ភ្នំពេញៈ អស់​រយៈពេល​ជាង ៩ ​ខែ​មកហើយ ​ដែល​ជំងឺ​កូវីដ​ ១៩ ​នៅតែ​បន្ត​រីករាលដាល​ដែល​ធ្វើឲ្យ​ទីផ្សារ​ពុះ​ដីឡូត៍​លក់​នៅ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ និង​តំបន់​ជិតៗ​នេះ​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ទៅលើ​តម្រូវការ​ទិញ​លក់​ផងដែរ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

មុន​ពេល​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ប៉ុន្មាន​ឆ្នាំ​ទីផ្សារ​ពុះ​ដីឡូត៍​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជិតខាង​មាន​សកម្មភាព​មមាញឹក​យ៉ាងខ្លាំង ហើយ​តម្លៃ​ក៏​កើនឡើង​ជា​បន្តបន្ទាប់​ផង​ដែរ​។

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា វត្តមាន​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក​បាន​ធ្វើ​ឲ្យ​សកម្មភាព​ទីផ្សារ​ពុះ​ដីឡូត៍​នៅ​កម្ពុជា ពិសេស​តំបន់​ជាយក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ជុំវិញ​ថយចុះ​ល្បឿន​ជា​បន្តបន្ទាប់​រហូត​មក​ទល់​ពេលនេះ​។ លោក​បន្តថា តម្លៃ​ដីឡូត៍​ទាំងអស់​នោះ​មាន​ការធ្លាក់ចុះ​ខ្លះ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ទីផ្សារ​ដីឡូត៍ នៅពេល​នេះ​គឺ​មិនទាន់​មាន​ភាព​ល្អ​ឡើងវិញ​ទេ ហើយ​បើ​តាម​ការគិត​របស់​ខ្ញុំ​គឺ​ក្នុង​ឆ្នាំ​ ២០២០ នេះ​ទាំងមូល ទីផ្សារ​នេះ​មិន​អាច​ធៀប​ទៅ​នឹង​សកម្មភាព​ល្អ​ដូច​ឆ្នាំមុន​បានទេ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ការលក់​ដីឡូត៍​របស់​គម្រោង​មួយចំនួន​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០២០ នេះ​អាច​ធ្លាក់ចុះ​រហូត​ដល់​ចន្លោះ​ពី​ ៥០-៧០ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលជា​ពេល​ទីផ្សារ​ដីឡូត៍​មាន​សម្ទុះ​ខ្លាំង​»​។

ទោះយ៉ាងណា​ជាមួយ​នឹង​បទពិសោធ​ជិត ២០ ​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ លោក ឆៃលីន នៅតែ​មើលឃើញ​ថា ការពុះដីឡូត៍​លក់​នៅ​តែ​ជា​យុទ្ធសាស្ត្រ​ដ៏ល្អ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ផ្តល់​នូវ​កន្លែង​​រស់នៅ​សមរម្យ​ដល់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។

លោក វិន ឈុនហ៊ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ដីថ្មី រៀលអ៊ីស្ទេត ដែល​មាន​ដីឡូត៍​ពុះ​លក់​ជាច្រើន​កន្លែង​នៅ​ភាគ​ខាងជើង និង​ខាងលិច​ភ្នំពេញ​បាន​ទទួល​ស្គាល់​ថា ការលក់​ពិតជា​បាន​ធ្លាក់ចុះ​បន្តិច​មែន​ចាប់​តាំងពី​ដើមឆ្នាំ​ ២០២០ មក ប៉ុន្តែ​លោក​រំពឹង​ថា ស្ថានភាព​នេះ​នឹង​រើប​ឡើងវិញ​បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​កាលពី​សប្តាហ៍​មុន​។

លោក​ប្រាប់ថា​៖ «​ការលក់​ដីឡូត៍​បាន​ធ្លាក់ចុះ​ខ្លាំង​កាលពី​អំឡុង​ឈប់​សង​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ តែ​បន្ទាប់ពី​នេះ​ ១ ​ខែ ខ្ញុំ​រំពឹង​ថា​វា​នឹង​រើប​ឡើងវិញ ខណៈ​ស្ថានភាព​កូវីដ​ក៏​ស្រាកស្រាន្ត​ខ្លះ​ដែរ​»​។

ជាទូទៅ​តម្លៃ​ដី​ពុះ​ឡូត៍​ឆ្នាំនេះ​មិន​បាន​កើនឡើង​ច្រើន​ទេ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ នេះ​បើ​តាម​លោក ឈុនហ៊ាត​។

ទន្ទឹម​នឹង​នេះដែរ លោក ជឹម សុជា អ្នក​អភិវឌ្ឍន៍​ដីឡូត៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥១ ក្នុងស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ថា ការលក់​ដីឡូត៍​របស់​លោក​មិន​បាន​ធ្លាក់ចុះ​ទេ ព្រោះ​ទន្ទឹម​នឹង​ការបន្ថយ​សកម្មភាព​ទិញ​របស់​បុគ្គល​មួយ​ចំនួន​ដោយសារ​តែ​វិបត្តិ​កូវីដ ​១៩ ក៏មាន​បុគ្គល​មួយចំនួន​បង្កើន​ការទិញ​ផងដែរ ខណៈ​ពេល​នេះ​តម្លៃ​មិន​កើន​ខ្ពស់​ដូច​មុន ហើយ​ថែម​ទាំង​អាច​មាន​ការបញ្ចុះ​តម្លៃ​ខ្លះ​ថែម​ទៀតផង​។

លោក​បន្ថែមថា​៖ «​សម្រាប់​ខ្ញុំ​ប្រសិន​បើ​អាច​ទិញ​ដីឡូត៍​បាន​ច្រើន​នៅក្នុង​ពេលនេះ អ្នកទិញ​នឹង​អាច​ទទួល​ឱកាស​ចំណេញ​ប្រាក់​បាន​ច្រើន​នៅពេល​ខាងមុខ​»​។

លោក​បាន​លើកឡើង​ទៀតថា​៖ «​ជាមួយ​នឹង​ស្ថានភាព​នៃ​ភាពប្រសើរ​ឡើងជា​លំដាប់​នៃ​ជំងឺ​កូវីដ​ ១៩ ខ្ញុំ​រំពឹង​ថា ទីផ្សារ​នេះ​អាច​មាន​ចលនា​រស់​រវើក​ឡើងវិញ​យ៉ាងយូរ​ត្រឹម​ខែវិច្ឆិកា ឬ​ដើមខែ​ធ្នូ​ខាង​មុខ​»​។

កាលពី​ម្សិលមិញ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ដំឡើង​តួលេខ​នៃ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន​នៃ​ផលិតកម្ម វិស័យ​កសិកម្ម និង​ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់​ដូចជា​កង់ និង​គ្រឿង​អេឡិចត្រូនិក​។ ធនាគារ​នេះ​ព្យាករ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២០ នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​ដក​ ៤,០ ​ភាគរយ បើ​ធៀប​នឹង​ដក​ ៥,៥ ​ភាគរយ ​នៃ​ការព្យាករ​កាលពី​ខែ​មិថុនា​កន្លង​មក​៕ LA