នៅ​ទីបំផុត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (​កម្រិត F4) ដែល​មាន​តម្លៃ​វិនិយោគ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​កំណត់​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់​ហើយ​ដោយ​អាច​ស្ថិត​នៅ​មាត់បឹង​នៃ​ស្រុក​កណ្តាលស្ទឹង​គឺ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ជា​ទី​ដែល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅឯ​ជាយ​ទីក្រុង តាខ្មៅ​នោះ​។

ព្រលាន​យន្តហោះ​កម្រិត F4 បាន​ន័យ​ថា​គឺជា​ព្រលាន​យន្តហោះ​ធំ​ទំនើប​ដែល​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ធំៗ​គ្រប់​ប្រភេទ​ចុះចត​បាន​។

អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក ស៊ិន ចាន់សេរីវុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែ​មករា​ថា​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​ដោយ​គម្រោង​នេះ​បាន​អនុម័ត​រួចរាល់​ហើយ​ព្រម​ទាំង​មាន​ទីតាំង​ (​ដី​) និង​ប្លង់​ស្ថាបត្យកម្ម​រួច​ហើយ​ដែរ ហេតុនេះ​គេ​នៅ​រង់ចាំ​តែ​ពេលវេលា​ចរចា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ព្រលាន​តែ​ប៉ុណ្ណោះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​ទីតាំង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ស្ថិត​នៅ​តាម​ផ្នែក​ខាង​លិច​ផ្លូវជាតិ​លេខ​ ២១ ជា​តំបន់​វាល​បឹង​កំប្លោក​ដ៏ធំ​ (​ហៅ​បឹង​រៀន​) ​ដែល​ស្ថិត​ក្នុង​រង្វង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ នា​ពេល​អនាគត​»​។

លោក​បន្ត​ថា៖ «​ប្រសិន​បើ​គិត​ពី​កន្ទុយ​ផ្លូវ​ ៦០ ​ម៉ែត្រ ឬ​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ទៅ​កាន់​ទីតាំង​ព្រលាន​ថ្មី​នេះ​អាច​មាន​ចម្ងាយ​ប្រមាណ​ ៩ ​គីឡូម៉ែត្រ​»​។

អភិបាលស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​លោក បូ ណារ៉េត បាន​ប្រាប់​ថា គម្រោង​វិនិយោគ​ធំៗ​គឺ​ថ្នាក់ជាតិ​ជា​អ្នក​សម្រេច​ហេតុ​នេះ​លោក​ពុំ​បាន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​បើ​តាម​តម្រុយ​ខ្លះៗ​នៃ​ទីតាំង​ភូមិសាស្ត្រ​បង្ហាញ​ថា «​បើ​វា​ស្ថិត​នៅ​ចំ​ភាគ​ខាង​ត្បូង​នៃ​បុរី​កាំងម៉េង​នោះ​គឺ​មាន​ផ្ទៃដី​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជើង​កើប និង​ឃុំ​កណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​»​។

លោក ចាន់សិរីវុត្ថា បន្ត​ថា​ទីតាំង​របស់​ព្រលាន​យន្តហោះ​ថ្មី​នេះ​ភាគច្រើន​គឺជា​ផ្ទៃ​បឹង​ដែល​នឹង​ត្រូវ​បូម​ខ្សាច់​យក​មក​ចាក់​បំពេញ​នា​ពេល​ខាង​មុខ​មុន​ពេល​ចាប់ផ្តើម​សាងសង់​ព្រលាន​យន្តហោះ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ជុំវិញ​។

គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី កេឈាង នាយករដ្ឋមន្ត្រី​ចិន​ដែល​បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។

តាម​គម្រោង​ព្រលាន​យន្តហោះ​នេះ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​​ ១៥០០ ​លាន​ដុល្លារ​ដោយ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​មកពី​ប្រទេស​ចិន​ដោយ​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ដាក់​ឈ្មោះ​ថា Cambodia Airport Investment Co., Ltd.​។

