ភ្នំពេញៈ ទីផ្សារដីឡូត៍ដែលចាប់ផ្តើមមានដំណើរល្អឡើងវិញជាបណ្តើរៗកាលពីដើមឆ្នាំ ២០២១ នោះពេលនេះបានជួបនឹងបញ្ហាប្រឈមជាថ្មីម្តងទៀត ដោយសកម្មភាពទិញ-លក់ បានធ្លាក់ចុះយ៉ាងគំហុកដែលបណ្តាលមកពីការផ្ទុះឡើងនៃព្រឹត្តិកាណ៍សហគមន៍ ២០ កុម្ភៈ។ នេះបើយោងតាមអ្នកនៅក្នុងវិស័យដីឡូត៍នៅកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា កម្ពុជា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧៥ នាក់ទៀត ខណៈអ្នកជំងឺ ២២ នាក់បានជាសះស្បើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ អ្នកជំងឺទាំង ៧៥ នាក់នេះ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ មកដល់ថ្ងៃពុធ កម្ពុជាបានបញ្ជាក់ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ៥០៥ នាក់ ក្នុងនោះ ៨៤០ នាក់ជាសះស្បើយ និងស្លាប់ម្នាក់។
កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើឱ្យតំបន់ជាយរាជធានី-ខេត្តនៅពេលនេះមានគម្រោងពុះដីឡូត៍លក់ជាច្រើនកន្លែង។
លោក វិន ឈុនហៀត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដីថ្មី រៀលអ៊ីស្ទេត ដែលមានគម្រោងដីឡូត៍លក់នៅផ្លូវជាតិលេខ ៣ និង ៤ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃ ១៧ ខែមីនាថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យការលក់របស់ក្រុមហ៊ុនធ្លាក់ចុះពី ៣០-៥០ ភាគរយ។
ការលក់ធ្លាក់ចុះពេលនេះអាចបណ្តាលមកពីកត្តាធំៗ ២ គឺក្តីបារម្ភពីការបាត់បង់ប្រភពចំណូលពីប្រាក់ខែ ឬអាជីវកម្ម និងការបារម្ភពីការឆ្លងជំងឺកូវីដ ១៩ នៅពេលចេញក្រៅផ្ទះ។ លោកបន្តថា ជាធម្មតាការទិញដីតែងត្រូវការប្រាក់ច្រើនគួរសម ឬមានស្ថិរភាពល្អ (បង់រំលស់) ហេតុនេះនៅពេលមានការផ្ទុះកូវីដ ១៩ ក្នុងសហគមន៍អតិថិជនតែងប្រយ័ត្នប្រយែងលើការចំណាយ។
លោកថ្លែងថា៖ «មុនពេលកូវីដផ្ទុះឡើងក្នុងសហគមន៍លើកទី៣ មានអតិថិជនជាច្រើនបានខលមកណាត់ទៅមើលដី ប៉ុន្តែគ្រាន់តែកូវីដ ១៩ ផ្ទុះឡើងភ្លាម ការណាត់ស្ទើរទាំងអស់ត្រូវបានគេលុបចោលវិញ»។
ទោះយ៉ាងណាលោក ឈុនហៀត លើកឡើងថា នៅក្នុងដំណាក់កាលនេះ ប្រសិនបើអ្នកដែលមានបំណងចង់វិនិយោគលើដីឡូត៍ គេគួរតែទិញពេលនេះ ព្រោះវាជាឱកាសឱ្យគេទិញបានក្នុងតម្លៃទាប និងអាចមានលក្ខខណ្ឌល្អប្រសើរទៀតផង។
បុគ្គលិកផ្នែកលក់ម្នាក់នៃក្រុមហ៊ុនសាវុធ អចលនទ្រព្យ ដែលមានដីជាង ៣០ ហិកតា កំពុងពុះឡូត៍លក់នៅតាមផ្លូវជាតិលេខ ៥១ ជិតសួនឧស្សាហកម្មកាណាឌីយ៉ា ប្រាប់ថាការធ្លាក់ចុះយ៉ាងគំហុកសកម្មភាពទិញ-លក់ដីឡូត៍គឺចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លោកបន្តថា មុនថ្ងៃព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រុមហ៊ុនលោកអាចលក់បានរហូតដល់ ២០ ឡូត៍ ប៉ុន្តែពេលនេះ ក្នុង ១ ថ្ងៃ ក្រុមហ៊ុនលក់បានតែ ៣-៤ ឡូត៍ប៉ុណ្ណោះ។
លោកនិយាយថា៖ «ការលក់នៅពេលនេះមិនល្អទេ ដោយក្នុង ១ ថ្ងៃៗមិនសូវមានអ្នកមកមើលទីតាំងច្រើនដូចមុនឡើយ ហើយអតិថិជនដែលសន្យាថានឹងមកមើលដីក៏បានបដិសេធវិញស្ទើរទាំងអស់ផងដែរ»។
លោកប្រាប់ទៀតថា ទន្ទឹមនឹងការលក់ធ្លាក់ចុះនេះក៏មានអតិថិជនមួយចំនួនបានមកសុំឱ្យក្រុមហ៊ុនជួយពន្យារពេលបង់ប្រាក់ផងដែរ ដោយពួកគាត់លើកឡើងថា មិនមានប្រាក់គ្រប់គ្រាន់។
លោកបន្តថា៖ «នៅពេលនេះមានអតិថិជនប្រហែលជិត ៥០ ភាគរយ បានសុំឱ្យក្រុមហ៊ុនជួយសម្រួលវិធីសាស្ត្របង់ប្រាក់ ខណៈដែលក្រុមហ៊ុនក៏បានជួយសម្រួលដល់ពួកគេខ្លះៗផងដែរ»។
ទោះបីយ៉ាងណា លោកមានសុទិដ្ឋិនិយមថា បើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆាប់ចប់ ដំណើរការទិញ-លក់អាចនឹងមានភាពល្អឡើងវិញ។
លោក គឹម សឿន បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងរាជធានីភ្នំពេញដែលកំពុងបង់រំលស់ដី ១ កន្លែង នៅជាយក្រុងភ្នំពេញបានប្រាប់ថា ពេលនេះលោកចាប់ផ្តើមជួបបញ្ហាកង្វះប្រាក់សម្រាប់បង់ឱ្យក្រុមហ៊ុនលក់ដីជាបណ្តើរៗហើយ ព្រោះប្រាក់ចំណូលពីប្រភពមួយចំនួនដែលធ្លាប់ទទួលបានត្រូវបាត់បង់ទាំងស្រុងក្នុងពេលនេះ។
លោកបន្តថា នៅមុនពេលមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រៅពីចំណូលពីប្រាក់ខែ លោកតែងទៅជួយទៅលក់ទំនិញឱ្យបងប្អូននៅពេលទំនេរពីការងារ ដោយគេបានផ្តល់ឱ្យប្រាក់ខ្លះៗដែរ ប៉ុន្តែនៅពេលនេះការលក់ត្រូវបានផ្អាកមួយរយៈ។
លោកបញ្ជាក់ថា៖ «ពីមុនខ្ញុំអាចរកចំណូលបានខ្លះពីការងារក្រៅក្រុមហ៊ុន ប៉ុន្តែពេលនេះចប់អស់ហើយ ព្រោះខ្ញុំមិនហ៊ានទៅកន្លែងណាក្រៅពីកន្លែងធ្វើការទេ។ បើស្ថានភាពនេះនៅបន្តយូរទៀត (១ ខែ) ខ្ញុំប្រហែលជានឹងទៅជួបក្រុមហ៊ុនដើម្បីឱ្យគេជួយសម្រួល ឬពន្យារពេលបង់ប្រាក់ខ្លះ»៕ LA
វីដេអូ៖