ភ្នំពេញៈ ការធ្លាក់ចុះ​នៃ​ចំនួន​ជនបរទេស​ដែល​មក​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្ពុជា ដោយសារ​ក្តីបារម្ភ​ពី​ជំងឺ​កូវីដ​​ ១៩ បាន​ធ្វើឲ្យ​តម្លៃ​លក់ និង​ជួល​ខុនដូ នៅក្នុង​រាជធានី​ភ្នំពេញ​នា​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​ធៀប​នឹង​ត្រីមាស​ទី​ ១​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​តម្លៃ​ខុនដូ​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​នោះ​ខុនដូ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម ៣ ០៤១ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ធ្លាក់ ៣,៩៨ ​ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ខុនដូ​ប្រភេទ​មធ្យម​មាន​តម្លៃ ២ ៤៤១ ​ដុល្លារ​ ធ្លាក់ ៤,៦១ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ​ជា​មធ្យម ១ ៥៣៩ ​ដុល្លារ ធ្លាក់ចុះ ០,៦៥ ​ភាគរយ​។ ចំណែក​តម្លៃ​ជួល​នៅក្នុង​ត្រីមាស​ទី​ ២ គឺ ១៣,១៨ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ សម្រាប់​រយៈពេល​ ១ ​ខែ​ ចំពោះ​ខុនដូ​ប្រណីត​ដោយ​ធ្លាក់ចុះ ៧,២៥ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី​ ១ និង​ខុនដូ​ប្រភេទ​មធ្យម​មាន​តម្លៃ ១១,១២ ​ដុល្លារ ធ្លាក់ ៥,៧១ ​ភាគរយ​។

កាលពី​ត្រីមាស​ទី​ ១ ខុនដូ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ ៣ ១៦៧ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ធ្លាក់ចុះ ០,៥៣ ​ភាគរយ​ធៀប ​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ ខុនដូ​ប្រភេទ​មធ្យម​មាន​តម្លៃ ២ ៥៥៩ ​ដុល្លារ​ ធ្លាក់ចុះ ១,៣៩ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ ១ ៥៤៩ ​ដុល្លារ​កើន ០,៣២ ​ភាគរយ​។ សម្រាប់​ទីផ្សារ​ជួល​ខុនដូ​ប្រណីត​មាន​តម្លៃ​មធ្យម ១៤,២១ ​ដុល្លារ ​ក្នុង​ ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ ០,៤ ​ភាគរយ និង​ខុនដូ​ប្រភេទ​មធ្យម​មាន​តម្លៃ​មធ្យម ១១,៧៩ ​ដុល្លារ ធ្លាក់ចុះ ០,៦ ​ភាគរយ​។

យោងតាម​របាយការណ៍​ខាងលើ​នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​មិនមាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ណា​បញ្ចប់​ការសាងសង់​ទេ ប៉ុន្តែ​មាន​ខុនដូ​ថ្មីៗ​ចំនួន​ ៣ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ២ ២៥២ ​យូនីត​ បានប្រកាស​បើក​លក់​ជា​ផ្លូវការ​។

គម្រោង​ទាំងនោះ​រួមមាន LEEDON Heights ស្ថិតក្នុង​ខណ្ឌ​សែនសុខ គម្រោង LE Conde BKK1 ក្នុង​ខណ្ឌ​បឹងកេងកង និង​គម្រោង Grand Condo 7 នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​។

កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ដើម​ឆ្នាំ​ ២០២០ មក​មិនសូវ​មាន​ភាពល្អ​ប្រសើរ​ទេ ព្រោះ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន​។

កញ្ញា​បន្តថា ខុនដូ គឺជា​ទីផ្សារ​ពេញនិយម​ខ្លាំង​សម្រាប់​ជនបរទេស ហេតុនេះ​នៅពេល​ជនបរទេស​ចាកចេញ​ច្រើន ផលប៉ះពាល់​ដល់​ទីផ្សារ​នេះ​ប្រាកដ​ជា​កើតមាន ដោយ​ចៀស​មិន​ផុត​។

កញ្ញា គិនកេសា បាន​ថ្លែងថា​៖ «​កូវីដ​១៩ បាន​ធ្វើឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាងច្រើន​ជា​ហេតុ​ធ្វើឲ្យ​បន្ទប់​ខុនដូ នៅ​សល់​ក៏​កើន​ច្រើន​ដែរ​»​។

ខណៈ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​ការគំរាមកំហែង​ជា​សកល​នោះ​កញ្ញា គិនកេសា បាន​និយាយថា បើតាម​ស្ថានភាព​នៃ​ការបន្ត​ឆ្លង​របស់​ជំងឺ​កូវីដ​១៩ វិស័យ​ខុនដូ​នៅ​កម្ពុជា​នឹង​នៅតែ​បន្ត​ទទួលរង​ផល​អវិជ្ជមាន​ជា​បន្តទៀត​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។

កញ្ញា​អះអាង​ថា​៖ «​ខ្ញុំ​គិតថា តម្លៃ​លក់ និង​ជួល​ខុនដូ​នៅ​ភ្នំពេញ​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​ក្នុង​ត្រីមាស​ទី​ ៣ នេះ ព្រោះ​ចំនួន​ជនបរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​មិនទាន់​មាន​ចំនួន​ច្រើន​ដូច​មុន​ពេល​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ នោះទេ​»​។

គិត​មកដល់​ពេល​នេះ​ក្នុង​ក្រុង​ភ្នំពេញ​មាន​គម្រោង​ខុនដូ​ចំនួន ៧២ ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ២០ ៨៥០ ​យូនីត​ ដែល​បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​។ នេះ​បើតាម​កញ្ញា គិនកេសា​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​មានតម្លៃ​ជាង ៣,៨៤ ពាន់​លាន​ដុល្លារ ​កើនឡើង ១៣,២៦ ​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩៕