ភ្នំពេញៈ ខណៈការរីករាលដាលវីរុសកូវីដ ១៩ នៅតែបន្ត និងកំពុងគំរាមកំហែងសេដ្ឋកិច្ចជាសកល និងតំបន់ ព្រមទាំងកម្ពុជាគួបផ្សំនឹងការបិទបញ្ចប់អាជីវកម្មល្បែងភ្នាល់អនឡាញនៅកម្ពុជាផងនោះ វិស័យអចលនទ្រព្យ និងសំណង់នៅតាមតំបន់សក្តានុពលជាយដែន ជាពិសេសក្រុងបាវិត ខេត្តស្វាយរៀង ហាក់គ្មានសម្ទុះ ឬសកម្មភាពនៃការទិញលក់ខ្លាំងដូចកាលពីដើមឆ្នាំ ២០១៩ ឡើយនារយៈពេលប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។
បាវិត គឺជាក្រុងមួយនៃខេត្តស្វាយរៀងដែលមានភូមិសាស្ត្រនៅជាប់ព្រំដែនប្រទេសវៀតណាម និងមានវិស័យរីកចម្រើនមួយចំនួនដូចជា កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស។
ក្រុងបាវិតជាច្រកទ្វារអន្តរជាតិដែលមានមនុស្ស និងទំនិញឆ្លងកាត់ច្រើនជារៀងរាល់ថ្ងៃ មុនពេលប្រទេសវៀតណាមសម្រេចបិទមិនឲ្យមានមនុស្សឆ្លងកាត់ចាប់ពីថ្ងៃទី ១៨ ខែមីនា កន្លងមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ដែលមានភូមិកំណើតក្នុងក្រុងបាវិតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅក្រុងបាវិត ស្ទើរតែជាប់គាំងទៅហើយ ពិសេសអចលនទ្រព្យដែលមានតម្លៃខ្ពស់ៗ។ ការធ្លាក់ចុះនាពេលនេះអាចមកពីកត្តាចម្បង ២ គឺការសម្រេចរបស់រដ្ឋាភិបាលក្នុងការបិទមិនឲ្យមានបើកល្បែងភ្នាល់អនឡាញ និងការបិទព្រំដែនដោយសារជំងឺកូវីដ១៩។ លោកបន្តថា ទីផ្សារអចលនទ្រព្យគឺជាប់ទាក់ទងយ៉ាងខ្លាំងជាមួយនឹងសកម្មភាពមនុស្ស ហេតុនេះនៅពេលគ្មានមនុស្សឆ្លងកាត់ និងស្នាក់នៅទីផ្សារក៏ប្រែប្រួលទៅតាមនោះដែរ។
លោកថ្លែងថា៖ «ស្ថានភាពនៅពេលនេះគឺមិនមានសកម្មភាពទិញ លក់អចលនទ្រព្យធំៗមានតម្លៃថ្លៃនោះទេ។ ទីផ្សារអចលនទ្រព្យនៅបាវិតពេលនេះមិនល្អទេ»។
ទោះយ៉ាងណាលោកប្រាប់ថា ការទិញលក់លំនៅឋាន និងដីឡូត៍តូចៗរបស់ប្រជាជនក្នុងស្រុកដែលមានតម្លៃទាបគឺនៅមានសកម្មភាពខ្លះៗដែរ។
ជាមួយនឹងភាពសុទិដ្ឋិនិយម លោក គីម ហ៊ាង បញ្ជាក់ថានៅពេលកូវីដ១៩ អាចគ្រប់គ្រងបានទីផ្សារនេះនឹងងើបឡើងវិញ ប៉ុន្តែវានឹងមិនមានសម្ទុះខ្លាំងដូចពេលមានកាស៊ីណូអនឡាញបើកដំណើរការទេ។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ថា តាមពិតទៅទីផ្សារអចលនទ្រព្យនៅក្រុងបាវិតបានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ចាប់តាំងពីពេលដែលរដ្ឋាភិបាលចេញសារាចរណែនាំឲ្យបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់អនឡាញកាលពីអំឡុងខែសីហា ឆ្នាំ ២០១៩ មកម្ល៉េះ។ លោកបន្តថា ភាពស្ងប់ស្ងាត់បានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្រុងបាវិតនាពេលនេះ ធ្លាក់ចុះប្រមាណពី ២០-៣០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
លោកបន្ថែមថា ទោះជាយ៉ាងណាការធ្លាក់ចុះនៅពេលនេះ វានឹងមានសម្ទុះឡើងវិញ នៅពេលដែលជំងឺកូវីដ១៩ ចុះថយឥទ្ធិពលវិញ។ លោកនិយាយថា៖ «ដោយសារតែកម្ពុជាជាប្រទេសស្ថិតនៅចំកណ្តាលនៃការតភ្ជាប់តំបន់អាស៊ាន ហើយបាវិតជាចំណុចឆ្លងកាត់ព្រំដែនដ៏សំខាន់នោះ ខ្ញុំមានជំនឿថា វិស័យអចលនទ្រព្យនៅទីនោះនឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ»។
លោកប្រាប់ទៀតថា ស្ថិរភាពនយោបាយ ភាពល្អប្រសើរនៃគោលនយោបាយវិនិយោគ ភាពសម្បូរបែបនៃកម្លាំងពលកម្មវ័យក្មេង និងជំនាញនឹងធ្វើឲ្យវិនិយោគិនបរទេសកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ហើយនៅពេលនោះវិស័យអចលនទ្រព្យនឹងមានភាពរីកចម្រើនខ្លាំងទៅតាមនោះដែរ។
រដ្ឋាភិបាលកាលពីដើមឆ្នាំ ២០២០ នេះបានសម្រេចបិទការប្រកបអាជីវកម្មល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទនៅកម្ពុជាក្រោមហេតុផលដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ដោយមិនពឹងលើអាជីវកម្មល្បែងភ្នាល់អនឡាញដែលនឹងអាចនាំប្រទេសឲ្យក្លាយជាជនរងគ្រោះទាក់ទងនឹងសន្ដិសុខជាតិ និងជាកន្លែងលាងលុយកខ្វក់។
យោងតាមលោក គីម ហ៊ាង នៅពេលទីផ្សារមានភាពល្អប្រសើរ ដីនៅក្នុងតំបន់ពាណិជ្ជកម្មល្អបំផុតក្នុងក្រុងបាវិតមានតម្លៃក្នុងរង្វង់ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកតំបន់លំនៅឋានមានតម្លៃក្នុងរង្វង់ ១៥០ ដុល្លារ៕ LA