ក្រុងបាងកកៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Pruksa Holding (PS-H) ដែលចុះបញ្ជីនៅផ្សារហ៊ុនថៃបានឲ្យដឹងថា ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងនេះ (Greater Bangkok) បានធ្លាក់ចុះ ១៣ ភាគរយនៅឆមាសទី ១ ឆ្នាំនេះ បន្ទាប់ពីការកម្រិតកម្ចីធៀបនឹងតម្លៃ (LTV) ថ្មីរបស់ធនាគារកណ្ដាលថៃបានចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី ១ ខែមេសា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុននេះថា តម្លៃទីផ្សារសរុបក្នុងរយៈពេល ៦ ខែដំបូងបានធ្លាក់ចុះមកនៅត្រឹម ២០១ ពាន់លានបាត (ប្រហែល ៦,៥២ ពាន់លានដុល្លារ) ធៀបនឹង ២៣២ ពាន់លានបាតនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គ្រប់ប្រភេទលំនៅឋានទាំងអស់បានធ្លាក់ចុះដោយខុនដូមើលឃើញការធ្លាក់ចុះខ្លាំងជាងគេ។
ទីផ្សារខុនដូនៅឆមាសទី ១ មានតម្លៃសរុប ១០៤ ពាន់លានបាត (ប្រហែល ៣,៣៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ១៧ ភាគរយធៀបនឹង ១២៥ ពាន់លានបាតនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លំនៅឋានដាច់តែឯងបានធ្លាក់ចុះ ១២ ភាគរយមកនៅត្រឹម ៥១,៥ ពាន់លានបាត (ប្រហែល ១,៦៧ ពាន់លានដុល្លារ) ពី ៥៨,៣ ពាន់លានបាត ខណៈផ្ទះទីក្រុង (townhouse) បានធ្លាក់ចុះ ៥ ភាគរយក្នុងចំនួន ៤១,២ ពាន់លានបាត (ប្រហែល ១,៣៣ ពាន់លានដុល្លារ)។
នៅត្រីមាសទី ២ ទីផ្សារនេះបានធ្លាក់ចុះ ៨ ភាគរយមកនៅត្រឹម ៩៩,៨ ពាន់លានបាត (ប្រហែល ៣,២៣ ពាន់លានដុល្លារ)។ ការធ្លាក់ចុះតម្លៃទីផ្សារនៅត្រីមាសទី ២ នេះបានកើតមានឡើងបន្ទាប់ពីត្រីមាសទី ១ ដែលបានមើលឃើញការធ្លាក់ចុះ ១៨,៧ ភាគរយមកនៅត្រឹម ១០១ ពាន់លានបាតធៀបនឹង ១២៣,៦ ពាន់លានបាតនៅត្រីមាសទី ១ ឆ្នាំ ២០១៨។
បើគិតជាយូនីត ទីផ្សារលំនៅឋាននៅឆមាសទី ១ បានធ្លាក់ចុះ ១១ ភាគរយមកនៅត្រឹម ៥១ ៨៦៥ យូនីតធៀបនឹង ៥៨ ០០៨ យូនីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ត្រីមាសទី ២ បានមើលឃើញការធ្លាក់ចុះ ១៤ ភាគរយមកនៅត្រឹម ២៣ ៥០០ យូនីតធៀបនឹង ២៧ ៣៩២ យូនីតនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ និង ១៧ ភាគរយធៀបនឹង ២៨ ៣៦៥ យូនីតកាលពីត្រីមាសទី ១។
លំនៅឋានដាច់តែឯងទោល (Single detached houses) បានមើលឃើញការធ្លាក់ចុះខ្លាំងក្នុងចំនួនយូនីតនៅឆមាសទី ១ ដោយធ្លាក់ចុះ ១៥ ភាគរយមកនៅត្រឹម ៧៦៨២ យូនីត បន្ទាប់ផ្ទះទីក្រុង (townhouse) ដែលបានធ្លាក់ចុះ ១១ ភាគរយមកនៅត្រឹម ១៤ ១៧៩ យូនីត និងខុនដូធ្លាក់ចុះ ៩ ភាគរយមកនៅត្រឹម ២៩ ៣៦៧ យូនីត។
គិតត្រឹមចុងត្រីមាសទី ២ ឆ្នាំនេះស្ដុកលំនៅឋាននៅតំបន់ Greater Bangkok កើនឡើង ១៦ ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ខុនដូបានមើលឃើញការកើនឡើងខ្លាំងជាងគេចំនួន ២៨ ភាគរយ បន្ទាប់មកផ្ទះទីក្រុង ១១ ភាគរយ និងលំនៅឋានដាច់តែឯងទោល ៤ ភាគរយ។
អ្នកស្រី Supattra Paopiamsap អនុប្រធានប្រតិបត្តិក្រុមហ៊ុន PSH បានប្រាប់កាសែតបាងកកប៉ុស្តិ៍ ការធ្លាក់ចុះទាំងនេះកើតមានឡើងដោយសារកត្តាអវិជ្ជមានមួយចំនួននៅត្រីមាសទី ២ ដែលរួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកការធ្លាក់ចុះវិស័យទេសចរណ៍របស់ប្រទេសថៃ តម្លៃប្រាក់បាតកើនថ្លៃ ភាពរាំងស្ងួត បំណុលគ្រួសារខ្ពស់ និងការរារាំង ការផ្ដល់កម្ចីថ្មី។
អ្នកស្រីថ្លែងថា៖ «រដ្ឋាភិបាលថ្មីគួរតែប្រើប្រាស់វិធានការដើម្បីជំរុញទីផ្សារអចលនទ្រព្យដែលអាចជួយបង្កើនសេដ្ឋកិច្ច»។ អ្នកស្រីបន្តថា៖ «បើគ្មានការលើកទឹកចិត្តអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍តូចៗ ឬក្រុមហ៊ុនដែលមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុរឹងមាំនឹងបាត់ខ្លួន»។
អ្នកស្រី Supattra មិនបានស្នើសុំឲ្យមានការលុបចោលកម្រិតកំណត់ LTV នោះទេ ប៉ុន្តែគ្រាន់តែបានស្នើសុំឲ្យមានវិធានការផ្សេងទៀត ដើម្បីជំរុញវិស័យលំនៅឋាន និងការបន្ធូរបន្ថយច្បាប់ផ្ដល់កម្ចី ជាពិសេសសម្រាប់អ្នកខ្ចីរួមគ្នា ដែលចង់ទិញយូនីតផ្ទាល់របស់ពួកគេ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យបំបែកខ្លួនចេញពីអ្នកខ្ចីធំ (main borrower) នៅពេលអ្នកខ្ចីធំបានបង់ប្រាក់សម្រាប់កម្ចីទិញផ្ទះនៅក្នុងអំឡុងពេលជាក់លាក់មួយ»។ អ្នកស្រីបានបន្តថា៖ «ការវាយតម្លៃបំណុលសម្រាប់អ្នកខ្ចីរួមគ្នា គួរត្រូវធ្វើឡើងនៅថ្ងៃដែលពួកគេនឹងផ្ទេរការកាន់កាប់យូនីត»។
អ្នកស្រី Supattra លើកឡើងថា ច្បាប់កម្ចីលំនៅឋានគួរតែត្រូវបានបន្ធូរបន្ថយ ដោយសារតែ ១ ភាគ ៣ នៃបំណុលគ្រួសារនៅក្នុងប្រទេសថៃគឺមកពីកម្ចីទិញផ្ទះធៀបនឹងនៅបរទេសដែលមាន ២ ភាគ ៣។
ភាគច្រើនដោយសារការថមថយទីផ្សារលំនៅឋាននៅត្រីមាសទី ២ ឆ្នាំនេះក្រុមហ៊ុន Pruksa បានកែតម្រូវទម្លាក់ចំនួនគម្រោងថ្មីៗ ដែលបើកដំណើរការមកនៅត្រឹមចំនួន ៤០ គម្រោងមានតម្លៃ ៤៧,៤ ពាន់លានបាតពីចំនួន ៥៥ គម្រោងតម្លៃ ៦៨,១ ពាន់លានដែលបានគ្រោងដាក់ដំណើរការកន្លងមក។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PSH ដែលបានបិទការជួញដូរកាលពីថ្ងៃអង្គារនៅលើផ្សារហ៊ុនប្រទេសថៃត្រូវបានជួញដូរក្នុងតម្លៃ ២០,៥០ បាតក្នុងមួយហ៊ុនធ្លាក់ចុះ ១,៤០ បាតនៅក្នុងកាជួញដូរដែលមានតម្លៃ ១២៦ លានបាត៕ LA