ទីក្រុងវ៉ាស៊ីនតោនៈ លំនៅឋាននៅអាមេរិកចាប់ផ្តើមងើបឡើងវិញបន្តិចបន្តួចក្នុងខែកញ្ញាពេលក្រុមហ៊ុនសាងសង់ជាច្រើនប្រឹងប្រែង ដើម្បីធ្វើឱ្យតម្រូវការពីអ្នកទិញផ្ទះប្រសើរឡើងវិញ។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារ។
ទីផ្សារលំនៅឋានជាផ្នែកសំខាន់ ១ ក្នុងសេដ្ឋកិច្ចអាមេរិក ពេលដែលប្រទេសនេះនៅតែក្រាញននៀលជាមួយការរីករាលដាលវីរុសកូរ៉ូណាដ៏អាក្រក់បំផុត ក្នុងពិភពលោកដែលបានធ្វើឱ្យអត្រាប្រាក់កម្ចីធ្លាក់ចុះទាបជាប្រវត្តិសាស្ត្រ ហើយទិន្នន័យក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការកសាងផ្ទះបានចាប់ផ្តើមកាលពីខែកញ្ញាមានកំណើន ១,៩ ភាគរយ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកកាលពីខែសីហាកន្លងមកនោះ។
ប៉ុន្តែការទទួលបានកំណើនតិចតួចនេះកើតមានបន្ទាប់ពីកើនឡើង ២ ខ្ទង់ក្នុងខែឧសភា ខែមិថុនា និងខែកក្កដា បានធ្វើឱ្យគម្រោងថ្មីៗជាច្រើនចាប់ផ្តើមត្រឹមតែជាង ១,៤ ពាន់លាន ដែលទាបជាងការរំពឹងទុកបន្តិចបន្តួចប្រចាំរដូវកាល។
ការធ្លាក់ចុះជិត ១៥ ភាគរយនៃការសាងសង់នៃលំនៅឋានជាប់ៗគ្នា (Multi-family buildings) បានទាញទម្លាក់កំណើន។ យោងតាមរបាយការណ៍។
ប៉ុន្តែការកសាងអគារទោល (Single Family Housings) បានចាប់ផ្តើមស្ទុះងើបដល់ជាង ១,១ លានដែលលឿនជាងខែសីហាចំនួន ៨,៥ ភាគរយ។
ស្ទើរគ្រប់តំបន់មានកំណើនទាំងលំនៅឋានទូទៅ និងការស្ថាបនាអគារទោល ដោយលើកលែងតំបន់ភាគខាងលិច ដែលការសាងសង់ធ្លាក់ចុះដល់ទៅ ៣២,៧ ភាគរយ។
ការទទួលបានកំណើននេះពិតជារហ័សណាស់ក្នុងភាគឦសានប្រទេសដែលការចាប់ផ្តើមមានកំណើនរហូតដល់ទៅ ៦៦,៧ ភាគរយ។
លោក Mike Fratantoni នៃសមាគមផ្តល់កម្ចីទិញផ្ទះបានចង្អុលបង្ហាញចំពោះការធ្លាក់ចុះយ៉ាងច្រើនក្នុងការចាប់ផ្តើមសាងសង់ជាមួយគម្រោងដែលមានចាប់ពី ៥ យូនីត ឬក៏ច្រើនជាងនេះជាការថយចុះកំណើនសេដ្ឋកិច្ចទូទៅ ប៉ុន្តែនិយាយថា កំណើនពីមួយខែទៅមួយខែ ៥,២ ភាគរយក្នុងការអនុញ្ញាតឱ្យសាងសង់ជាភ័ស្តុតាងដែលអ្នកកសាងផ្ទះព្យាយាមធ្វើឱ្យអ្នកមានតម្រូវការពេញចិត្ត។
លោកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «អ្នកសាងសង់នឹងពន្លឿនឱ្យកាន់តែលឿនក្នុងប៉ុន្មានខែខាងមុខទៀតនេះ ដែលជាព័ត៌មានស្វាគមន៍ចំពោះគ្រួសារដែលចង់ទិញផ្ទះថ្មី»។
លោកបានបន្ថែមថា៖ «ទីផ្សារលំនៅឋានកំពុងជួបឧបសគ្គដោយសារកង្វះខាតបញ្ជីសារពើភណ្ឌទាំងផ្ទះថ្មី និងផ្ទះកំពុងប្រើប្រាស់»។
របាយការណ៍នោះបានឱ្យដឹងថា ការអនុញ្ញាតឱ្យសាងសង់ត្រូវបានចេញសម្រាប់អគារទោលបានកើនឡើង ៧,៨ ភាគរយ ខណៈដែលការអនុញ្ញាតសម្រាប់ការសាងសង់អគារជាប់គ្នាបានកើនឡើងត្រឹមតែ ១ ភាគរយប៉ុណ្ណោះ៕ RR