ក្រុងប៉េកាំងៈ ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស ចិន​ នឹង​មាន​ស្ថិរភាព​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​​អាជ្ញាធរ​ថ្នាក់​​កណ្ដាល​​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ក្នុង​ការ​បង្កើត​​យន្តការ​រយៈពេល​វែង​សម្រាប់​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​​ភាព​ល្អ​ប្រសើរ​របស់​វិស័យ​នេះ​។​

កិច្ច​ប្រជុំ​របស់​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កុម្មុយនីស្ដ​ចិន (CPC)​ ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​​​ខែ​មេសា បាន​បញ្ជាក់​ជា​ថ្មី​ថា លំនៅឋាន​​ គឺ​សម្រាប់​​រស់​នៅ មិនមែន​សម្រាប់​កេង​ចំណេញ​ថ្លៃ​​ទេ និង​បាន​​បញ្ជាក់​ពី​ការ​បង្កើត​យន្តការ​​​​រយៈពេល​វែង​ហៅ​ថា «ទីក្រុង​មួយ​​ ​គោល​នយោបាយ​មួយ​»។​

លោក Shaun Brodie នាយក​ជាន់​ខ្ពស់ និង​ជា​ប្រធាន​​​ផ្នែក​​ស្រាវជ្រាវ​អ្នក​កាន់​កាប់​លំនៅឋាន​ប្រចាំ​​ក្រុមហ៊ុន Cushman and Wakefield ក្នុង​ប្រទេស ​ចិន បាន​ថ្លែង​ថា​៖ «​នេះ​បាន​បង្ហាញ​ថា តម្លៃ​ដី​ប្រកប​ដោយ​ស្ថិរភាព​ តម្លៃ​លំនៅឋាន​ប្រកប​ដោយ​ស្ថិរភាព និង​ការ​រំពឹង​ទុក​ពី​​តម្លៃ​ប្រកប​ដោយ​ស្ថិរភាព គួរ​តែ​ទប់ស្កាត់​ទីផ្សារ​អចលនទ្រព្យ​មិន​ឲ្យ​ឡើង​ ​និង​ធ្លាក់​ចុះ​ថ្លៃ​ខ្លាំង​ ហើយ​នេះ​នឹង​ជា​ទិសដៅ​បទ​ប្បញ្ញត្តិ​ដ៏​សំខាន់​សម្រាប់​ពេល​អនាគត​»។​

ដោយសារ​​​ការ​ខិតខំ​ប្រឹងប្រែង​​ជា​ប្រចាំ​ដោយ​អាជ្ញាធរ​ថ្នាក់​​កណ្ដាល​ និង​រដ្ឋាភិបាល​មូលដ្ឋាន ទីផ្សារ​លំនៅឋាន​របស់​ប្រទេស ចិន​ បាន​ធ្វើ​ឲ្យ​មាន​​ស្ថិរភាព​ទាក់ទង​នឹង​​​ចំនួន​​​​លក់​ និង​តម្លៃ​លក់​​ក្នុង​អំឡុង​ត្រីមាស​ទី​១​ ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយ​ក្រសួង​អភិវឌ្ឍន៍​លំនៅឋាន និង​​ទីក្រុង​ជនបទ (MHURD) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​របស់​​ក្រុម​ប្រឹក្សា​រដ្ឋ ​(DRC)។​

ទិន្នន័យ​បាន​ពី​ការិយាល័យ​ជាតិ​​ស្ថិតិ ​(NBS) ចិន​បាន​បង្ហាញ​​ថា ទំហំ​ផ្ទៃ​ក្រឡា​ដុល​សរុប​​ដែល​​ត្រូវ​បាន​ទិញ​លក់​​​ចាប់​​ពី​ខែ​មករា​ដល់​​ខែ​មីនា​ បាន​ធ្លាក់ចុះ​ ០,៩ ​ភាគរយ ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន មក​នៅ​ត្រឹម ​២៩​៨ លាន​ម៉ែត្រ​ការ៉េ ខណៈ​ដែល​​តម្លៃ​ប្រតិបត្តិការ​ទិញ​លក់​​បាន​កើន​ឡើង ​៥,៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដល់ ​២,៧ ពាន់​ពាន់​លាន​យន់ (៣៩៩ ​ពាន់​លាន​ដុល្លារ​)។​

លោក Yao Yao ​​ប្រធាន​ផ្នែក​​ស្រាវជ្រាវ​​ប្រចាំ​​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​​ផ្នែក​អចលនទ្រព្យ​​ JLL China បាន​ថ្លែង​ថា៖ «​ស្រប​ជាមួយ​នឹង​ការ​ផ្លាស់​​ប្តូរ​សេដ្ឋកិច្ច​របស់​យើង​ពី​កំណើន​រហ័ស​ទៅ​ជា​កំណើន​វៃឆ្លាត វិស័យ​​លំនៅឋាន​កំពុង​អភិវឌ្ឍ​​ក្នុង​ទិសដៅ​ដែល​មាន​​ស្ថិរភាព​ដូច​គ្នា​​ផង​ដែរ»។​

យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន JLL ដែល​​​​តាម​ដាន​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស ​ចិន ទំហំ​ជួញដូរ​លំនៅឋាន​​បាន​ធ្លាក់ចុះ ​២៩,​២ ​ភាគរយ ​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ​ធៀប​​នឹង​ត្រីមាស​ទី៤ ឆ្នាំ ​២០១៨ ​ក្នុង​ទីក្រុង​ដែល​ចាប់​អារម្មណ៍​​ចំនួន ​២០ និង​បាន​ធ្លាក់ចុះ​ ៨,​៧ ​ភាគរយ​​​បើ​ធៀប​នឹង​​​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

លោក Yao បាន​បន្ថែម​ថា​ ទោះ​បីជា​មាន​កំណើន​បន្តិច​បន្តួច​​​ក្នុង​ទីក្រុង​ថ្នាក់​ទី​៣ ​ក៏​ដោយ ​ក៏​តម្លៃ​លំនៅឋាន​នៅ​ទីក្រុង​លំដាប់​ថ្នាក់​ទី១ និង​ទី២ បាន​រក្សា​ស្ថិរភាព​ក្នុង​អំឡុង​​ខែ​មករា ​​ដល់​ខែ​មីនា​នេះ។

លោក Yang Yuechen នាយក​ និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​​ប្រចាំ​ក្រុមហ៊ុន​ Knight Frank ជា​ដែល​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​មួយ​ផ្សេង​ទៀត​បាន​ថ្លែង​ថា​៖ «​​ការ​ស្រាវជ្រាវ​​បាន​បង្ហាញ​ថា ទីផ្សារ​លំនៅឋាន​របស់​ប្រទេស ​ចិន ​កំពុង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ស្ថិត​​ក្រោម​វិធានការ​ជា​ច្រើន ហើយ​តម្រូវ​ការ​ទិញ​លំនៅឋាន​របស់​ប្រជាជន​​កំពុង​​ងាក​ទៅ​រក​ភាព​សម​ហេតុផល​»។​

ប៉ុន្តែ​ការ​អង្កេត​របស់​​​ក្រសួង​អភិវឌ្ឍន៍​លំនៅឋាន និង​ទីក្រុង​ជនបទ​​ចិន ​បាន​ប្រកាស​អាសន្ន​​​ដោយសារ​​កំណើន​​​លក់​ដី និង​អចលនទ្រព្យ​​​ក្នុង​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន​នៅ​ត្រីមាស​​ទី១។​

យោង​តាម​លោក Brodie មក​​ពី​​​ក្រុមហ៊ុន Cushman and Wakefield ទីផ្សារ​​សាងសង់​​លំនៅឋាន​ និង​ទីផ្សារ​ដី​សម្រាប់​សាងសង់​លំនៅឋាន​​​ក្នុង​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន បាន​ស្ទុះ​ងើប​​ឡើង​វិញ​។ ទាំង​តម្លៃ​ប្រតិបត្តិការ​ទិញ​លក់​​​អចលនទ្រព្យ​លំនៅឋាន និង​តម្លៃ​ផ្ទៃ​ដី​សម្រាប់​​សាងសង់​លំនៅឋាន​​បាន​កើន​ឡើង​ក្នុង​កម្រិត​មធ្យម។ លើស​ពី​នេះ ចំនួន​​ដីឡូត៍​ថ្លៃៗ​​ដែល​បាន​លក់​ចេញ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។​

លោក​ Brodie បាន​ថ្លែង​ថា៖ «​មូលហេតុ​ដ៏​សំខាន់ ​គឺ​ទីផ្សារ​ដី​​បាន​ងាក​ចេញ​បន្តិច​ពី​តម្លៃ​ជា​មធ្យម​​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​ ក្នុង​រយៈពេល ​២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អនុបាត​តម្លៃ​​ធៀប​នឹង​​ប្រតិបត្តិការ​ខ្ពស់​របស់​ដី បាន​បណ្ដាល​ឲ្យ​​​ក្រុមហ៊ុន​សាងសង់​មាន​ចំណាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​»។​

ទោះ​ជា​យ៉ាង​ណា កំណើន​បែប​នោះ ​គឺ​កំណើន​តិច​បំផុត និង​ជា​សន្សឹមៗ។

លោក Hui Jianqiang ​ប្រធាន​​ផ្នែក​ស្រាវជ្រាវ​​ប្រចាំ​​ក្រុមហ៊ុន Beijing Zhongfang-yanxie Technology Service Ltd ​បាន​ថ្លែង​ថា៖ «​កំណើន​ប្រតិបត្តិការ​ទិញ​លក់ និង​តម្លៃ​លំនៅឋាន​​ក្នុង​ទីក្រុង​​លំដាប់​ទី១ និង​​ទី២​ សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​គាំទ្រ​ដោយ​តម្រូវការ​ប្រកប​ដោយ​ស្ថិរភាព ​ហើយ​តម្រូវការ​នោះ​នឹង​ជំរុញ​ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​នេះ​​ឲ្យ​​រីក​ចម្រើន​​​ និង​អភិវឌ្ឍន៍»។

ក្រុម​អ្នក​ជំនាញ​​ក្នុង​ឧស្សាហកម្ម​នេះ​បាន​យល់​ស្រប​ថា តាមរយៈ​ការ​អនុវត្ត​ដោយ​តឹងរ៉ឹង​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ថ្នាក់​កណ្ដាល​ «​ទីក្រុង​មួយ គោល​នយោបាយ​មួយ» ស្រប​ជាមួយ​នឹង​​លក្ខខណ្ឌ​ផ្ទាល់​​​ខ្លួន​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន រដ្ឋាភិបាល​ទាំង​នេះ​​​​កំពុង​ឃ្លាំមើល​យ៉ាង​​ដិតដល់​លើ​ទីផ្សារ​ដី និង​ទីផ្សារ​លំនៅឋាន ហើយ​ត្រូវ​​ត្រៀម​ខ្លួន​ជា​មុន​​ក្នុង​ការ​ដាក់​ចេញ​​នូវ​បទប្បញ្ញត្តិ​ថ្មីៗ និង​​ការ​គ្រប់គ្រង ប្រសិន​បើ​ទីផ្សារ​នេះ​បង្ហាញ​សញ្ញា​រីក​ចម្រើន​ខ្លាំង​​ហួស​ហេតុ។​

គោល​នយោបាយ​ទាំង​នេះ ទំនង​ជា​នឹង​បន្ត​​កំណត់​ទិសដៅ​លើ​​ទីក្រុង​នីមួយៗ ដែល​​ទទួល​បាន​​ការ​រីក​ចម្រើន​ខ្លាំង​ហួសហេតុ​​មួយ​ចំនួន​ ដើម្បី​រក្សា​កំណើន​តម្លៃ​ទីផ្សារ​ឲ្យ​មាន​ស្ថិរភាព។ គោល​នយោបាយ​ទូទាំង​ប្រទេស​មិន​ទំនង​ជា​នឹង​ត្រូវ​ដាក់​ចេញ​នោះ​ទេ ដោយសារ​តែ​​​ទីផ្សារ​រួម​នៅ​​ពេល​បច្ចុប្បន្ន​ មាន​ស្ថិរភាព​ដោយ​មិន​​ឃើញ​មាន​កំណើន​ ឬ​ការ​ធ្លាក់ចុះ​តម្លៃ​ច្បាស់លាស់​នោះ​ទេ៕ Poeple''s Dialy''s/LA​​