ក្រុងប៉េកាំងៈ របាយការណ៍​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ការលក់​ដី​នៅក្នុង​ទីក្រុង​សំខាន់​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ច្រើន​កាលពី​ខែកុម្ភៈ​កន្លងមក​។

ទំហំ​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ចំនួន ៤០ ​ដែល​បាន​ត្រួតពិនិត្យ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ E-house China R&D Institute កាលពី​ខែកុម្ភៈ បានបង្ហាញ​ពី​ការធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​តម្លៃ​ដី​បាន​កើនឡើង​ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​តម្លៃ​ទីផ្សារ​ដីធ្លី​នៅក្នុង​ទីក្រុង​ធំ​លំដាប់​ទី​ ១​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​ខាងលើ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា អត្រា​តម្លៃ​ដីធ្លី​ដែល​វាស់វែង​ក្នុងចំណោម​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ដេញថ្លៃ​ខ្ពស់​ជាងគេ​បំផុត​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប​រួម​ជាមួយ​នឹង​លទ្ធភាព​ដែល​អាច​នឹងមាន​ការធ្លាក់​ចុះ​បន្ថែមទៀត​។

របាយការណ៍​បន្តថា តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ធំ​លំដាប់​លេខ​ ២ បាន​ធ្លាក់ចុះ​ខ្លាំង​ទាំង​ផ្នែក​ប្រតិបត្តិការ និង​បរិមាណ ចំណែក​នៅក្នុង​ទីក្រុង​លំដាប់​ទី​ ៣ ក៏មាន​និន្នាការ​ធ្លាក់ចុះ​ជា​បណ្ដើរៗ​ដែរ​។

លោក Wang Yichen អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន E-house China R&D Institute ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការធ្លាក់ចុះ​តម្លៃ និង​សកម្មភាព​ដីធ្លី​នៅពេល​នេះ​គឺ​គេ​ចាំបាច់​ត្រូវតែ​ទាមទារ​ឲ្យ​រដ្ឋ​មាន​គោលនយោបាយ​ក្នុងស្រុក​បន្ថែមទៀត​ដើម្បី​គាំពារ​ដល់​វិស័យ​មួយ​នេះ​។

លោក Wang បាន​ឲ្យ​ដឹងថា តាម​ការពិចារណា​រប​ស់លោក​អំពី​អត្រា​តម្លៃ​ដីធ្លី​ទាប​នៅពេល​បច្ចុប្បន្ន គឺ​ទីផ្សារ​នេះ​មិន​ទំនងជា​នឹង​កើន​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី​ទេ ខណៈ​ដែល​ការធ្លាក់ចុះ​បន្ថែមទៀត​នៃ​តម្លៃ​ដីធ្លី​ក៏​នឹង​ត្រូវបាន​កម្រិត​ផងដែរ​៕ People''s Daily/LA