ភ្នំពេញ៖ តម្លៃ​លក់ និង​ជួល​បន្ទប់​ខុនដូ​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ បាន​កើន​ឡើង​ភាគ​ច្រើន បើ​ធៀប​នឹង​ត្រីមាស​ទី៤ ឆ្នាំ ២០២០ ខណៈ​មាន​គម្រោង​ថ្មី​ចំនួន ៤ បាន​ដាក់​ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​និន្នាការ​នៃ​តម្រូវ​ការ និង​តម្លៃ​អាច​នឹង​ធ្លាក់​ចុះ​វិញ​ក្នុង​ត្រីមាស​ទី២ ដោយសារ​តែ​វិធាន​ការ​បិទ​ខ្ទប់​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia។

របាយការណ៍​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ ខុនដូ​ប្រណីត (High-End) ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជា​មធ្យម ៣ ០៨៧ ដុល្លារ កើន​ឡើង ៤,៨ ភាគរយ ធៀប​នឹង​ត្រីមាស​ទី៤ ឆ្នាំ ២០២០ ប្រភេទ​តម្លៃ​សមរម្យ (Affordable) មាន​តម្លៃ ១ ៥៦៨ ដុល្លារ កើន​ឡើង ៣,៥ ភាគរយ ខណៈ​ប្រភេទ​មធ្យម (Mid-Range) មាន​តម្លៃ ២ ២៦៥ ដុល្លារ ធ្លាក់ចុះ ០,៤ ភាគរយ។

ដោយ​ឡែក​សម្រាប់​តម្លៃ​ជួល គឺ​កើន​ឡើង​ព្រម​គ្នា​ក្នុង​នោះ​ខុន​ដូប្រណីត​មាន​តម្លៃ ១២,៨៦ ដុល្លារ ក្នុង ១ ម៉ែត្រ​ការ៉េ​សម្រាប់​រយៈពេល ១ ខែ កើន​ឡើង ១,៧ ភាគរយ, ប្រភេទ​មធ្យម​មាន​តម្លៃ ១០,៣៨ ដុល្លារ កើន​ឡើង ១,៣ ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ ៨,២៨ ដុល្លារ កើន​ឡើង ៥,៤ ភាគរយ ។

យោង​តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ចំនួន ៤ ស្មើ​នឹង​បន្ទប់​ស្នាក់​នៅ​សរុប ៧៩៣ យូនីត បាន​បញ្ចប់​ការ​សាងសង់ និង​បើក​ដំណើរការ ដែល​ធ្វើ​ឱ្យ​ចំនួន​បន្ទប់​​ខុនដូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កើនដល់ ២៦ ៧០៧ យូនីត។

អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី ២១ ខែ​មេសា​នេះ​ថា សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក និង​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ នា​ដើម​ឆ្នាំ ២០២១ បាន​ធ្វើ​ឱ្យ​ចលនា​របស់​អ្នក​វិនិយោគ ឬ​ដូចជា​ការ​ទិញ​សម្រាប់​ស្នាក់នៅ​របស់​ប្រជាជន​ខ្មែរ បាន​កម្រើក​ឡើង​វិញ​ជា​បន្តបន្ទាប់​នៅ​ដើម​ត្រីមាស​ទី១ ធៀប​នឹង​ត្រីមាស​ទី៤ ឆ្នាំ ២០២០។

អ្នកនាង​បាន​អះអាង​ថា៖ «ភាគ​សុទិដ្ឋិ​និយម​នៅ​មុន​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើ​ឱ្យ​តម្លៃ​លក់ និង​ជួល​ខុនដូ​កើន​ឡើង ១ កម្រិត»។

ទោះ​យ៉ាង​ណា អ្នកនាង គិនកេសា បាន​បញ្ជាក់​ថា ដោយសារ​មាន​ការ​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ វា​បាន​និង​កំពុង​ធ្វើ​ឱ្យ​តម្លៃ និង​សកម្មភាព​នៃ​ការ​ទិញ លក់ និង​ជួល​ខុនដូ ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​វិញ​ខ្លះ​នៅ​ដើម​ត្រីមាស​ទី២ នេះ។ អ្នកនាង​បាន​បន្ថែម​ថា៖​ «ការ Lockdown ទីក្រុង​ភ្នំពេញ​នៅ​ពេល​នេះ គឺ​វា​ប្រាកដ​ថា វា​នឹង​ជះ​ឥទ្ធិពល​ខ្លះ​ដល់​តម្លៃ​ទិញ លក់ និង​ជួល​នៅ​ក្នុង​ត្រីមាស​ទី២»។

តាម​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ​នឹង​មាន​ខុនដូ​ប្រមាណ ១០ ០៣២ យូនីត​បញ្ចប់​ការ​សាងសង់ និង​ដាក់​ចូល​ទីផ្សារ។ នេះ​បើ​តាមCBRE Cambodia៕