លោក ស៊ិន ចាន់សិរីវុត្ថា បាន​បន្ត​ថា​ព្រលាន​យន្តហោះ​ថ្មី​នេះ​មាន​ទំហំ​ជាង​ ៧០០ ​ហិកតា​គឺ​ប្រហាក់​ប្រហែល​នឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី ចំណែក​ផ្ទៃដី​ដែល​នៅ​សល់​គឺជា​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅឋាន​នានា​ព្រោះ​ការ​វិនិយោគ​ព្រលាន​យន្តហោះ​មិន​អាច​រក​ផលចំណេញ​បាន​ទេ​គឺ​មាន​តែ​ការ​រៀបចំ​សេវាកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គាំទ្រ​ទើប​អ្នក​វិនិយោគ​អាច​រក​ផលចំណេញ​បាន​។

លោក នីម និរ៉ាដេត អភិបាល​ស្រុក​អង្គស្នួល​។ រូបថត​សហការី

លោក​ថ្លែង​ថា៖ «​នេះ​ជា​គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Air- port City គឺជា​គម្រោង​វិនិយោគ​ចម្រុះ​ដែល​មាន​ទាំង​ព្រលាន​យន្តហោះ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ដ៏ធំ​នេះ​ស្រប​ពេល​កម្ពុជា​បាន​និង​កំពុង​ស្ថិត​ក្នុង​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក ហេតុ​នេះ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​គឺ​រឿង​ល្អ​ណាស់ ប៉ុន្តែ​ព្រលាន​យន្តហោះ​នេះ​គួរ​តែ​មាន​ទំហំ​ធំ​ដែល​អាច​ឲ្យ​យន្តហោះ​ប្រភេទ Boeing ធំៗ​ចុះចត​បាន​ព្រោះ​សមត្ថភាព​ព្រលាន​យន្តហោះ​សព្វ​ថ្ងៃ​នេះ​មិន​អាច​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន​ទេ​។

លោកស្រី​លើក​ឡើង​ថា៖ «​ព្រលាន​យន្តហោះ​ភ្នំពេញ​សព្វ​ថ្ងៃ​កំពុង​មមាញឹក​ហើយ​ហេតុ​នេះ​យើង​ត្រូវ​ការ​ព្រលាន​យន្តហោះ​ថ្មី​បែប​នេះ​ដើម្បី​បំពេញ​តម្រូវការ​នៃ​ការ​តភ្ជាប់​ផ្លូវ​អាកាស និង​ការ​ធ្វើ​ដំណើរ​។ ព្រលាន​យន្តហោះ​ថ្មី​នេះ​ត្រូវ​តែ​មាន​សមត្ថភាព​ខ្ពស់ និង​ទទួល​អ្នក​ដំណើរ​បាន​ច្រើន ដើម្បី​ឆ្លើយតប​នឹង​កំណើន​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​»​។

បើ​គេ​ក្រឡេក​មើល​សំណង់​ផ្លូវ​ថ្នល់ និង​ស្ពាន​មួយ​ចំនួន​ធំ​នៃ​គម្រោង​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​គឺ​ហាក់​បាន​និង​កំពុង​សំដៅ​ឆ្ពោះ​ទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​នៃ​គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ​រួច​ជា​បណ្តើរៗ​ហើយ ដោយ​មាន​មួយ​ចំនួន​បាន​សាងសង់​រួច​ផង​ដែរ​ដូចជា ការ​តភ្ជាប់​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​ ៦០ ​ម៉ែត្រ​) ទៅ​កាន់​ផ្លូវជាតិ​លេខ​ ២ ជាដើម​។ មាន «​ផ្លូវ​ ៦០ ​ម៉ែត្រ​ជា​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ២ ឆ្លងកាត់​ពី​ស្រុក​អង្គស្នួល​ដោយ​ចេញ​ពី​ផ្លូវជាតិ​លេខ​ ៤ មក​កាត់​ផ្លូវជាតិ​លេខ ​៣ ត្រង់​ចំណុច​ស្ពាន ៧ ​មករា​រួច​ឆ្ពោះ​ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​ ២ ដែល​ជា​ទីតាំង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ទី​នោះ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក នីម និរ៉ាដេត អភិបាលស្រុក​អង្គស្នួល​។

