ភ្នំពេញៈ ការសម្រេច​បិទ​អាជីវកម្ម​ល្បែង​អនឡាញ​កាលពី​ចុងឆ្នាំ​ ២០១៩ ព្រម​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូតមកទល់​ពេល​នេះ​មិន​មាន​សញ្ញា​វិជ្ជមាន​ទេ ប៉ុន្តែ​វា​អាច​នឹង​មាន​ភាព​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូវីដ​១៩ បញ្ចប់ទៅ​។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

ការទទួល​បាន​ភ្ញៀវទេសចរ និង​វិនិយោគិន​ជនជាតិ​ចិន​ក្នុង​ចំនួន​ដ៏ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឲ្យ​តម្លៃ និង​សកម្មភាព​ទិញ លក់ ជួល​អចលនទ្រព្យ​នៅ​ទីនោះ​ហក់​ឡើង​យ៉ាង​លឿន​រហូត​មិនអាច​ព្យាករ​បាន​នា​អំឡុង​ឆ្នាំ​ ២០១៨-២០១៩ មុន​ពេល​ដែល​វា​ត្រូវ​ធ្លាក់ចុះ​វិញ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​បិទអាជីវកម្ម​ល្បែង​អនឡាញកាលពី​ថ្ងៃទី​ ៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលម្សិល​ថា ការធ្លាក់ចុះ​សកម្មភាព​របស់​​វិនិយោគិន​ចិន និង​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ មិនមាន​ទីផ្សារ​រស់​រវើក​ដូច​មុន​ឡើយ ខណៈ​តម្លៃ​ក៏បាន​ធ្លាក់ចុះ​ច្រើន​ដែរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ លោក​បន្តថា ជា​រួម​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ​ចាប់​តាំងពី​ពេល​រដ្ឋាភិបាល​ប្រកាស​បិទ​ល្បែង​អនឡាញ​កាលពី​ចុង​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​តម្លៃ​ធ្លាក់ចុះ​នៅពេល​នេះ​អាច​និយាយថា កំពុង​ខិត​កាន់តែ​កៀក​ទៅ​នឹង​តម្លៃ​សេដ្ឋកិច្ច​ពិតប្រាកដ ដោយ​មិនមែន​ជា​តម្លៃ​ពពុះ​សាប៊ូ​ទៅតាម​ការចង់​បាន​របស់​អ្នកទិញ និង​លក់​ដូច​ពេល​មុន​ទៀត​ទេ​»​។

បើតាម​លោក សុខនីម នៅ​អំឡុងពេល​អចលនទ្រព្យ​នៅ​ទីនោះ​កំពុង​មាន​សម្ទុះ​ខ្លាំង តំបន់​ខ្លះ​តម្លៃ​អចលនទ្រព្យ​បាន​កើន​លើស​ពី​តម្លៃ​ទីផ្សារ​ជាក់ស្តែង​ដល់ ១៥០ ​ភាគរយ​ក៏មាន​។

លោក​បន្ថែមថា ជាមួយ​នឹង​សកម្មភាព​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​នាពេល​នេះ លោក​រំពឹង​ថា​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​កើនឡើង​វិញ​នៅពេល​ជំងឺ​កូវីដ​ ១៩ ​បញ្ចប់​ទៅវិញ ដោយ​តម្លៃ​ពេលនោះ​ក៏​មិនមែន​ជា​តម្លៃ​បែប​ពពុះ​សាប៊ូ​ទៀត​ទេ​។

លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា ការបិទ​សកម្មភាព​ល្បែង​អនឡាញ​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ការទិញ លក់ ជាពិសេស​ទីផ្សារ​ជួល​អចលនទ្រព្យ​ធ្លាក់ចុះ​យ៉ាង​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន​ដី​ក្នុង​ទីតាំង​ល្អ​បំផុត​ដែល​មាន​តម្លៃ​ក្នុង​រង្វង់ ៥ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ កាលពី​អំឡុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់​មក​នៅក្នុង​រង្វង់​ជាង ៣ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ​។ លោក​អះអាង​ថា​៖ «​ការធ្លាក់​តម្លៃ​ដី​នាពេលនេះ​ក៏​មាន​ ១ ​ផ្នែក​ដែល​បណ្តាល​ពី​ជំងឺ​កូវីដ​១៩ ផងដែរ​»​។

ជាមួយ​នឹង​ក្តី​សុទិដ្ឋិនិយម​ដែល​អាជ្ញាធរ​កំពុង​រៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​លោក សេងហួ បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​កូវីដ​១៩ បញ្ចប់​ទៅ​ខ្ញុំ​រំពឹង​ថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នឹង​មាន​ភាព​ល្អ​ឡើងវិញ តែ​ការកើនឡើង​នេះ​នឹង​មាន​លក្ខណៈ​សន្សឹមៗ​ដោយ​មិន​គំហុក​ដូច​មុន​ទេ​»​។

តម្លៃ​អចលនទ្រព្យ​នៅពេល​នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​ ២០-៣០ ​ភាគរយ ខណៈ​តម្លៃ​ជួល​ធ្លាក់​លើសពី ៥០ ​ភាគរយ​។ នេះ​បើ​តាម​លោក សេងហួ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ការរីករាលដាល​ជំងឺ​សកល​កូវីដ​១៩ បាន​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច និង​ទីផ្សារ​អចលនទ្រព្យ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ត្រូវ​ធ្លាក់ចុះ​មួយកម្រិត ដោយ​មិនមែន​មាន​តែ​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ​។ ទោះ​យ៉ាងណា​អ្វីៗ​នឹង​មាន​ភាពល្អប្រសើរ​ឡើងវិញ​នៅពេល​ដែល​ជំងឺ​នេះ​ត្រូវ​ថយឥទ្ធិពល ឬ​ត្រូវ​លុប​បំបាត់ចោល​ទាំងស្រុង​។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​លោក​ក៏មាន​សុទិដ្ឋិនិយម​ថា គ្រប់​វិស័យ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​មាន​សម្ទុះ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការកសាង និង​ជួសជុល​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ច្រើន​។

លោក​ថ្លែងថា​៖ «​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ច្រើន​នៅពេល​នេះ​នឹង​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មាន​សម្ទុះ​ខ្លាំង​ខ្ពស់​នៅពេល​ខាងមុខ ហើយ​នៅពេល​នោះ​ទីផ្សារ​អចលនទ្រព្យ​ក៏នឹង​មាន​ភាពល្អប្រសើរ​ដែរ​»​។

បើ​តាម​លោក ភារម្យ គិត​រហូត​មក​ដល់​ពេល​នេះ​ការសាងសង់​ផ្លូវថ្នល់ ​ទឹកស្អាត និង​ប្រព័ន្ធ​លូបង្ហូរទឹក​ក្នុង​ក្រុងព្រះសីហនុ​សម្រេច​បាន​ប្រមាណ ៧០ ​ភាគរយ​ហើយ ដោយ​អាច​នឹង​ត្រូវ​រួចរាល់​ទាំងស្រុង​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ខាងមុខ​៕