
ទិដ្ឋភាពខុនដូមួយចំនួនក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ខុនដូប្រណីត និងមានតម្លៃខ្ពស់ទំនងជាចាប់ផ្តើមឆ្អែតជាបណ្តើរៗហើយនៅក្នុងទីផ្សារ ខណៈក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមសម្លឹងចាប់យកទីផ្សារថ្មី ដោយផ្តោតលើខុនដូមានតម្លៃមធ្យម។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បានលើកឡើងកាលពីពេលថ្មីៗនេះថានៅឆ្នាំនេះមានគម្រោងខុនដូចំនួន ៣ ស្មើនឹងផ្ទះជាង ២០០០ យូនីតបានប្រកាសលក់គម្រោងរបស់ពួកគេដោយផ្តោតទៅលើប្រជាជនមានជីវភាពមធ្យមដែលជាក្រុមប្រជាជនមានចំនួនច្រើន និងអាចមានលទ្ធភាពទិញខុនដូទាំងនោះបាន។ អ្នកស្រីបន្តថាខុនដូដែលប្រកាសលក់ និងសាងសង់នៅដើមឆ្នាំនេះមានដូចជាគម្រោង Arakawa និង Urban Village ជាដើម។
អ្នកនាងបន្តថា៖ «ខ្ញុំគិតថាទីផ្សារខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យមពួកគេអាចទទួលបានជោគជ័យ ដោយសារប្រជាជនក្នុងស្រុកអាចមានលទ្ធភាពទិញបានហើយនិន្នាការប្រជាជនក្នុងស្រុកទិញខុនដូក៏កើនឡើងផងដែរ»។
ខុនដូតម្លៃមធ្យមសំដៅដល់ខុនដូដែលសាងសង់លក់ក្នុងតម្លៃចន្លោះពី ៣០០០០ ទៅ ៥០០០០ ដុល្លារក្នុង ១ យូនីត។
លោក ទុយ ប៊ុន ភាគហ៊ុនិកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅឋាន L កម្ពុជាភ្នំពេញដែលបានសាងសង់ខុនដូចំនួន ៥ គម្រោងមានតម្លៃចន្លោះពី ២៩០០០ ទៅដល់ ៥០០០០ ដុល្លារក្នុង ១ យូនីតបាននិយាយថា ប្រជាជនក្នុងស្រុកកាន់តែច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ទិញខុនដូនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនៅឆ្នាំនេះមានប្រជាជនចិនកាន់តែច្រើនបានទិញខុនដូរបស់លោកដោយពួកគេម៉ៅយក ១០០ យូនីត ឬច្រើនជាងនេះសម្រាប់លក់បន្ត។
លោកបានអះអាងថា៖ «ការសាងសង់ខុនដូដោយផ្តោតតម្លៃចន្លោះពី ៩០០ ទៅ ១២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េជាគោលដៅត្រឹមត្រូវ ហើយខ្ញុំក៏មិនបារម្ភពីខុនដូរបស់ខ្ញុំលក់មិនចេញនោះទេ»។ លោកបានបន្តថា៖ «ហេតុផលដែលយើងសាងសង់ខុនដូតម្លៃមធ្យម ដោយសារប្រជាជនមានជីវភាពមធ្យមមានចំនួនច្រើន និងទីតាំងគម្រោងរបស់យើងមិនសមស្របសម្រាប់ខុនដូមានតម្លៃថ្លៃផងដែរ»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថាលោកគិតថាការសាងសង់ខុនដូតម្លៃមធ្យមនឹងទទួលបានជោគជ័យ ពិសេសតំបន់ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញទីតាំងដែលសំណង់នានាបានដុះដាល និងស្ទើររកដីសាងសង់មិនបានរួចទៅហើយ។
លោកបានបន្តថា បើសាងសង់ខុនដូនៅតំបន់នេះកម្ពស់ ១៥ ទៅ ២៥ ជាន់ ហើយលក់ក្នុងតម្លៃចន្លោះពី ៨០០ ទៅ ១២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េនឹងទទួលបានជោគជ័យ ព្រោះប្រជាជនក្នុងស្រុកទោះបីជាចង់ទិញផ្ទះក្នុងតម្លៃចន្លោះពី ៤០០០០ ទៅ ៦០០០០ ដុល្លារក៏ទិញបានផ្ទះនៅជាន់ទី ២ ទៅទី ៤ ដែរ ហើយវាជាផ្ទះចាស់ដែលមិនមានហេដ្ឋារចនាសម្ព័ន្ធសមស្របទៀតផង។
លោកបន្តថា៖ «បើសិនជាមានអ្នកវិនិយោគសាងសង់ខុនដូក្នុងតម្លៃខាងលើនេះខ្ញុំជឿថានឹងមានការគាំទ្រពីប្រជាជនក្នុងស្រុកព្រោះខុនដូមិនដូចផ្ទះល្វែងចាស់ៗទេ ដោយសារខុនដូមានជណ្តើរយន្តមានសេវាកម្មសន្តិសុខ និងសេវាកម្មបម្រើការរស់នៅប្រសើរជាងផ្ទះល្វែង»។
លោក ណារិទ្ធ ហៅ ធូ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលបានទិញខុនដូ តម្លៃមធ្យមមួយកន្លែងនៅតំបន់បឹងត្របែកបានលើកឡើងថាការពិតលោកមានផ្ទះផ្ទាល់ខ្លួនរួចហើយ តែលោកបានទិញខុនដូ ១ ទៀតដោយសារចង់ផ្លាស់ប្តូរបរិយាកាសក្នុងការរស់នៅ និងទុកសម្រាប់កូនៗរបស់លោកនាពេលអនាគត។
លោកបានបន្តថា លោកគិតថាការរស់នៅខុនដូនឹងមានភាពខុសគ្នាពីផ្ទះល្វែងជាប់ដី ដោយសារខុនដូមានកម្ពស់ខ្ពស់ និងមានសេវាកម្មដែលធ្វើឲ្យការស្នាក់នៅរបស់យើងមានភាពកក់ក្តៅ និងផាសុកភាព។
លោក ណារិទ្ធ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាប្រជាជនខ្មែរនឹងជ្រើសរើសការរស់នៅតាមខុនដូកាន់តែច្រើននាពេលអនាគត ព្រោះបច្ចុប្បន្នមិត្តភក្តិខ្ញុំមួយចំនួនក៏បានទិញខុនដូសម្រាប់រស់នៅដែរ ដោយសារវាជា Lifestyle ថ្មី»៕