មណ្ឌលគិរីៈ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួន បច្ចុប្បន្នទីផ្សារដីឡូត៍បានចាប់ផ្តើមលេចឡើងជាបន្តបន្ទាប់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៃភូមិភាគឦសានដែលរដ្ឋាភិបាលចាត់ទុកថា នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា។
មណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភាគឦសានដែលត្រូវរដ្ឋាភិបាលកម្ពុជាកំណត់ថានឹងប្រែក្លាយឱ្យទៅប៉ូលសេដ្ឋកិច្ច ១ នៅក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង ៤ របស់កម្ពុជារួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី ដែលមានគម្រោងដីឡូត៍លក់ជាច្រើនកន្លែងនៅខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ខែកុម្ភៈ ថាចាប់តាំងការផ្ទុះឡើងនៃជំងឺកូវីដ១៩ សកម្មភាពពុះដីឡូត៍លក់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានលេចឡើងជាបន្តបន្ទាប់។
លោកបន្តថា មានកត្តាជាច្រើនដែលនាំឱ្យវិស័យអចលនទ្រព្យ ក៏ដូចជា ទីផ្សារដីឡូត៍ក្នុងខេត្តមណ្ឌលគិរីមានទីផ្សារល្អ ដែលរួមមានគោលនយោបាយរបស់រដ្ឋាភិបាលដែលនឹងប្រែក្លាយភូមិភាគឦសានទៅជាប៉ូលសេដ្ឋកិច្ច ១ ក្នុងចំណោម ៤ នៅកម្ពុជា ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានទាក់ទងនឹងការកំណត់ និងបែងចែកចំណាត់ថ្នាក់ដី ភាពល្អប្រសើរនៃបរិស្ថានធម្មជាតិ កំណើនប្រជាជនចូលទៅរស់នៅ និងប្រកបអាជីវកម្ម និងគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ជាច្រើនទៀត។
លោកថ្លែងថា៖ «ចំណុចទាំងនេះកំពុងធ្វើឱ្យទីផ្សារអចលនទ្រព្យ ក៏ដូចជា គម្រោងពុះដីឡូត៍ក្នុងខេត្តមណ្ឌលគិរីទទួលបាននូវការចាប់អារម្មណ៍កាន់តែច្រើន»។
លោកប្រាប់ទៀតថា ជាមួយនឹងសម្ទុះនៃការអភិវឌ្ឍពេលនេះលោកគិតថា សកម្មភាពពុះដីឡូត៍នឹងមានកាន់តែច្រើននៅក្នុងខេត្តមណ្ឌលគិរី ហើយតម្លៃក៏នឹងកើនឡើងតាមនោះដែរ។
បើយោងតាមលោក ឆៃលីន បច្ចុប្បន្នដីនៅតំបន់ល្អបំផុតក្នុងក្រុងសែនមនោរម្យមានតម្លៃប្រមាណ ១ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីតំបន់ជាយក្រុងអាចមានតម្លៃក្រោម ១០០ ដុល្លារ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA លោក នួន រិទ្ធី ដែលមានដីឡូត៍ពុះលក់នៅខេត្តមណ្ឌលគិរីដែរនោះបាននិយាយថា ស្ថានភាពទីតាំងភូមិសាស្ត្រដែលមានធម្មជាតិស្រស់បំព្រង និងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបានធ្វើឱ្យគម្រោងអភិវឌ្ឍន៍ជាច្រើនងាកទៅទីនោះ។ លោកបន្តថា បច្ចុប្បន្នទីផ្សារដីឡូត៍នៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការកើនឡើងជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖ «តម្រូវការដីឡូត៍នៅពេលនេះមានច្រើន គ្រាន់តែថាយើងពិបាករកដីធំៗយកមកពុះលក់ ព្រោះស្ថានភាពនៅទីនោះមានភ្នំ និងខ្ពង់រាបច្រើនធ្វើឱ្យពិបាកពុះលក់ជាឡូត៍តូចៗ»។
លោកបន្ថែមទៀតថា តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់វិស័យអចលនទ្រព្យក្នុងខេត្តមណ្ឌលគិរីនឹងមានការរីកចម្រើនខ្លាំងនៅពេលខាងមុខឆាប់ៗនេះ។
លោកលើកឡើងទៀតថា៖ «នៅពេលនេះគេឃើញមានគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់នាំគ្នាឆ្ពោះទៅទីនោះដែលមានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បឹងហ្គាឡូ កន្លែងលម្ហែ និងលំនៅឋានជាដើម»។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីលោក នាង វណ្ណៈ បាននិយាយថា ផែនការអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន គម្រោងព្រលានយន្តហោះនៅស្រុកអូររាំង (ខេត្តមណ្ឌលគិរី) បានធ្វើឱ្យខេត្តមណ្ឌលគិរីផ្លាស់ប្តូរមុខមាត់លើគ្រប់វិស័យ។ លោកប្រាប់ទៀតថា សម្រាប់វិស័យអចលនទ្រព្យក៏ចាប់ផ្តើមមានទីផ្សារល្អដែរ ពិសេសក្នុងក្រុងសែនមនោរម្យ។
លោកថ្លែងថា៖ «ចលនានៃការពុះដីឡូត៍ចាប់ផ្តើមមានជាបណ្តើរៗហើយក្នុងក្រុងសែនមនោរម្យ ហើយតម្លៃនៅកណ្តាលក្រុងក៏កើនឡើងដែរ ពិសេសកន្លែងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ»។ លោកបន្ថែមថា៖ «កំណើនចំនួនគម្រោងអភិវឌ្ឍន៍ និងផែនការសាងសង់ព្រលានយន្តហោះនឹងធ្វើឱ្យទីផ្សារដីឡូត៍ រីកចម្រើនកាន់តែខ្លាំងក្នុងខេត្តមណ្ឌលគិរី»។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២០ បានចេញលិខិតមួយដែលសម្រេចជាគោលការណ៍ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍសំណើគម្រោងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់នៅមណ្ឌលគិរី៕LA
វីដេអូ៖