«​នៅ​លើ​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ២ នេះ​មាន​ស្ពាន​ធំ​មួយ​ទទឹង​ជាង​ ១០ ​ម៉ែត្រ និង​បណ្តោយ​ជាង​ ២០០ ​ម៉ែត្រ​ឆ្លង​កាត់​ស្ទឹង​ព្រែកត្នោត​នៅ​ក្នុង​ឃុំ​ប្រាំបីមុំ​នៃ​ស្រុក​អង្គស្នួល រដ្ឋាភិបាល​បាន​សាងសង់​រួចរាល់​ប្រមាណ ៩៧ ​ភាគរយ​ហើយ​នៅ​រង់ចាំ​តែ​ថ្ងៃ​សម្ពោធ​ប៉ុណ្ណោះ​។ ផ្លូវ​នេះ​ក៏​ប្រហែល​ជា​សំដៅ​គាំទ្រ​ដល់​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នោះ​ដែរ​»​។ ក្រៅពី​នោះ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ក៏​ទំនង​ស្រប​ទៅ​ទិសដៅ​នោះ​ដែរ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​សាទរ​ចំពោះ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ដ៏មហិមា​មាន​តម្លៃ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​។

លោក​បាន​និយាយ​ថា​ កាលពី​មុន ​ពេល​លេចឮ​ព័ត៌មាន​នេះ ដីស្រែ ឬ​ដី​បឹង​នៅ​តំបន់​នោះ​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ «២-៥ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ហិកតា ប៉ុន្តែ​ឥឡូវ​ប្រហែល​ជា​ស្ថិត​នៅ​ចន្លោះ​ពី​ ៧-៨ ​ម៉ឺន​ក្នុង​ ១ ​ហិកតា​ហើយ​អាច​នឹង​បន្ត​ឡើង​ទៅ​ដល់​ ១០-២០ ​ម៉ឺន​ដុល្លារ​ផង​ដែរ​» ​។

លោក​បាន​លើក​ឡើង​ថា​៖ «​តម្លៃ​ដី​នឹង​ហក់​ឡើង​នៅ​ពេល​មាន​គម្រោង​ធំៗ​អ្វី​មួយ​កើតឡើង​នៅ​ក្នុង​តំបន់​បែប​នេះ​ដូច្នេះ​អ្នក​ឆ្លៀត​ឱកាស​ទិញ​ភ្លាម​លក់​យក​ចំណេញ​ខ្លះ​ភ្លាម​គឺជា​ការ​ប្រសើរ ប៉ុន្តែ​ប្រយ័ត្ន​អ្នក​ដែល​ជា​អ្នក​ទិញ​ចុង​ក្រោយ​មាន​តម្លៃ​ខ្ពស់​ហើយ​អាច​នឹង​ជាប់​គាំង​លក់​លែង​ចេញ ឬ​លែង​ចំណេញ​»​។

លោក​ពន្យល់​ថា​បើ​តាម​លក្ខខណ្ឌ​ភូមិសាស្ត្រ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ដែល​មាន​បឹង​ធម្មជាតិ​ដ៏ធំ​នៅ​ពី​ខាង​កើត និង​ព័ទ្ធ​ជុំវិញ​ដោយ​ស្រែចម្ការ​ព្រម​ទាំង​ភូមិឋាន​របស់​ប្រជាជន​នោះ «​ជា​ភូមិសាស្ត្រ​មួយ​សមប្រកប ព្រោះ​តាម​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ទៅ​ប្រទេស​ធំៗ​គឺ​ឃើញ​ព្រលាន​យន្តហោះ​របស់​គេ​នៅ​ជិត​បឹង ឬ ដៃសមុទ្រ​ជាដើម​»​។ «​ខ្ញុំ​ប្រាថ្នា​ចង់ឃើញ​ព្រលាន​យន្តហោះ​ថ្មី​នេះ​សង់​បាន​សម្រេច​ដើម្បី​ជា​មោទនភាព​ប្រជាជាតិ​កម្ពុជា​»៕