ក្រុងហ្សាការតាៈ ទីផ្សារអចលនទ្រព្យក្នុងប្រទេសឥណ្ឌូនេស៊ីមិនទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាទេ ប៉ុន្តែតម្លៃនៃភាគហ៊ុនអចលនទ្រព្យនៅផ្សារហ៊ុនក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។
ការសិក្សាមួយបានបង្ហាញថា ទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ីមិនបានរងផលប៉ះពាល់ដោយការរីករាលដាលវីរុសកូរ៉ូណាថ្មីទេ ខណៈការលក់អចលនទ្រព្យរបស់ប្រទេសនេះពឹងផ្អែកកាន់តែតិចទៅៗចំពោះអ្នកទិញជាជនបរទេស។
វិស័យអចលនទ្រព្យប្រទេសឥណ្ឌូនេស៊ី គឺផ្តោតលើអតិថិជនក្នុងស្រុកជាមូលដ្ឋានស្ទើរតែទាំងស្រុង។ នេះបើយោងតាមរបាយការណ៍ខែកុម្ភៈរបស់ក្រុមហ៊ុន Savills World Research Indonesia។
របាយការណ៍បានឲ្យដឹងថា៖ «ដោយសារជនបរទេសមានចំនួនតិចតួចបំផុតក្នុងទីផ្សារអចលនទ្រព្យប្រទេសឥណ្ឌូនេស៊ី ហេតុនេះការដកខ្លួនចេញរបស់ក្រុមវិនិយោគិនចិនដោយសារផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងវីរុសកូវីដ ១៩ នឹងមានតិចតួចបំផុត»។
របាយការណ៍នេះបានចង្អុលទៅគោលនយោបាយប្រទេសឥណ្ឌូនេស៊ីថា ការរឹតបន្តឹងលើសិទ្ធិកាន់កាប់អចលនទ្រព្យពីសំណាក់ជនបរទេសនៅឥណ្ឌូនេស៊ីគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលរួមចំណែកដល់វិស័យអចលនទ្រព្យដែលគ្របដណ្ដប់ដោយវិនិយោគិនក្នុងស្រុករបស់ប្រទេសនេះ។
របាយការណ៍នេះបានឲ្យដឹងទៀតថា៖ «តាមច្បាប់មានតែជនបរទេសដែលមានទិដ្ឋាការការងារមានសុពលភាពប៉ុណ្ណោះទើបមានសិទ្ធិក្នុងការកាន់កាប់លំនៅឋាន (មានសិទ្ធិប្រើប្រាស់លើសិទ្ធិក្នុងការប្រើប្រាស់ កម្មសិទ្ធិដីធ្លី)»។
ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេសត្រូវបានដាក់ឲ្យស្ថិតក្រោមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលលេខ ១០៣/២០១៥ និងបទប្បញ្ញត្តិក្រសួងកសិកម្មលេខ ១៣/២០១៦។ ស្ថិតក្រោមបទប្បញ្ញត្តិនេះ ជនបរទេសអាចទិញលំនៅឋានជាប់ដីក្នុងតម្លៃ ១០ ពាន់លានរូបពៀ (៦៩៥ ០០០ ដុល្លារអាមេរិក) និង ៥ ពាន់លានរូបពៀសម្រាប់អាផាតមិន។
លោក Ishak Chandra ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន PT Perintis Triniti Pro-perti Tbk បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងការពិភាក្សាមួយស្ដីពីផលប៉ះពាល់ដោយសារតែវីរុសកូរ៉ូណាលើឧស្សាហកម្មអចលនទ្រព្យកាលពីថ្ងៃទី ៥ ខែកុម្ភៈថាក្រុមហ៊ុនលោកមិនបានមើលឃើញការលក់ធ្លាក់ចុះនោះទេ។
លោកនិយាយថា៖ «ការលក់របស់យើងកាលពីខែកុម្ភៈគឺមានកម្រិតខ្ពស់បំផុត»។ លោកកត់សម្គាល់ថា ចន្លោះថ្ងៃទី ២១ ខែកុម្ភៈដល់ថ្ងៃទី ២៣ ខែកុម្ភៈ នៅក្នុងអំឡុងការតាំងពិព័រណ៍ BCA Expoversary ក្រុមហ៊ុននេះលក់បានចំនួន ៣០ យូនីតជាមួយនឹងប្រាក់ចំណូលសរុប ១,៦ លានដុល្លារ។
ក្រុមហ៊ុននេះសង្ឃឹមថានឹងសម្រេចបានចន្លោះពី ៥៥,៦ លានដុល្លារទៅ ៦២,៥ លានដុល្លារនៅក្នុងទីផ្សារលក់ក្នុងឆ្នាំ ២០២០ តាមរយៈគម្រោងរបស់ខ្លួននៅទីក្រុង Tangerang និងទីក្រុង Batam កើនឡើងពី ៣៦ លានដុល្លារកាលពីឆ្នាំ ២០១៩។
លោក Ishak ក៏បានទទួលស្គាល់ថា ផលប៉ះពាល់របស់វីរុសកូរ៉ូណាលើវិស័យអចលនទ្រព្យមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ណាដែលលក់អចលនទ្រព្យទៅដល់ជនបរទេស។ ទោះយ៉ាងណាសម្រាប់ក្រុមហ៊ុនលោកដោយមានក្រុមអ្នកទិញជាជនបរទេសពី ១០ ទៅ ១៥ ភាគរយ លោកមិនបានមើលឃើញផលប៉ះពាល់ណាមួយនោះទេ។
លោកបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានជាលាយលក្ខណ៍អក្សរថា៖ «រយៈពេល ៤ ឆ្នាំចុងក្រោយនេះមិនមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រទេសឥណ្ឌូនេស៊ីណាមួយនោះទេ ប៉ុន្តែក្រុមហ៊ុន Triniti Land អាចសម្រេចបានតាមទិសដៅកំណត់ការលក់របស់ក្រុមហ៊ុន»។
ទោះបីជាមិនត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងដោយការរីករាលដាលវីរុសនេះក៏ដោយ ក៏ក្រុមហ៊ុនអចលនទ្រព្យ និងវិស័យអចលនទ្រព្យទាំងមូលមិនបានប្រតិបត្តិការល្អប្រសើរលើផ្សារហ៊ុននោះទេ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PT Perintis Triniti Properti Tbk ដែលបានចុះបញ្ជីនៅផ្សារហ៊ុនឥណ្ឌូនេស៊ី (IDX) ស្ថិតក្រោមកូដ TRIN បានធ្លាក់ចុះ ១១,៧៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ។
សន្ទស្សន៍ក្រុមហ៊ុន IDX Property បានធ្លាក់ចុះ ៥,៤៥ ភាគរយមកនៅ ៣៩៩,១០ កាលពីថ្ងៃចន្ទដោយសារការធ្លាក់ចុះយ៉ាងខ្លាំងក្នុងតម្លៃភាគហ៊ុនភាគច្រើនបំផុតលើ IDX កាលពីថ្ងៃសុក្រ។ សន្ទស្សន៍អចលនទ្រព្យបានធ្លាក់ ២០ ភាគរយនៅឆ្នាំនេះ៕ ANN /LA