២៣ ​លើ​ផ្ទៃ​អគារ​សរុប​ប្រហែល ៣៨ ​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ត្រូវ​រំពឹង​ថា​នឹង​កើន​ដល់​ជិត ៥០ ​ម៉ឺន​ម៉ែត្រការ៉េ​នៅ​ចុង​ឆ្នាំនេះ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា តម្រូវការ​ជួល​ទីតាំង​លក់ទំនិញ​នៅពេល​នេះ​មិនមាន​សញ្ញា​វិជ្ជមាន​ទេ ព្រោះ​ចំនួន​អ្នកដើរ​ទិញ​ទំនិញ​នៅ​តាម​កន្លែង​លក់ទំនិញ​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​។ ការបាត់បង់​អតិថិជន​បាន​ធ្វើឲ្យ​អ្នក​ជួល ឬ​អ្នក​មាន​បំណង​ជួល​ទីតាំង​មួយចំនួន​សម្រេច​ពន្យារពេល​ដោយ​រង់ចាំ​មើល​ពី​ស្ថានភាព​នៃ​ការវិវឌ្ឍ​របស់​កូវីដ​១៩ បញ្ចប់​សិន​។

លោក​ថ្លែងថា​៖ «​តម្រូវ​ការជួល​របស់ Retail បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ជំងឺ​កូវីដ​១៩ រីក​រាលដាល ប៉ុន្តែ​យ៉ាងណា​ក៏​តម្លៃ​នៅពេល​នេះ​មិនទាន់​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

ទោះយ៉ាងណា​លោក​ប្រាប់​ថា តាម​លោក​ដឹង​ពេល​នេះ​មាន Retail មួយចំនួន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​ការបញ្ចុះ​តម្លៃ និង​ការផ្តល់​នូវ​លក្ខខណ្ឌ​ពិសេស​មួយចំនួន​ដែរ​។

បើ​តាម​លោក សុខនឿន ទីផ្សារ​នេះ​នឹង​ធ្លាក់ចុះ​ខ្លាំង ប្រសិន​បើ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​បន្ត​អូសបន្លាយ​រយៈពេល​លើសពី ៣​ ខែ​ទៅមុខ​។ លោក​អះអាង​ថា​៖ «​ឥឡូវនេះ​ផលប៉ះពាល់​គឺ​មិនទាន់​ខ្លាំង​ប៉ុន្មាន​ទេ តែ​បើ ៣ ​ខែ​ខាងមុខ​ស្ថានភាព​កូវីដ​នៅ​ដដែល ខ្ញុំ​គិត​ថា​តម្លៃ​ជួល​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី ២០-៣០ ​ភាគរយ​»​។

ការសិក្សារ​របស់ CBRE Cambodia បាន​រកឃើញ​ថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ កន្លែង​ជួល​លក់ទំនិញ​ប្រភេទ Prime Shopping Mall មាន​តម្លៃ​ជួល​ជា​មធ្យម ៣២,២៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១ ​ខែ​ប្រភេទ Prime Retail Podium តម្លៃ ២៦,៦៩ ​ដុល្លារ​ប្រភេទ Prime High Street មានតម្លៃ ២៦,៥០ ​ដុល្លារ និង​ប្រភេទ Community Mall មានតម្លៃ ២០,៩៣ ​ដុល្លារ​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ថា បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ គឺ Retail មាន​ផលប៉ះពាល់​ច្រើន​ជាង​គេ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ ព្រោះតែ​ក្តីបារម្ភ​របស់​ប្រជាជន​ព្រម​ជាមួយ​ការដាក់ចេញ​នូវ​វិធាន​មួយចំនួន​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ការជួបជុំ​។

អ្នកស្រី​បន្តថា ទោះ​យ៉ាង​ណា​អ្វីៗ​ហាក់​មាន​ភាពប្រសើរ​ឡើង​វិញ​បន្តិច​ហើយ​នាពេលនេះ បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​ ១​។ អ្នកស្រី​បន្តថា​៖ «​ដោយសារ​មាន​ផលប៉ះពាល់​ខ្លះ ហេតុនេះ​ខ្ញុំ​គិតថា គេ​ត្រូវការ​ពេល​យ៉ាងតិច​ពី ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​ទៀត​ទើប​ទីផ្សារ Retail នេះ​មាន​ភាព​ល្អ​ឡើងវិញ​»​។

យោងតាម​របាយការណ៍ CBRE Cambodia អត្រា​ប្រើប្រាស់​របស់ Retail ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ គឺមាន​ ៨៩,៩ ​ភាគរយ ធ្លាក់ចុះ​ ០,៥ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩​។ ចំណែកឯ​តម្លៃ​ជួល​បាន​ធ្លាក់ចុះ​នៅក្នុង​រង្វង់​ ១០ ​ភាគរយ​៕ LA