ភ្នំពេញៈ បើទោះបី​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន​ក្នុង​ក្រុងព្រះសីហនុ​បានបញ្ចប់​ភាគច្រើន​ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​មិនទាន់​មាន​សម្ទុះ​កើនឡើង​វិញ​ដូច​ក្នុងអំឡុង​ឆ្នាំ​ ២០១៨ នោះទេ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ បានសម្រេច​បញ្ចេញ​ថវិកាជាតិ​ប្រមាណ ៣០០ ​លាន​ដុល្លារ​ ដើម្បី​សាងសង់​ផ្លូវ​ចំនួន ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ក្នុង​ខេត្ត​ក្នុង​គោលបំណង​ប្រែក្លាយ​ទីនោះ​ឱ្យទៅ​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​បរទេស​។

លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣ ខែមីនា​ថា បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​នៃ​សកម្មភាព​ទិញ លក់ និង​ជួល​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មួយរយៈ ដោយសារ​តែ​ការចាកចេញ​យ៉ាងច្រើន​នៃ​ចំនួន​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​កាលពី​ចុងឆ្នាំ​ ២០១៩ (​ការបិទ​ល្បែង​អនឡាញ​) ​និង​ការផ្ទុះ​ឡើង​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​បន្តិច​ម្តងៗ​ចាប់ពី​ចុងឆ្នាំ​ ២០២០ ​មក​។

ប៉ុន្តែ​ទោះបី​យ៉ាងណា​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ នាពេល​នេះ​កំពុងតែ​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ធ្លាក់ចុះ​មួយ​កម្រិត​ទៅវិញ ពិសេស​ទីផ្សារ​ជួល​ដែល​ស្ទើរតែ​ជាប់គាំង​តែម្តង​នាពេលនេះ​។

លោក​ប្រាប់ថា​៖ «​ផ្ទុះឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ កំពុង​បង្កឱ្យមាន​ផលប៉ះពាល់​មួយចំនួន​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​ទីផ្សារ​ជួល​ដែល​កំពុង​ស្ងប់ស្ងាត់​ខ្លាំង ក្រោយពី​អាជ្ញាធរ​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​​កូវីដ​ ១៩ ជា​បន្តបន្ទាប់​»​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ទីផ្សារ​ជួល​ក្នុង​ក្រុង​ព្រះសីហនុ​បាន​ធ្លាក់ចុះ​លើសពី ៥០ ​ភាគរយ បើ​ធៀប​ទៅនឹង​មុនពេល​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ លោក​និយាយថា​៖ «​បើ​មាន​ការរកឃើញ​អ្នក​ឆ្លង​កូវីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ​បន្ត​កើនឡើង​នោះ ទីផ្សារ​នេះ​ (​ពិសេស​ទីផ្សារ​ជួល​) នឹង​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​បន្ថែមទៀត​»​។

យោងតាម លោក សេងហួ បច្ចុប្បន្ន​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុងព្រះសីហនុ​មាន​តម្លៃ​ចន្លោះ​ពី ១ ៨០០ ទៅ ៣ ៥០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តំបន់​លំនៅឋាន​ជាយក្រុង​មានតម្លៃ ២៥០-៣០០ ​ដុល្លារ​។ តម្លៃ​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ​ពី ២០-៣០ ​ភាគរយ បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៨-២០១៩​។

ទោះយ៉ាងណា លោក សេងហួ មាន​សុទិដ្ឋិនិយម​ថា​៖ «​បន្ទាប់ពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ និង​ជំងឺ​កូវីដ​១៩ ត្រូវ​គ្រប់គ្រង​ទាំងស្រុង ខ្ញុំ​គិតថា​ទីផ្សារ​នេះ​នឹង​ចាប់ផ្តើម​ល្អ​ឡើងវិញ​»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយថា នៅពេល​ដែល​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ទីផ្សារ​ល្អ តម្លៃ​អចលនទ្រព្យ​នៅ​ទីតាំង​ល្អ​បំផុត​ក្នុង​ក្រុង​អាច​មាន​តម្លៃ​ដល់​ជាង ៤ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តំបន់​ជាយក្រុង​មានតម្លៃ​ចន្លោះ​ពី ១០០-៣០០ ​ដុល្លារ​។

ប៉ុន្តែ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេម​អនឡាញ តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្ថិត​នៅ​ទ្រឹង និង​តំបន់​ខ្លះ​បាន​ធ្លាក់ចុះ ព្រមទាំង​មិនសូវ​មាន​ការទិញ​លក់​ទេ​។ លោក​បន្តថា បន្ថែម​ពីលើ​នេះ​ការមកដល់​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​ទទួលរង​ផលប៉ះពាល់​កាន់តែ​ខ្លាំង បើទោះបី​ជា​រដ្ឋាភិបាល​កំពុង​សាងសង់​ផ្លូវ​ជាច្រើន​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​អចលនទ្រព្យ​នៅ​ទីនោះ​អាច​មាន​ដំណើរ​ល្អ​ឡើងវិញ​លុះត្រាតែ​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ ១០០ ​ភាគរយ និង​ផ្លូវ​រួចរាល់​។ ទោះយ៉ាងណា​វា​នឹងមិន​ឡើង​ខ្ពស់​ទៀត​ទេ ព្រោះ​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​ឡើង​ខ្ពស់​រួចហើយ​»​។

កាលពី​ចុងខែ​កុម្ភៈ ក្រុមហ៊ុន លន ស៊ីធី បាន​បោះទុន​វិនិយោគ​ប្រមាណ​ជាង​ ១០០ ​លាន​ដុល្លារ​ ក្នុង​ការសាងសង់​ទីក្រុង​ថ្មី​មួយ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕ LA