The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​អចលន​ទ្រព្យ វៀតណាម ​មាន​ឱកាស​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

ទីផ្សារ​អចលន​ទ្រព្យ វៀតណាម ​មាន​ឱកាស​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

Content image - Phnom Penh Post
https://batdongsan.com.vn

ទីផ្សារ​អចលន​ទ្រព្យ វៀតណាម ​មាន​ឱកាស​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

ក្រុង​ហាណូយៈ សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​​​ ចិន​ នឹង​បង្កើត​ឱកាស​ច្រើន​​ជាង​បញ្ហា​ប្រឈម​សម្រាប់​ទីផ្សារ​អចលន​ទ្រព្យ​របស់​​វៀត​ណាម​។ នេះ​បើ​យោង​តាម​​​ក្រុម​អ្នក​ជំនាញ​​។

ក្នុង​កិច្ច​ប្រជុំ​កំពូល​អចលន​ទ្រព្យ​វៀត​ណាម​ (VRES)​ នៅ​ទីក្រុង​​ហាណូយ ​​នៅ​ពាក់​កណ្តាល​ខែ​នេះ រៀបចំ​ឡើង​ដោយ​​គេហទំព័រ​ batdongsan.com.vn ដែល​ជា​អចលន​ទ្រព្យ​ឈាន​មុខ​​គេ​របស់​​​វៀតណាម សេដ្ឋវិទូ Can Van Luc ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជ​កម្ម​នឹង​ជំរុញ​​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​​មូលដ្ឋាន​​​ផលិត​កម្ម​ ហើយ​​វៀត​ណាម​ស្ថិត​ក្នុង​ចំណោម​ទិសដៅ​ឈាន​មុខ​គេ​ដែល​​ទទួល​បាន​ប្រយោជន៍​ពី​ជម្លោះ​នេះ។​

លោក Luc ​​លើក​ឡើង​ពី​លទ្ធផល​ស្ទង់មតិ​របស់​សភា​ពាណិជ្ជ​កម្ម​អាមេរិក​​ដែល​បាន​ឲ្យ​ដឹង​ថា ១ ​ភាគ ៣ ​នៃ​​ក្រុមហ៊ុន​អាមេរិក​​​នៅ​ក្នុង​ប្រទេស ចិន ​​បាន​ផ្លាស់​​ប្តូរ​ឬ​បាន​រៀប​ផែនការ​​​ផ្លាស់​ប្ដូរ​ផ្នែក​ជា​ច្រើន​នៃ​រោងចក្រ​​ផលិត​របស់​ពួកគេ​ទៅ​​ប្រទេស​ផ្សេង​ៗ​។​

លោក​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​នេះ​នឹង​បង្កើន​តម្រូវ​ការ​​ដី​សម្រាប់​ឧស្សាហ​កម្ម និង​​​លំនៅឋាន​​សម្រាប់​កម្មករ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀត​។

លោក​ Luc បញ្ជាក់​ថា ក្រុម​វិនិយោគិន​​កំពុង​កែ​សម្រួល​​ផល​បត្រ​វិនិយោគ​របស់​ខ្លួន​ ដោយ​សារ​ការ​បារម្ភ​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​ចេញ​ពី​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជ​កម្ម​នេះ​។ លោក​​បន្ថែម​ថា ពួកគេ​អាច​ពិចារណា​ការ​បង្កើន​ការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​អចលន​ទ្រព្យ​ គម្រោង​អចលន​ទ្រព្យ និង​វិស័យ​លក់រាយ​នៅ​​វៀតណាម​​តាមរយៈ​​កិច្ច​ព្រមព្រៀង​​ច្របាច់​បញ្ចូល​គ្នា​ និង​​​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន (M&A)​ នានា។​

លោក​ Luc បាន​កត់​សម្គាល់​ថា វៀតណាម ​គឺជា​​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​តែ​មួយ​គត់​ ដែល​​មិន​បាន​មើល​ឃើញ​ការ​ធ្លាក់ចុះ​​​​ការ​វិនិយោគ​​ផ្ទាល់​ពី​បរទេស​​​។​

លោក Nguyen Quoc Anh អគ្គនាយក​​រង​គេហទំព័រ batdongsan.com.vn ថ្លែង​ថា ទី​​ផ្សារ​អចលន​ទ្រព្យ​នៅ​តំបន់​ភាគ​ខាង​ជើង​ ជា​ពិសេស​​នៅ​តាម​បណ្ដា​ខេត្ត​ជិត​ខាង​​​នៃ​ទីក្រុង​​ហាណូយ​ ដែល​មាន​ចំនួន​​តំបន់​ឧស្សាហ​កម្ម​ជា​ច្រើន​ដូច​ជា​សួន​ឧស្សាហ​កម្ម Vinh Phuc សួន Bac Ninh សួន​ Bac Giang និង​សួន​ Ha Nam នឹង​មាន​ភាព​​ខ្លាំង​។​

ក្រុម​​អ្នក​ជំនាញ​​​ក្នុង​សន្និសីទ​នេះ​ ​មាន​សុទិដិ្ឋនិយម​ចំពោះ​​ការ​អភិវឌ្ឍ​​​ទីផ្សារ​អចលន​ទ្រព្យ​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​ក្រោយ​។​

លោក​ Quoc Anh បាន​ព្យាករ​ថា ទីផ្សារ​អចលន​ទ្រព្យ នឹង​បន្ត​ការ អភិវឌ្ឍ​​ប្រកប​ដោយ​ស្ថិរភាព​របស់​ខ្លួន​​​ក្នុង​ឆ្នាំ ២០១៩ ដែល​បាន​ជំរុញ​ដោយ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​។​

លោក​បាន​​ឲ្យ​ដឹង​ថា ទោះ​បី​ជា​តម្លៃ​ដី​មាន​សកម្មភាព​មិន​សូវ​ល្អ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​រំពឹង​ថា ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​រដ្ឋបាល​ពិសេស​ក្តី ក៏​​ទីផ្សារ​បាន​វិល​ត្រឡប់​ទៅ​រក​ស្ថិរភាព​វិញ​ហើយ​។​ លោក​បន្ថែម​ថា​ វិស័យ​អាផាត​មិន​តម្លៃ​មធ្យម នឹង​បន្ត​នាំ​មុខ​ទីផ្សារ​។​

លោក Anh ​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា នឹង​ជា​និន្នាការ​អភិឌ្ឍន៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយ​សារ​តែ​​​លំនៅ​ឋាន​កាន់​តែ​មាន​ភាព​ពេញ​និយម​ ហើយ​​​ក្រុម​វិនិយោគិន​បង្កើន​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​​​គម្រោង​​​​ទីផ្សារ​របស់​ពួក​គេ​។​

ស្ថិតិ​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលន​ទ្រព្យ​ CBRE បង្ហាញ​ថា អាផាតមិន​សរុប ៦៥ ០០០ ត្រូវ​បាន​ដាក់​លក់​​ក្នុង​ទីផ្សារ​នៅ​ទីក្រុង​ហាណូយ និង​​ហូជីមិញ​​ក្នុង​ឆ្នាំ ២០១៨ ហើយ​ប្រហែល​ជា ២ ​ភាគ ៣ ត្រូវ​បាន​លក់​ចេញ៕ ANN/LA

អត្ថបទគួរចាប់អារម្មណ៍