
អគារការិយាល័យ Vattanac Tower (ឆ្វេង) Exchange Square (ខាងក្រោយ) និងអគារ Canadia Tower ។ ផា លីណា
ទីផ្សារការិយាល័យនៅកម្ពុជានាពេលនេះបានធ្វើពិពិធកម្មមួយកម្រិតទៀតជាមួយនឹងទស្សនទាននៃការអភិវឌ្ឍបែបថ្មី ដែលធ្វើឲ្យទីផ្សារនេះប្រឈមនឹងការសាកល្បងថ្មី និងប្រកួតប្រជែងកាន់តែច្រើនជាងមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា នៅឆ្នាំ ២០១៨ នេះអគារការិយាល័យបែបសហកម្មសិទ្ធិ (Strata Title Office) ដែលជាទស្សនទាននៃការអភិវឌ្ឍថ្មី ទំហំ ៦០០០០ ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារ និងអគារចំនួន ២ ទៀតដែលជាប្រភេទការិយាល័យធម្មតា គឺ Key Stone ទំហំ ១៥០០០ ម៉ែត្រការ៉េ និងគម្រោង Oral Office Tower ទំហំ ៥០០០ ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា៖ «ការិយាល័យប្រើប្រាស់បែបសហកម្មសិទ្ធិ ឬប្រើប្រាស់រួមបែបនេះជាការអភិវឌ្ឍថ្មីនៅកម្ពុជា ដូច្នេះយើងមិនច្បាស់ថាវានឹងទទួលការគាំទ្រ ឬអត់នោះទេ ដោយវាអាស្រ័យលើតម្លៃ គុណភាពនៃការគ្រប់គ្រង និងទីតាំង»។
អ្នកនាងបានបន្តថា៖ «ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍបែបនេះកំពុងទទួលបានជោគជ័យនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីក្រុងហុងកុង ជាដើម»។
គិតត្រឹមដំណាច់ឆ្នាំ ២០១៧ នៅកម្ពុជាមានការិយាល័យជួលសរុបទំហំ ៣៣៥ ០០០ ម៉ែត្រការ៉េក្នុងនោះអគារការិយាល័យកម្រិត A មានប្រហែល ១៦ ភាគរយ ការិយាល័យកម្រិត B ប្រហែល ២០ ភាគរយ និងអគារការិយាល័យកម្រិត C មានទំហំប្រហែល ៦៤ ភាគរយនៅក្នុងទីផ្សារការិយាល័យសរុបនៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia។
របាយការណ៍ដដែលបានបង្ហាញថា អគារការិយាល័យកម្រិត A មានតម្លៃជួលក្នុង ១ ខែចន្លោះពី ២៨ ដល់ ៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ការិយាល័យកម្រិត B មានតម្លៃចន្លោះពី ១៨ ទៅ ២៥ ដុល្លារ និងអគារការិយាល័យកម្រិត C មានតម្លៃជួលចន្លោះពី ១០ ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អគារ Oral Office Tower ដែលគ្រោងនឹងបើកដំណើរការនាពេលឆាប់ៗនេះ។ ផា លីណា
លោក Chenyi Chiu នាយកគ្រប់គ្រងទូទៅនៃអគារ TK Royal One ដែលជាអគារអភិវឌ្ឍន៍ចម្រុះ មានការិយាល័យបែបសហកម្មសិទ្ធិ និងខុនដូ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថាអគារនេះនឹងបើកដំណើរការនៅអំឡុងខែឧសភាខាងមុខ។
អគារនេះមានការិយាល័យបែបសហកម្មសិទ្ធិ សរុបទំហំ ៧០០០ ម៉ែត្រការ៉េ និងខុនដូចំនួន ១៤៦ យូនីត។ លោកបានបន្តថា ពេលនេះការិយាល័យដែលមានទំហំចន្លោះពី ៨០ ទៅ ១៨០ ម៉ែត្រការ៉េ បានលក់អស់ហើយ ហើយក៏មានអតិថិជនខ្លះបានដាក់ការិយាល័យដែលបានទិញនោះមកក្រុមហ៊ុនវិញ ដើម្បីដាក់ជួលជូនអតិថិជនបន្ត។
លោកនិយាយថា៖ «ដោយសារវាជាអគារបែបសហកម្មសិទ្ធិ ហើយការសាងសង់ និងឌីហ្សាញ គឺផ្តោតសំខាន់ទៅលើគុណភាពនោះ ខ្ញុំជឿជាក់ថាអគារការិយាល័យបែបនេះនឹងទទួលបានជោគជ័យក្នុងទីផ្សារកម្ពុជា។ លោកបន្តថា៖ «យើងមានបទពិសោធអភិវឌ្ឍបែបនេះ ហើយយើងតែងទទួលបានជោគជ័យ»។
ទាក់ទងនឹងអគារការិយាល័យកម្រិត A អ្នកនាង អាន សុធីតា មានប្រសាសន៍ឲ្យដឹងផងដែរថានៅកម្ពុជាមានអគារការិយាល័យកម្រិត A តែ ២ ប៉ុណ្ណោះ គឺអគារ Vattanac Capital និងអគារ Exchange Square ដែលស្ថិតនៅក្បែរគ្នា។
អគារការិយាល័យ Vattanac Capital បច្ចុប្បន្នមានអ្នកជួល ៧០ ភាគរយហើយនៃផ្ទៃក្រឡាជួលសរុបប្រមាណ ២៦០០០ ម៉ែត្រការ៉េ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លឹម ភូស៊ីថាវរិទ្ធ ប្រធានផ្នែកជួលនៃអគារ VattanacCapital។
លោកបដិសេធមិននិយាយលម្អិតនោះទេ ទោះបីព្យាយាមសុំការអត្ថាធិប្បាយបន្ថែមជាច្រើនលើកក៏ដោយ។
ទាក់ទងវត្តមានសណ្ឋាគារ Rosewood ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅអគារវឌ្ឍនៈនាពេលឆាប់ៗនេះ អ្នកនាង អាន សុធីតា បានថ្លែងថា នៅពេលសណ្ឋាគារលំដាប់អន្តរជាតិនេះបើកដំណើរការ វានឹងធ្វើឲ្យមានមនុស្សជាច្រើនធ្វើដំណើរទៅកាន់អគារនេះ។
អ្នកនាងបន្ថែមថា៖ «បើសួរថា តើការបើកសណ្ឋាគារនេះនឹងជួយដល់អគារការិយាល័យនៅអគារនេះឬទេ? ខ្ញុំអាចនិយាយថា វានឹងជួយឲ្យអគារនេះកាន់តែមានភាពទាក់ទាញ»៕